បុរស​ម្នាក់​សុទ្ធចិត្ត​ឈប់​ធ្វើការ​ដែល​មាន​ប្រាក់ខែ​៣​ពាន់​ដុល្លារ​មក​ចិញ្ចឹម​កង្កែប


រាជធានី​ភ្នំពេញ ៖ មាន​ប្រាក់ខែ​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ហើយ​ងាក​មក​ចិញ្ចឹម​ប​ង្កែ​ប ស្តាប់​ទៅ​ទំនង​គួរ​ឲ្យ​ឆ្ងល់​បន្តិច ហើយ​អាច​មាន​អ្នកខ្លះ​អាច​នឹង​ហួសចិត្ត​ផង ចំពោះ​ការ​សម្រេចចិត្ត​របស់​បុរស​ម្នាក់​នេះ ។ ប៉ុន្តែ​សម្រាប់ លោក រី វុ​ទ្ធី ដែល​បាន​ចាប់​មុខរបរ​ចិញ្ចឹម​កង្កែប​នេះ គាត់​អាច​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​ដោយ​ស្រួល​ជាមួយ​ការងារ​នៅ​នឹង​ផ្ទះ​ខ្លួនឯង​នេះ ។

លោក​បាន​និយាយ​ដោយ​មោទនភាព​ថា គ្មាន​ការងារ​អ្វី​ដែល​ប្រសើរ​ជាង​មុខរបរ​ខ្លួនឯង​នោះ​ទេ ។ រកស៊ី​ខ្លួនឯង​មាន​ពេលវេលា​ឯករាជ្យ​សម្រាប់​គ្រួសារ​ច្រើន​ខុស​ពី​ការ​ដែល​ធ្វើការ​ឲ្យ​គេ ។

លោក រី វុ​ទ្ធី ជា​ជា​ម្ចាស់​កសិដ្ឋាន​មួយ​នៅ ក្នុងភូមិ​ដុំ ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ លោក​បា​នប​ព្ចា​ប់​ការ​សិក្សា​ជំនាញ​បច្ចេកវិទ្យា​ព​ត៌​មាន (IT) កាលពី​ឆ្នាំ​២០១២ បន្ទាប់​មក​គាត់​បាន​ទៅ​ធ្វើ​ការងារ​បច្ចេកទេស​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​នៅ​ក្នុង​ប្រទេស​ថៃ​ជាង​៦​ឆ្នាំ ។

ការងារ​នៅ​ប្រទេស​ថៃ​នោះ លោក រី វុ​ទ្ធី ទទួល​បាន​ប្រាក់បៀវត្ស​ប្រមាណ​៣​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦ គាត់​បាន​វិល​មក​ប្រទេស​កំណើត​វិញ ។ នៅ​កម្ពុជា​គាត់​ក៏​អាច​រក​ការងារ​ធ្វើ​ដែល​មាន​ប្រាក់ខែ​មិន​តិច​ជាង​១​ពាន់​ដុល្លារ​នោះ​ដែរ តាម​បទ​ពិសោធន៍​របស់​លោក ។ តែ​គាត់​សម្រេចចិត្ត​មិន​ធ្វើ​ឲ្យ​ការ​ឲ្យ​គេ​ទៀត​ឡើយ គាត់​បាន​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង​នោះ គឺ​របរ​ចិញ្ចឹម​កប​ង្កែ​ប ។ «​ខ្ញុំ​សម្រេចចិត្ត​មិន​ទៅ​ធ្វើ​នៅ​ប្រទេស​ថៃ ព្រោះ​ចង់​មើលថែ​គ្រួសារ​ក្រោយ​ខ្ញុំ​បាន​រៀប​អាពាហ៍ពិពាហ៍​រួច ។ ខ្ញុំ​អាច​រក​ការងារ​ធ្វើ​ស្រុក​ខ្មែរ តែ​ខ្ញុំ​សម្រេចចិត្ត​ឈប់​ធ្វើការ​ឲ្យ​គេ​ទៀត​ហើយ ព្រោះ​ធ្វើការ​ឲ្យ​គេ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​គ្រួសារ និង​មិន​មាន​ចំណូល​ទៀងទាត់​នៅ​ថ្ងៃ​អនាគត ។ មាន​តែ​ការងារ​ខ្លួនឯង​ទេ ទើប​ធ្វើ​ឲ្យ​យើង​ឯករាជ្យ ពេលវេលា​និង​ចំណូល​ទៀត​ទាត់​» លោក វុ​ទ្ធី បាន​បញ្ជាក់ ។

តាម​ពិត លោក រី វុ​ទ្ធី បាន​ផ្តើម​ចិញ្ចឹម​កង្កែប​តាំងពី​ឆ្នាំ​២០១៦ ប៉ុន្តែ​គ្រាន់តែ​លោក​មិន​បាន​ធ្វើ​ការងារ​នេះ​ដោយ​ផ្ទាល់​និង​ជាប់លាប់​។ ពី​ដំបូង​លោក​បាន​ប្រគល់​កិច្ចការ​នេះ​ឲ្យ​បងប្អូន​អ្នក​មើលថែ ហើយ​លោក​ឡើង​ចុះ​ភ្នំពេញ បាងកក​ដើម្បី​ធ្វើការ​ឲ្យ​គេ​នៅ​ប្រទេស​ថៃ ។ នៅ​ឆ្នាំ​២០១៩​លោក​បាន​ផ្តើម​ពង្រីក​កសិដ្ឋាន​ចិញ្ចឹម​កប​ង្កែ​ប ដោយ​ភ្ញាស់​កូន​កប​ង្កែ​បលក់​ផង ចិញ្ចឹម​យក​សាច់​លក់​ផង ។

ជា​លទ្ធផល​នៅ​ពេល​នេះ ក្នុង​មួយ​ឆ្នាំ​ៗ​លោក រី វុ​ទ្ធី បាន​លក់​កង្កែប​ទៅ​ផ្សារ​មិន​តិច​ជាង​១០​តោន​ឡើយ ។ ចំណែក​កូន​កង្កែប​របស់​គាត់​ច្រើន​រយ​ក្បាល​ត្រូវ​គេ​ទិញ​យក​ទៅ​ចិញ្ចឹម​ក្នុង​មួយ​ថ្ងៃ ។

លោក រី វុ​ទ្ធី ដែល​មាន​អាយុ​៣៤​ឆ្នាំ បា​និយាយ​ថា ជា​មធ្យម​ការ​ចិញ្ចឹម​កប​ង្កែ​បយក​សាច់​លក់ គឺ​ប្រើ​ពេល​តែ​បី​ខែ​ប៉ុណ្ណោះ​។ ក្នុង​រយៈពេល​បី​ខែ​នេះ លោក​លក់​កង្កែប​បាន​មិន​តិ​ជាង​៣​តោន​ឡើយ​។ ក្នុង​មួយ​ឆ្នាំ​គាត់​ចិញ្ចឹម​កង្កែប​បាន​ពី​បី​ទៅ​បួន​ដង ។ លោក​រី វុ​ទ្ធី ឲ្យ​ដឹង​បន្ថែម​ថា​ជំងឺ​កូវ​ដ​១៩ ដែល​ធ្វើ​ឲ្យ​វិស័យ​នានា​ប៉ះពាល់​ខ្លាំង ប៉ុន្តែ​បើជា​ឱកាសល្អ​សម្រាប់​ការ​ចិញ្ចឹម​កង្កែប​វិញ​។ «​រាល់​ថ្ងៃនេះ មាន​ពលរដ្ឋ​ច្រើន​ណាស់​បាន​ងាក​មក​ចិញ្ចឹម​កង្កែប ដោយសារ​គាត់​មិន​អាច​ទៅ​ណា​ធ្វើ​កិច្ចការ​អ្វី​កើត ម្យ៉ាងទៀត​កង្កែប​នាំ​ចូល​ក៍បាន​កាត់​បន្ថយ ទើប​ធ្វើ​ឲ្យ​ការ​ចិញ្ចឹម​ក្នុងស្រុក​មាន​សន្ទុះ​ឡើង ហើយ​អ្នក​ចិញ្ចឹម​អាច​រក​ផល​ចំណេញ​បាន​គួរសម​» ។

បច្ចុប្បន្ន​ប​ង្កែ​ប​យ​សាច់ លក់​បាន​១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​ហើយ​កូន​កង្កែប​លក់​បាន​៥០០​រៀល​ក្នុង​មួយ​ក្បាល​។ ម្ចាស់​កសិក​ដ្ឋា​ន​ដែល​មានឈ្មោះ​ថា មាគ៌ា​ជលសា​រលោក រី វុ​ទ្ធី ពោល​ទាំង​ស្នាមញញឹម​ថា «​ជា​ធ​ម្យ​ម​ខ្ញុំ​អាច​រក​ផល​ចំណេញ​ពី​២០​ទៅ​៤០% នៃ​ចំណូល​ដែល​ទទួល​បាន​នោះ​» ។

របៀប​ចិញ្ចឹម​មាន​ច្រើន​វិធី មានការ​ចិញ្ចឹម​ក្នុង​ទឹក​និង​លើគោក ដូច​ជា​ចិញ្ចឹម​ក្នុង​ស្រះ ចិញ្ចឹម​ក្នុង​កង់​ឡាន និង​ក្នុង​តង់​កៅស៊ូ​ជាដើម​។ ចំណែក​ចំណី​របស់​កង្កែប​គឺ​មាន​ចំណី​ដែល​គេ​ផលិត​និង​ចំណី​ធម្មជាតិ​។ លោក​រី វុ​ទ្ធី បាន​និយាយ​ថា​ការ​ចិញ្ចឹម​កង្កែប​មិន​លំបាក​លើ​ការ​ប្រើ​កម្លាំង​នោះ​ទេ ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ពេលវេលា​មើលថែ បន្តិច​។

អ្នក​ចិញ្ចឹម​កង្កែប​ដែល​កំពុង​ទទួល​បាន​ផល​រូប​នេះ បញ្ជាក់​ថា ការ​ចិញ្ចឹម​ប​ង្កែ​ប​នៅ​កម្ពុជា មានការ​ចំណាយ​ដើមទុន​ច្រើន​ជាង​ការ​ចិញ្ចឹម​នៅ​ក្នុង​ប្រទេស​ថៃ​និង​វៀតណាម ដោយសារ​ប្រទេស​ទាំង​ពីរ​គេ​អាច​ផលិត​ចំណី​បាន​ដោយ​ខ្លួនឯង​ចំណេ​ក​កសិករ​ខ្មែរ​ទិញ​ចំណី​ប​ង្កែ​ប​ពី​ប្រទេស​គេ​មក​ប្រកប​របរ​នេះ​។ សាច់​កង្កែប​របស់​ប្រទេស​វៀត​អាច​លក់​ថោក​ជា​កង្កែប​ចិញ្ចឹម​ក្នុងស្រុក​ដែរ​។ និយាយ​មក​ដល់​ចំនុច​នេះ លោក​រី វុ​ទ្ធី បាន​សំណូមពរ​ដល់​អាជ្ញាធរ​កម្ពុជា​ធ្វើ​យ៉ាងណា​ទប់​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​នាំ​ចូល​កង្កែប​ពី​បរទេស​មក​ចូល​ទីផ្សារ​កម្ពុជា ដើម្បី​ជា​លើកទឹកចិត្ត​ដល់​ការ​ចិញ្ចឹម​ក្នុងស្រុក​។ ពីព្រោះ​ថា​ក្នុង​ពេល​ប​ង្កែ​ប​ក្នុងស្រុក​លក់​បាន​១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម កង្កែប​វៀតណាម​គេ​លក់​តែ​៦​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​កី​ឡូ​ក្រាម​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ