ទីបំផុត​! ការ​ប្រកួត​កីឡា​នៅ​ជប៉ុន អនុញ្ញាត​ឱ្យ​មាន​អ្នកទស្សនា​ផ្ទាល់ក្នុង​កីឡដ្ឋាន​ហើយ


ប្រ​ទេ​ស​ជប៉ុន ៖ កីឡា​អាជីព​​ក្នុង​ប្រទេស​ជប៉ុន បាន​ចាប់ផ្តើម​ការ​ប្រកួតប្រជែង​របស់​ខ្លួន ដោយ​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​អ្នកគាំទ្រ ​ចូលរួម​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន កាលពី​ចុង​ស​ប្តា​ហ៍​មុន ដោយ​តម្រូវ​ឱ្យ​កំណត់​ចំនួន​ជា​អតិបរមា ៥០០០​នាក់​។

ជាក់ស្តែង​កាលពី​ស​ប្តា​ហ៍​មុន ក្នុងការ​ប្រកួត​​ក្រប​ខណ្ឌ​លី​គ​កំពូល​ជប៉ុន J League បាន​​ឈាន​ដល់​ស​ប្តា​ហ៍​ទី​៤ ដោយ​បាន​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន​ជា​លើក​ដំបូង បន្ទាប់​ត្រូវ​លេង​ដោយ​បិទទ្វារ​កីឡដ្ឋានចាប់តាំងពី​ចុងខែ​មិថុនា ក្រោយ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

បើ​ទោះបីជា​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ទស្សនា​​ផ្ទាល់​ក៏ពិតមែន ប៉ុន្តែ​គេ​សង្កេត​ឃើញថា ​វិធានការ​ដ៏​តឹង​រឹង​ជា​ច្រើនត្រូវ​បានអនុវត្ត មុន​ពេល​អ្នកគាំទ្រ​អាច​ដើរ​ចូល​ក្នុង​កីឡដ្ឋាន​បាន​។ អនុលោម​តាម​គោលការណ៍​ណែនាំ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អ្នកឯកទេស​ខាង​ជំងឺឆ្លង បន្ថែម​ពីលើ​ការ​ពាក់​ម៉ាស់​ការពារ អ្នក​ទស្សនា​តម្រូវ​ឱ្យ​ស្ទង់កម្តៅ និងមាន​ជែ​ល​សម្លាប់​មេរោគ​នៅ​ពេល​ចូល​ក្នុង​កីឡដ្ឋាន​។

អ្នក​ទស្សនា​ត្រូវ​បាន​ដាក់​ឱ្យ​អង្គុយ​នៅ​ចន្លោះ​ឆ្ងាយ​ពី​គ្នា តាម​ច្បាប់​រក្សា​គម្លាត​ពី​សង្គម​របស់​ប្រទេស​។ លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​ការពារ​ការ​ឆ្លង​ដោយសារ​ការ​ទំនាក់ទំនង​គ្នា ការ​គាំទ្រ​អំឡុង​ពេល​ការ​ប្រកួត​ត្រូវ​បាន​រឹតត្បិត ហើយ​ការ​ស្រែក​ខ្លាំង​ៗ ការ​ច្រៀង​ចម្រៀង​, ការ​អបអរ​ជាមួយ​គ្នា​, កន្សែង​រុំ និង​ទង់ជាតិ​តំណាង​ក្រុម​តម្រូវ​ឱ្យ​មានការ​កាត់​បន្ថយ​។

សូម​បញ្ជាក់​ថា​ឆ្លងកាត់​ការ​ប្រកួត​ចំនួន ៤ ស​ប្តា​ហ៍​កន្លង​មក ក្រុម Kawasaki Frontale កំពុង​ឈរ​កំពូល​តារាង​មិន​ទាន់​ស្គាល់​បរាជ័យ​មាន ១០​ពិន្ទុ ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ក្រុម Urawa Red Diamonds ដែល​នៅ​ចំណាត់ថ្នាក់​លេខ​២៕ (ដកស្រង់​ចេញពី NHK)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ