លោកហ៊ុន ម៉ាណែត ៖ ប្រទេស​រឹង​មាំ​គឺ​ផ្អែក​លើ​វិស័យ​ការពារ​ជាតិ​ខ្លាំង ហើយ​​​​វិស័យ​ការពារ​ជាតិ​ខ្លាំង គឺ​ដោយសារ​កងទ័ព​ខ្លាំង


ខេត្តកំពង់ស្ពឺ​ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​លើក​ឡើង​ថា ប្រទេស​ជាតិ​រឹង​មាំ​គឺ​ផ្អែក​ទៅ​លើ​វិស័យ​ការពារ​ជាតិ​ខ្លាំង ហើយ​វិស័យ​ការពារ​ជាតិ​ខ្លាំង គឺ​ដោយសារ​កងទ័ព​យើង​ខ្លាំង​។ នាយទាហាន​ជំនាន់​មុន​បាន​បន្សល់​ទុក​នូវ​ស្នាដៃ​ការពារ​ជាតិ ដើម្បី​បុព្វហេតុ​ជាតិ មក​ដល់​យើង​សព្វ​ថ្ងៃនេះ ដូច្នេះ​យើង​ត្រូវ​បន្ត​ថែរក្សា​នូវ​កេរ​មរតក​នេះ​ទៅ​មុខ​ទៀត ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ស្មារតី ឆន្ទៈ បទ​ពិសោធន៍ ហើយ​បូក​ផ្សំ​ជាមួយ​និង​សមត្ថភាព​ជាក់ស្តែង​។

ការ​លើក​ឡើង​បែប​នេះ ខណៈ​លោក​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​យោធា​ចា​រ្យ​ជំនាន់​ទី​២ បំពេញ​ក្របខ័ណ្ឌ​ឲ្យ​សាលា​ពល​ទាហាន​ចំណុះ​យោធភូមិ​ភាគ ឆ្នាំ​២០២០ មូលដ្ឋាន​កង​យោធពលខេមរភូមិន្ទ​តេ​ជោ​សែន ភ្នំ​ធំ​ម្រះព្រៅ នា​ព្រឹក ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០​។

លោក​បាន​បន្ថែម​ថា ការ​ហ្វឹកហ្វឺន​ពល​ទាហាន​ឱ្យ​មាន​មូលដ្ឋាន​គ្រឹះ​ច្បាស់លាស់ គឺជា​កត្តា​សំខាន់​បំផុត​ដែល​ធ្វើ​ឱ្យ​កងទ័ព​របស់​យើង​ខ្លាំង​ហើយ​អាច​ការពារ​ជាតិ​មាតុភូមិ​របស់​យើង​បាន​យូរអង្វែង​ទៅ​មុខ​ទៀត​។ ការ​ហ្វឹកហ្វឺន​ត្រូវ​ផ្អែក​លើ​កត្តា​ពីរ ទី​មួយ​គឺ​ស្មារតី​ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ទី​ពីរ​គឺ​កត្តា​សមត្ថភាព​ដោយ​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង​។ នេះ​ហើយ​ជា​ស្មារតី​ជាតិនិយម ដើម្បី​បង្កើន​នូវ​ភាព​ជឿ​ទុកចិត្ត​លើ​ខ្លួនឯង​នៅ​ក្នុង​ការ​ធានា​ម្ចាស់​ការ​លើ​អនាគត​របស់​យើង​។

លោក​បាន​បញ្ជាក់​ថា យោធា​ចា​រ្យ​មាន​តួនាទី​សំខាន់​ណាស់​។ អាជីព​ជា​យោធា​ចា​រ្យ មាន​លក្ខណៈ​ពិសេស​ពីរ ទី​មួយ​គឺ​យើង​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​បម្រើ​ជាតិ​តាម​រយៈ​ការ​បង្រៀន​ពល​ទាហាន​របស់​យើង​ឱ្យ​មាន​មូលដ្ឋាន​ក្នុង​ការ​ការពារ​ខ្លួន ក៏​ដូច​ជា​ការពារ​អង្គភាព ធានា​បាន​នូវ​ជោគជ័យ​ក្នុង​ការ​បំពេញភារកិច្ច ដែល​ជា​មោ​ទ​ភាព​ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ជាតិ​តាម​រយៈ​ការ​បណ្តុះបណ្តាល​នូវ​វីរជន​ឆ្នើម​ៗ ទី​ពីរ​គឺ​យោធា​ចា​រ្យ​ទទួល​បាន​នូវ​កិត្តិយស​មហាសាល​ដែល​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​សិស្ស​គ្រប់​រូប ក្នុង​នាម​ជា​អ្នក​មានគុណ​ដែល​បាន​ផ្តល់​នូវ​ចំណេះដឹង​ដល់​ពួក​គេ​។

លោក​ហ៊ុន ម៉ា​ណែ​ត ​បាន​លើក​បង្ហាញ ដល់​សិក្ខាកាម និង​យោធា​ចា​រ្យ ឱ្យ​យល់​អំពី​តម្លៃ​នៃ​អាជីព​មួយ​នេះ ហើយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ហ្វឹកហ្វឺន និង​ចេញ​ទៅ​បំពេញភារកិច្ច​បង្រៀន​នៅ​តាម​បណ្តា​សាលា ប្រកបដោយ​ឆន្ទៈ និង​មនសិកា​ខ្ពស់​ចេញពី​បេះដូង​។ លោក​បាន​បន្ត​ថា​សូម​យល់​ផង​ដែរ​អំពី​អត្ថប្រយោជន៍​នៃ​អាជីព​មួយ​នេះ តាម​រយៈ​ការ​ចោទសួរ​ថា តើ​យើង​បាន​បន្សល់​ទុក​អ្វីខ្លះ​ជូន​កងទ័ព​យើង​បន្ទាប់​ពី​ការ​ចូល​និវត្តន៍​ទៅ គឺ​យោធា​ចា​រ្យ​ម្នាក់​អាច​បន្សល់​ទុក​នូវ​យោធិន​រាប់​ពាន់​នាក់​ដែល​យើង​បាន​ចូលរួម​បណ្តុះបណ្តាល រួម​ទាំង​ការ​បន្សល់​ទុក​នូវ​ប្រព័ន្ធ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​អប់រំ​កងទ័ព បន្ត​ទុក​ឱ្យ​កូនចៅ​យើង​ជំនាន់​ក្រោយ​ៗ​ទៀត​។ ដូច្នេះ​ហើយ​ឱកាស​ជា​យោធា​ចា​រ្យ​នេះ គឺជា​ឱកាស​ពិសេស​មួយ​ដែល​សិក្ខាកាម​យើង​អាច​ចូលរួម​ក្នុង​ការ​កសាង​សមិទ្ធិ​ផល​សម្រាប់​កងទ័ព​តាម​រយៈ​ការ​កសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​ថ្លែង​អរគុណ​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ​, អង្គភាព​-​ស្ថាប័ន​ពាក់ព័ន្ធ​, គណៈ​គ្រប់គ្រង​វគ្គ​, យោធា​ចា​រ្យ ក៏​ដូច​ជា​នាយទាហាន​, នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​នៃ​កងពលតូច​លេខ​៧០ ដែល​បាន​ដែល​បាន​សហការ​ជួយ​រៀបចំ និង​បង្ក​លក្ខណៈ​ឱ្យ​ការ​ហ្វឹកហ្វឺន​នេះ​ដំណើរការ​បាន​ល្អ​ប្រសើរ និង​សូម​អរគុណ​ដល់​បេក្ខជន​យោធា​ចា​រ្យ​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត និង​សកម្ម​យកចិត្តទុកដាក់​ចូលរួម​នៅ​ក្នុង​ការ​ហ្វឹកហ្វឺន​នេះ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ