កម្ពុជា​បាន​លក់​ឥណទាន​កាបូន​បាន​ថវិកា ចំនួន​១១,៦​លាន​ដុល្លារ​អា​មេ​រិ​ក


រាជធានី​ភ្នំពេញ ៖ ភាព​ជោគជ័យ នៃ​ការ​ការពារ និង​អភិរក្ស​ព្រៃឈើ លក់​ឥណទាន​កាបូន​ចាប់ពី​ឆ្នាំ ២០១៦ មក​ដល់​ឆ្នាំ​២០២០ កម្ពុជា​បាន​លក់​ឥណទាន​កាបូន​បាន​ថវិកា​ចំនួន ១១,៦ លាន​ដុល្លារ​អា​មេ​រិ​ក​។ ការ​រក្សា​ឈើ​ឈរ​ដើម្បី​លក់​តួនាទី​នៃ​ព្រៃឈើ​ដើម្បី​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី ហើយ​បង្ហាញ​ពី​ការ​ធានា​បាន​នូវ​ការ​ការពារ​ធនធានធម្មជាតិ​ពី​ការ​កាប់​បំផ្លាញ និង​ទន្ទ្រាន​កាន់កាប់ ដី​ព្រៃ​ក្នុង​កម្រិត​ខ្ពស់​បំផុត​។

លោក នេត្រ ភក្ត្រា បាន​បញ្ចា​ក់ថា នៅ​អំឡុង​ទស្សនកិច្ច​នៅ​តំបន់​អភិរក្ស ជួរ​ភ្នំក្រវាញ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង​ទាក់ទង​នឹង​ការ​លក់​ឥណទាន​កបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​កម្ពុជា​បាន និង​កំពុង​ស្វះ​ស្វែងរក​ដៃគូ​ផ្សេង​ៗ​ទៀត ដើម្បី​បន្ត​ទិញ​ឥណទាន​កាបូន​នេះ​បន្ថែម​ទៀត ខណៈ​កាបូន​ដែល​បាន​បំ​ភាយ​ចេញពី​ព្រៃឈើ​នៅ​តាម​តំបន់ការពារធម្មជាតិ​នានា​ដែល​កម្ពុជា​មាន នៅ​សេសសល់​បរិមាណ​ច្រើន​។ ទីតាំង​៣​កន្លែង​ដែល​កម្ពុជា​លក់​កាបូន​បាន ក្នុង​នោះ​ក៏​មាន​ដែន​ជម្រក សត្វព្រៃ​កែវ​សីមា ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តា​តៃ​។ ក្រុមហ៊ុន​ដែល​បាន​ទិញ​ឥណទាន ការ​បូ​ន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​មាន​ក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និង​ក្រុមហ៊ុន Gucci​។

រហូត​មក​ដល់​ពេល​នេះ​មាន​តែ​ប្រទេស​កម្ពុជា និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ប៉ុណ្ណោះ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​នេះ​។ លោក​ថា មុន​នឹង​ទិញ​ឥណទាន​កាបូន​នេះ មានការ​វាយតម្លៃ​ច្បាស់លាស់​ពី​អ្នកជំនាញ​លើ​សមត្ថភាព នៃ​ការ​ផលិត​កាបូន និង​យន្តការ​ផ្សេង​ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត ដើម្បី​ធានា​ការពារ និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​លើ​តំបន់ការពារធម្មជាតិ​ដែល​សម្បូរ​ណ៍​ដោយ​ព្រៃឈើ សត្វព្រៃ និង​ជីវៈចម្រុះ​ផ្សេង​ៗ​ទៀត​។

ការ​សម្រេច​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​នានា គឺ​បាន​បង្ហាញ​ថា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​បាន​នូវ​ធនធានធម្មជាតិ នៅ​ក្នុង​តំបន់​នោះ ហើយ​ធនធានធម្មជាតិ​ត្រូវ​បាន​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​។ អាស្រ័យ​ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​គ្រប់គ្រង និង​អភិរក្ស​តំបន់​ការពារ ធម្មជាតិ បាន​ល្អ​ប្រសើរ ក្រសួងបរិស្ថាន​មាន​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​អាច​លក់​ឥណទាន​កាបូន បាន​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។

លោក​រដ្ឋលេខាធិការ​បាន​បញ្ចា​ក់ថា រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​ថែរក្សា​ឈើ​ឈរ​ដើម្បី​លក់​តួនាទី​ព្រៃឈើ​ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភព​ផែនដី តាម​រយៈ​ការ​លក់​ឥណទាន​កាបូន ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​ហើយ​ថវិកា ដែល​បាន​មក​ពី​ការ​លក់​ឥណទាន​កាបូន​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​គាំពារ​លើ​ការងារ​អភិរក្ស និង​ការ​បង្កើត​សេដ្ឋកិច្ច​សម្រាប់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ​។

ក្រុម​មន្ត្រី​ជំនាញ​កំពុង​សិក្សា​បន្ថែម ដើម្បី​លក់​កាបូន​ក្នុង ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ផង​ដែរ​។ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា មាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សម្បូរ​បែប​។ លោក​បាន​បន្ថែម​ថា ព្រៃឈើ​គ្របដណ្តប់​ប្រមាណ ៥០​ភាគរយ នៃ​ផ្ទៃ​ប្រទេស ដែល​ជា​អត្រា​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ មក​ទល់​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន រហូត​ដល់​ប្រមាណ​៤១​ភាគរយ នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧,៣ លាន ហិ​កតា​ដែល​ក្នុង​នោះ​មាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង តំបន់​រ៉ា​ម​សារ តំបន់​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ចំនួន ៦៩​កន្លែង និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១២៦០ នាក់​ដោយ​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ និង​អង្គការ​ដៃគូ​នានា​បាន និង​កំពុង​ឈរជើង​ការពារ​៕ ដោយ ៖ សុខ សា​រ៉ា​យ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ