សម្តេចតេជោបញ្ជាមិនឲ្យដុតស្បៃមុងដែលចាប់បានដុតទៀតទេទុកឲ្យកសិករចិញ្ចឹមត្រីនៅតំបន់ទឹកលិច


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ដែល​ចុះ​ចាប់​បង្ក្រាប​បទល្មើស​ជលផល​ខុសច្បាប់ ដោយ​ប្រើប្រាស់​ស្បៃ​អួន​ដាក់​ត្រី មិន​ត្រូវ​ចាប់​យក​ស្បៃ​ទៅ​ដុត​ចោល​ដូច​មុន​ទៀត​ទេ គឺ​ត្រូវ​ទុក​ស្បៃ​នោះ​ឲ្យ​ប្រជា​កសិករ អ្នក​ចិញ្ចឹម​ត្រី​យក​ទៅ​បាំង​ត្រី​ក្នុង​ស្រះ​ដែល​លិច​ទឹក ។

ថ្លែង​ក្នុង​ពិធី​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី ក៏​ដូច​ជា សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​បញ្ជាក់​ថា ៖«​ពេល​នេះ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​ដែល​ចាប់​បាន​ស្បែ​អួន​ដែល​ជនល្មើស​យក​ទៅ​ដាក់​ចាប់​ត្រី​ខុសច្បាប់​ដោយ​កុំ​ដុត​ចោល​ដូច​មុន​ទៀត ដោយ​ទុក​យក​មក​ឲ្យ​ប្រជា​កសិករ​អ្នក​ចិញ្ចឹម​ត្រី​នៅ​ពេល​លិច​ស្រះ​របស់​ពួក​គាត់​វិញ​» ។

សម្តេច​បន្ត​ថា ការ​ទុក​ស្បៃ​នេះ​ចំណេញ​ច្រើន​ជាង ព្រោះ​នៅ​ពេល​យក​ស្បៃ​នេះ​មក​ឲ្យ​ប្រជា​កសិករ​មិនសូវ​ចំណាយ​លុយ​ច្រើន​ក្នុង​ទិញ​ស្បៃ​មក​វាំង​ឃាត់​មិន​ឲ្យ​ចេញពី​ស្រះ​នៅ​ពេល​រដូវ​ទៅ​លិច​ស្រះ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បន្ទាប់​ពី​សម្តេច​បាន​សួរនាំ​ប្រជា​កសិករ​ជា​អ្នក​ចិញ្ចឹម​ត្រី​ហើយ បង្ហាញ​ពី​កង្វល់​ដូច​ជា ទីផ្សារ​ត្រី​ថោក​នៅ​ពេល​ទទួលផល បញ្ហា​លិច​ស្រះ​នៅ​រដូវ​ទឹក​ឡើង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ