លម្អិត​ជុំវិញ​ករណី​បាញ់​សម្លាប់​ប្អូនប្រុស​កីឡាករ​ម្នាក់​របស់​ក្រុម Spurs


អន្តរជាតិ ៖ ប្អូនប្រុស​បង្កើត​របស់​ខ្សែការពារស្តាំ Serge Aurier របស់​ក្រុម Tottenham Hotspur ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ខាងក្រៅ​ក្លិប​កម្សាន្ត​មួយ​កន្លែង ​ក្នុង​ទីក្រុង Toulouse ប្រទេស​បារាំង ​កាលពី​ថ្ងៃ​ច័ន្ទ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​បានឱ្យ​ដឹង​ថា Christopher Aurier បាន​ស្លាប់​ពេល​បញ្ចូល​ទៅ​ដល់​មន្ទីរពេទ្យ បន្ទាប់ពី​បាន​រក​ឃើញ​ថា ត្រូវ​បាន​ឃាតករ​បាញ់​ចំ «ពោះ» ​ចំនួន​២​គ្រាប់ នៅ​ខាងក្រៅ​ក្លិប​កម្សាន្ត Kin’s night club ក្បែរ​មហាវិថី Thibaud ស្ថិត​ក្នុង​តំបន់ឧស្សាហកម្ម​មួយ​នៅ​ជាយក្រុង Toulouse ។ ខណៈ​ដែល​ឃាតករ​ត្រូវ​បាន​រាយការណ៍​ថា បាន​រត់គេច​ខ្លួនចេញ​ពី​កន្លែង​កើតហេតុ​។

បើ​យោង​តាម​ប្រភព​ពី​ទូរទស្សន៍​បារាំង​បាន​រាយការណ៍​ថា ក្រុម​សង្គ្រោះ​បន្ទាន់​បាន​មក​ដល់​កន្លែង​កើតហេតុ​នៅ​ម៉ោង​ប្រមាណ ៥:០០​នាទី​ព្រឹក (​ម៉ោង​នៅ​ប្រទេស​បារាំង​)​។ ប្រជាជន​ក្នុង​តំបន់​ក៏​បាន​រាយការណ៍​ទៅ​ប៉ូ​លី​ស នៅ​ពេល​ពួក​គេ​បានឃើញ​ជន​រង​គ្រោះ​ដេក​ស្តូកស្តឹង​នៅ​លើ​ដី​។

នៅ​មិន​ទាន់​មាន​របាយការណ៍​ជា​ផ្លូវការ​ណាមួយ​ពី​មន្ត្រី​ប៉ូលិស បញ្ជាក់​ពី​មូលហេតុ​ដែល​ឈាន​ដល់​ការ​បាញ់​សម្លាប់ Christopher នៅឡើយ​ទេ​។

សូម​បញ្ជាក់​ថា Christopher Aurier ជា​ពលរដ្ឋ​នៃ​ប្រទេស​កូត​ឌី​វ័​រ​ដូច​បងប្រុស​របស់​គេ ហើយក៏​ជា​កីឡាករ​បាល់ទាត់​ម្នាក់ផង​ដែរ ​កំពុង​លេង​នៅ​ប្រទេស​បារាំង ដោយ​លេង​ឱ្យ​ក្រុម​ក្នុង​តំបន់ Rodéo Toulouse ដែល​ស្ថិត​ក្នុង​លី​គ​លំដាប់​ទី​៥ ​បារាំង​កាលពី​រដូវ​កាល​មុន​។ រូបគេ​ក៏​ធ្លាប់​លេង​ឱ្យ​ក្រុម​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា​ក្រុម Racing Club de Lens, Gueugnon, Chantilly និងក្រុម Belgian club Rebecq ផង​ដែរ​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ក្លិប Tottenham Hotspur ក៏​បាន​ចេញ​លិខិត​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ ចំពោះ​ការ​បាត់បង់​កីឡាករ Christopher Aurier៕ (​ដកស្រង់​ចេញពី BBC)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ