មិន​ធម្មតាមទេ! ទាំង​ម្តាយនិង​កូន​ប្រព្រឹត្តបទល្មើសយ៉ាង​សកម្ម


រាជធានី​ភ្នំពេញ ​៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង បាន​ឆ្មក់​ចូល​ទៅ​ក្នុងផ្ទះ​មួយ​កន្លែង​ដែល​បាន​ស្រាវជ្រាវ​ដឹង​ថា ម្ចាស់ផ្ទះ​នោះ​គឺជា​មុខសញ្ញា​ជួញដូរគ្រឿងញៀន​​យ៉ាង​សកម្ម​និង​ស្ទើរតែ​ដុះ​ស្លែទៅហើយ​នោះ​។​

ក្រោយ​ពេល​សម្រុកចូល​ទៅ​ដល់​ក្នុង​ផ្ទះ បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​រួម​នឹង​កូនប្រុស​ម្នាក់ ប៉ុន្តែ​រក​ឃើញ​ថ្នាំ​ញៀន​ត្រឹមតែ​២​កញ្ចប់​ រួម​ជាមួយ​និង​ថង់​សម្រាប់​ច្រក​វេច​ខ្ចប់​គ្រឿង​ញៀន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

ប្រតិបត្តិការ​​បង្ក្រាប​ករណី​ខាងលើ​នេះ​បាន​ធ្វើ​ឡើងកាលពី​វេលា​ម៉ោង​៣​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​១៨០ ក្រុម​ទី​៧ ​ស្ថិត​នៅ​ក្នុង​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​ ​ស្ត្រី​ជា​ម្ដាយ​ឈ្មោះ​ងួ​ន សំបូរ អាយុ​៤៩​ឆ្នាំ និង​កូនប្រុស​ឈ្មោះ លី ហាក់​ឡេ​ង អាយុ​១៨​ឆ្នាំ អ្នក​ទាំង​២​នេះ​ស្នាក់​នៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ ។ ​នៅ​ក្នុង​ពេល​នោះ​ដែរ​កម្លាំង​នគរបាល​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់ ព្រមទាំង​ថង់​សម្រាប់​ច្រក​វេច​ខ្ចប់​ថ្នាំ​ញៀន​និង​វត្ថុ​តាង​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ ច្រើន​ថ្ងៃ​កន្លង​មក​ហើយ បន្ទាប់​ពី​ទទួល​បានការ​ផ្ដល់​ព័ត៌មាន​ពី​សំណាក់​មហាជន​ដែល​​បាន​​ប្រាប់ ប៉ុន្តែ​រហូត​ពេល​នេះ​ទើប​កំណត់​បាន​ច្បាស់លាស់​នូវ​មុខសញ្ញា​​ខាងលើ​នេះ​។​បន្ទាប់​មក​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សហ​ការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​និង​ចាប់ខ្លួន​បាន​ទាំង​២​នាក់​ម្ដាយ​និង​កូន ហើយ​ក៏​បាន​រក​និង​ដកហូត​វត្ថុ​តាង​ខាងលើ​ផង​ដែរ​។

​ក្រោយ​ពេលកើតហេតុ ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ