តើ​ត្រូវ​ត្រៀម និង​សហការ​គ្នា​បែប​ណា នៅ​ពេល​អ្នក​ដើរ​ភ្នំ​ជា​ក្រុម ?


រាជធានី​ភ្នំពេញ ៖ ការ​ដើរ​ព្រៃ​ត្រូវ​បាន​លើក​ឡើង​ថា គឺជា​ការ​បញ្ជ្រាប​ខ្លួន​ទៅ​នឹង​ធម្មជាតិ​ឱ្យ​ចេះ​ស្រឡាញ់ ថែរក្សា និង​អភិរក្ស ដូចនេះ​នៅ​ពេល​ដែល​មនុស្ស​យល់​ដឹង និង​ស្រឡាញ់​ធម្មជាតិ​ហើយ​ពួក​គេ​នឹង​ចូលរួម​ថែរក្សា​វា ។

ប្រាកដ​ណាស់​ការ​ធ្វើ​ដំណើរ​ជា​ក្រុម គឺ​ទាមទារ​ឲ្យ​មានការ​យល់​គ្នា​ច្បាស់​បែងចែក​នូវ​អ្វី​ដែល​ម្នាក់​ៗ​ត្រូវ​យក​តាម​ខ្លួន ដើម្បី​សម្រាល​បន្ទុក​នៃ​ការ​ស្ពាយ​ឥ​វ៉ា​ន់​ឡើង​ភ្នំ​សម្រាប់​ដំណើរ​កម្សាន្ត ។

អ្នក​ឈ្លក់​វ​ង្វែ​ង​ក្នុង​ការ​ដើរ​ឡើង​ភ្នំ​ជា​ក្រុម កញ្ញា ទូ​ស សោភ័ណ ជា​អ្នកឯកទេស​យេ​ន​ឌ័​រ និង ការ​អភិវឌ្ឍន៍​សង្គម​បាន​លើក​ឡើង​ថា «​ការ​ដើរ​ព្រៃ ពង្រឹង​នូវ​ចំណង​មិត្ត និង​ការ​ចែករំលែក បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​កាន់តែ​ឱ្យ​មនុស្ស​ស្គាល់​អំពី​បរិស្ថាន ធម្មជាតិ និង​ព្រៃ​ភ្នំ​បឹងបួរ កាន់តែ​ខ្លាំង ។

នា​ពេល​បច្ចុប្បន្ន ប្រជាជន​ជា​ច្រើន​ងាក​មក​ចាប់អារម្មណ៍​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្នុង​ព្រៃ ដែល​ជា​ធម្មតា ពេល​ពួក​គេ​ធ្វើ​ដំណើរ គឺជា​ក្រុម ៥ ទៅ ១០ នាក់​យ៉ាងតិច ហើយ​ខ្លះ​ទៀត​ដើរ​កម្សាន្ត​ជា​លក្ខណៈ​បោះ​តង់​គេង​ក្នុង​ព្រៃ​ដែរ និង​ជា​ធម្មតា​អាច​ចំណាយពេល​ពី ៣​ថ្ងៃ​ឡើង​ទៅ​» ។

អ្នក​មានបទពិសោធន៍​ក្នុង​ការ​ដើរ​ព្រៃ​រូប​នេះ​បាន​បន្ត​ថា ការ​ដើរ​ឡើង​លើ​ភ្នំ​អាច​ចំណាយពេល ២ ទៅ ៣ ម៉ោង បូក​រួម​ជាមួយ​ការ​រៀបចំ​សម្ភារៈ​នានា​មុន​ពេល​ឡើង​ភ្នំ ។ កន្លែង​ខ្លះ​យើង​ត្រូវធ្វើ​ដំណើរ​ដោយ​ប្រើ​រយៈពេល ១​ថ្ងៃ​ឯនោះ ទំ​រាំ​ដល់​គោលដៅ​លើ​ភ្នំ ។ មធ្យោបាយ​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​ដំណើរ​បាន​ភាគច្រើន គឺជា​ការ​ដើរ ជិះទូក និង​ការ​ជិះ​ម៉ូតូ ប៉ុន្តែ​យានជំនិះ​ផ្សេង​ទៀត​ក៏​អាច​ប្រើ​បាន​ដែរ ដូច​ជា​ការ​ជិះ​រទេះគោ ឡាន​ជាដើម សំខាន់​ថា តើ​វា​អាច​ទៅ​បាន​ស្រួល​ដោយ​មធ្យោបាយ​បែប​ណា និង​ចំណង់​ចំណូលចិត្ត​ផង​ដែរ ។

កញ្ញា ទូ​ស សោភ័ណ បាន​បន្ត​ថា «​ការ​ដើរ​ព្រៃ​ពិត​ណាស់ គឺ​គេច​មិន​ផុត​ពី​ការ​ជួប​ប្រទះ​នូវ​បន្លា ទឹក​ភក់ ទួល ឬ​ចំណោទ​ថ្ម សុទ្ធតែ​យើង​ត្រូវ​ឆ្លងកាត់ ដូចនេះ​ហើយ​បាន​យើង​ត្រូវ​ត្រៀម​នូវ ឧបករណ៍​មួយ​ចំនួន​ផង​ដែរ ។ ហើយ​ក៏​ពិតជា​ត្រូវការ​ថាមពល ដើម្បី​ធ្វើការ​ឡើង​នៅ​ភ្នំ ដើម្បីអាចទៅដល់គោលដៅ​របស់​យើង​ ។ វា​នឹង​មាន​បញ្ហា​ដូច​ជា ឈឺក្បាល វិលមុខ ក្អួត អ្នកខ្លះ​ធ្វើ​ទុក​បេះដូង ឬ​ថប់ដង្ហើម​ជាដើម នៅ​ពេល​យើង​ប្រើ​កម្លាំង​ច្រើន ឬ​លើស​កម្រិត​របស់​វា ដូចនេះ​វា​ចាំបាច់ អំពី​ការ​ស្គាល់​ខ្លួនឯង​»​។

ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ទេសចរណ៍​ក្នុង​ព្រៃ​ជា​ក្រុម​នេះ ជួន​ការ​ប្រសិនបើ​យើង​មិន​បាន​គិត​ឱ្យ​បាន​ច្បាស់លាស់​ទេ យើង​អាច​ជួប​ប្រទះ​នឹង​ការ​ដាច់​ទឹក មុន​ទៅ​ដល់​កន្លែង ដូចនេះ​សម្ភារៈ​គេង​និង​ទុក​ប្រើប្រាស់​ពេល​ដល់​កំពូល​នេះ​ត្រូវ​តែ​សំ​រឹត​សំ​រុំ​ា​ង​យក​តែ​របស់​ចាំបាច់​បំផុត ដើម្បី​សម្រាល​បន្ទុក​ក្នុង​ការ​ស្ពាយ ។ ហើយ​អ្វី​ដែល​មិន​អាច​អត់​បាន​នោះ កូន​ប៉ែល​សម្រាប់​ជីក​ពេល​បន្ទោ​របង់​ផ្សេង​ៗ ។

ក្រុម​ខ្លះ​ដែល​ទើបតែ​ធ្វើ​ដំណើរ​កម្សាន្ត​លើក​ទី​មួយ ពួក​គាត់​អាច​ទុកដាក់​ឥ​វ៉ា​ន់​ច្រើន ដូចនេះ កញ្ញា ទូ​ស សោភ័ណ បាន​ប្រាប់​ថា យក​តែ​អាហារ​ក្រៀម​មួយ​ចំនួន ដូចនេះ​ក្នុង​ក្រុម​ត្រូវ​ពិភាក្សា​គ្នា​ថា អ្នក​យក​អ្វី អ្នក​ផ្សេង​ទៀត​យក​របស់​ផ្សេង ។

កញ្ញា ទូ​ស សោភ័ណ បន្ថែម​ថា «​បើ​យើង​ឡើង​ភ្នំ​ហើយ យ៉ាងតិច​ក៏​គេង​ពីរ​យប់​អី​ដែរ ដូចនេះ សម្ភារៈ ភេសជ្ជៈ អាហារ សុទ្ធតែ​ត្រូវ​ចែករំលែក​គ្នា ។ ប្រសិនបើ​កន្លែង​ខ្លះ​យើង​អាច​ជួល​អ្នក​ភូមិ​ទៅ​ជាមួយ​យើង​បាន ដែល​គាត់​ស្ម័គ្រចិត្ត​ឡើង​មក​តាម​យើង និង​ជួយ​ស្ពាយ​ឥ​វ៉ា​ន់​យើង ដោយ​យើង​នឹង​ផ្តល់​ប្រាក់​ចំណូល​ឱ្យ​ពួក​គាត់​ផង​ដែរ​» ។

កញ្ញា​បន្ត​ថា វា​ជា​ការ​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជា​សហគមន៍​តាម​រយៈ​ធ្វើ​ជា​អ្នក​នាំ​ផ្លូវ ជា​ចុងភៅ​ព្រៃ ជា​អ្នក​ជញ្ជូន​អីវ៉ាន់​បំរើសេវា​កម្ម​ដល់​អ្នកទេសចរ ពិសេស គឺ​ពួក​គេ​ទទួល​បាន​ប្រាក់​ចំណូល​ដោយ​ផ្ទាល់​ពី​អ្នកទេសចរ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ អ្នក​ទេសចរណ៍​ក៏​អាច​រីករាយ​ទស្សនា និង​កម្សាន្ត​ជាមួយ​ធម្មជាតិ​ជីវៈចម្រុះ ស្វែង​យល់​ពី​ទំនៀមទម្លាប់​របៀបរបប​រស់នៅ​របស់​អ្នកស្រុក ពិសេស​ស្គាល់​ទឹកដី​មាតុភូមិ​ពិតប្រាកដ​របស់​ខ្លួន ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ