មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​បាត់បង់​ជីវិត​ក្នុង​រថយន្ត ក្រោយ​ជួប​គ្រោះ​តាម​ផ្លូវ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​មន្ត្រី​នគរបាល​ក្រសួង​មហា​ផ្ទៃ​ពាក់​សក្តិ​4​កន្លះ​ម្នាក់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក ISUZU MU-X មិន​បាន​ប្រយ័ត្ន ក៏​ជ្រុល​រេ​ចង្កូត​ទៅ​បុក​នឹង​ជញ្ជាំង​ឃ្លាំង បណ្តាល​ខ្ទេច​រថយន្ត និង​ធ្វើ​ឲ្យ​អ្នកបើកបរ​ត្រូវ​បាត់បង់​ជីវិត​នៅ​ក្នុង​រថយន្ត​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​1​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​14 ខែ​កក្កដា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​បេតុង​លេខ​1800 នៅ​ចំណុច​ក្បែរ​នឹង​ប៉ុស្តិ៍​ទួល​សង្កែ​2 ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​2 ខណ្ឌ​ឬ​ស្សី​កែវ ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ពក ភិ​រម្យ ភេទ​ប្រុស អាយុ​26​ឆ្នាំ មុខរបរ​ជា​នគរបាល​ក្រសួងមហាផ្ទៃ​ពាក់​សក្តិ​4​កន្លះ ស្នាក់​នៅ​បច្ចុប្បន្ន​នៅ​ម្តុំ​ឈូក​វ៉ា ក្នុង​សង្កាត់​​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ឯ​ភូមិ​កណ្តាល សង្កាត់​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។

តាម​ប្រភព​ព័ត៌មាន​ពី​ជុំវិញ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​ពាក់​សក្តិ​4​កន្លះ បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក ISUZU MU-X ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY2722 ដោយ​បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង​1800 ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

ប្រភព​ដដែល​បន្ត​ថា លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដោយសារ​តែ​រថយន្ត​របស់​ជន​រង​គ្រោះ​បើក​ក្នុង​ល្បឿន​លឿន​ពេក ហើយ​ណាមួយ​ផ្លូវ​ក៏​រៀង​កោង​ផង​នោះ ស្រាប់តែ​រេ​ចង្កូត​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​ផ្ទប់​ជាមួយនឹង​ជញ្ជាំង​ឃ្លាំង​មួយ​កន្លែង​នៅ​ផ្លូវ​បេតុង​1800 ធ្វើ​ឱ្យ​រថយន្ត​ខ្ទាត​៥​ម៉ែត្រ បណ្តាល​ឱ្យ​រថយន្ត​ខូចខាត​ខ្ទេច​អស់​មួយ​ចំហៀង​ខាង​មុខ​ផ្នែក​ខាងឆ្វេង ចំណែក​អ្នកបើកបរ​ជា​ជន​រង​គ្រោះ​វិញ​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​រថយន្ត​តែ​ម្តង​។

ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​ឃើញ​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​បាត់បង់​ជីវិត​នេះ គឺ​ដោយសារ​តែ​បាក់​.​ក និង​ហូរ​ឈាម​តាម​ត្រចៀក​ខាងស្តាំ ។ ក្រោយមក​ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្ក​ទី​2 មក​ដល់ រួច​ធ្វើការ​ឆែកឆេរ​ទៅ​ទើប​រក​ឃើញ​ថា ជន​រង​គ្រោះជា​ប៉ូលិស​ពាក់​សក្តិ​4​កន្លះ​ពិតមែន ហើយ​ក៏​ទំនាក់ទំនង​ហៅ​ប្រពន្ធ​ជន​រង​គ្រោះ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រឺ​ឯ​សព​ជន​រង​គ្រោះ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​តម្កល់​នៅ​ឯ​វត្ត​ពោធិ៍​ចិត​តុង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ