ឃាត់ខ្លួន​មេការ​ហាង​គុយទាវ​អង្គរជុំ ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​ស្ត្រី​ម្នាក់​ដើម្បី​បង្ខំ​ទៅ​រួមដំណេក


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ជន​រង​គ្រោះ​អះអាង​ថា ជា​ថៅកែ​ហាង​គុយទាវ អង្គរជុំ ជាប់​ពាក់ព័ន្ធ​វាយ និង​គំរាម​សម្លាប់ ដោយ​នាង​ប្រកែក​មិន​ព្រមទៅ​រួមដំណេក​ជាមួយ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ត្រូវ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ហើយ និង​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ដែរ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា នេះ​។

បុរស​ដែល​ជា​ជនសង្ស័យ​ឈ្មោះ កៅ ណូ​រ៉ា ជា​មេការ​ហាង​គុយទាវ អង្គរជុំ សាខា​បឹង​សាឡា​ង ស្ថិ ត​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ មាន​ស្ត្រី​រង​គ្រោះ​ម្នាក់ បាន​បង្ហោះ​វី​ដេ​អូ​ស្វែងរក​យុត្តិធម៌ និង​ការ​ជួយ​អន្តរាគមន៍​ពី​មហាជន តាម​បណ្តាញ Tik Tok ដោយ​រៀបរាប់​ថា ខ្លួន​ត្រូវ​បាន​ថៅកែ​ហាង​គុយទាវ​អង្គរជុំ​វាយ និង​គំរាម​សម្លាប់​។ បន្ទាប់​មក​ជន​រង​គ្រោះ ថែម​ទាំង​បាន​ទៅ​ជួប អ្នក​សារព័ត៌មាន ធ្វើការ​ផ្សាយ​ផ្ទាល់​អំពី​ដំណើររឿង​ដែល​នាំ​ឲ្យ​មាន​ហិង្សា​នោះ​ផង​ដែរ​។

ជន​រង​គ្រោះ​បាន​រៀបរាប់​ថា រូប​នាង ត្រូវ​បាន​មិត្តភក្ដិ​ណែនាំ​ឲ្យ​ទៅ​អង្គុយ​ញ៉ាំ​បាយ​កំដរ​ភ្ញៀវ ដើម្បី​ទទួល​បាន​ប្រាក់​ធីប​២០​ដុល្លារ នៅ​ហាង​គុយ ទាវ​អង្គរជុំ ម្ដុំ​បឹង​សាឡា​ង​។ បន្ទាប់​ពី​ញ៉ាំ​បាយ​រួច​ភ្ញៀវ​២​នាក់​បាន​បើករថយន្ត​ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​នៅ​តាម​ផ្លូវ​លើ​រថយន្ត​ភ្ញៀវ​ម្នាក់​បាន​បបួល​នាង​ទៅ​រួមដំណេក ដោយ​សន្យា​ថា​ឲ្យ​ប្រាក់​១០០​ដុល្លារ តែ​នាង​បាន​បដិសេធ​មិន​ទៅ​ជាមួយ ក៏​បណ្តាល​ឲ្យ​មានការ​ប្រកែក​គ្នា​រហូត​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា បន្ទាប់​មក​នាង​បាន​បើក​កញ្ចក់​រថយន្ត​ស្រែក​ឲ្យ​គេ​ជួយ ទើប​ជន​បង្ក​បាន​ឈប់​រថយន្ត និង​គេចខ្លួន​បាត់ ធ្វើ​ឲ្យ​នាង​មិន​អស់ចិត្ត​ក៏​បាន​បង្ហោះ​វី​ដេ​អូ​តាម​បណ្តាញ Tik Tok ជា​បន្តបន្ទាប់ និង​បន្ត​ស្វែងរក​ការ​ជួយ​អន្តរាគមន៍ ពី​សមត្ថកិច្ច​ក្បែរ​កន្លែង​កើតហេតុ​ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ផង​ដែរ​។

ដោយ​ការ​ស្វែង​ការ​អន្តរាគមន៍ ជា​ច្រើន​កន្លែង​ពុំ​អាច​ទទួល​បាន​ដំណោះស្រាយ ទើប​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០ នាង​បាន​សម្រេចចិត្ត​ទៅ​ប្ដឹង បន្ត​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អនុវត្ត​តាម​និ​តិ​វិធី រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កៅ ណូ​រ៉ា ដែល​ជា​មេការ​ហាង​គុយទាវ អង្គរជុំ សាខា​បឹង​សាឡា​ង នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ និង​បាន​ធ្វើការ​សាកសួរ រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ