ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​ប្រវត្តិ​ទើប​ដឹង​ថា ឡុ​ង សុវណ្ណ​ឌឿ​ន តស៊ូ​ណាស់​ទម្រាំ​បាន​ល្បី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន គឺជា​ពិធីករ​ផ្នែក​ប្រដាល់​ផង និង​ជា​កីឡាករ​ផង ខណៈ​ដែល​លោក​ក៏​មានការ​តស៊ូ​ជា​ច្រើន​ទម្រាំ​បាន​ល្បីឈ្មោះ ។…

រាជធានី​ភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិនដឹង​នោះ​ទេ​ថា កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន គឺជា​ពិធីករ​ផ្នែក​ប្រដាល់​ផង និង​ជា​កីឡាករ​ផង ខណៈ​ដែល​លោក​ក៏​មានការ​តស៊ូ​ជា​ច្រើន​ទម្រាំ​បាន​ល្បីឈ្មោះ ។ លោក​ល្បី​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ជាមួយនឹង​កម្ពស់ ១,៧៣ ម៉ែត្រ ។

ឡុ​ង សុវណ្ណ​ឌឿ​ន ជា​ឈ្មោះ​សម្រាប់​ប្រើ ក្នុង​ពិភព​កីឡាប្រដាល់​ប៉ុណ្ណោះ ចំណែក​ឈ្មោះ ពិត​ប្រាកដ​របស់​លោក​គឺ ដ​ន ដឿ​ន ។ លោក​កើត​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​១៩៨៨ នៅ ភូមិ​ក្បាល​កោះទាវ ឃុំ​សំពៅ​ពូន​(​សំពៅ​លូន​) ស្រុក​កោះធំ ខេត្តកណ្ដាល ដោយ​លោក​គឺជា​កូនប្រុស​ច្បង​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​បងប្អូន​៤​នាក់ ប្រុស​២ និង​ស្រី​២​នាក់ ។ កីឡាករ​រូប​នេះ​មាន​ឪពុក​ឈ្មោះ​ទេព ស៊ី​យ៉ា​ដ​ន និង​អ្នក​ម្ដាយ​ឈ្មោះ​លឹ​ម ស៊ី​ម ដែល​សព្វថ្ងៃ​អ្នក​ទាំង​ពីរ កំពុង​ប្រកប​របរ​កសិកម្ម​នៅ​ឯ​ស្រុក​កំណើត​។

ប្អូនស្រី​ទី​១​របស់​ដឿ​ន​គឺ​នាង​ទេព ស្រី​មុំ បច្ចុប្បន្ន​មានគ្រួសារ​រួចរាល់​ហើយ ។ ប្អូនស្រី​ទី​២ ឈ្មោះ
ទេព ស្រី​ពៅ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ហ៊ុន សែន កោះធំ និង​ប្អូនប្រុស​ពៅ​ឈ្មោះ​ទេព ឧត្ដម កំពុង​សិក្សា​នៅ​សាលា​បឋម​សិក្សា​ក្បាល​កោះទាវ ។

ក្នុង​វ័យ​សិក្សា លោក​ត្រូវ​រ៉ាប់រង​រក​ស្មៅ និង​ឲ្យ​ទឹក​គោក្របី ព្រមទាំង​ឆ្លៀត​ទួល​នំកង នំពងអន្សង​ដែល​ម្ដាយ​ធ្វើ​ដើរ​លក់​គ្រាន់​បាន​កម្រៃ​២០០០​ទៅ​៣០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ដើម្បី​សម្រួល​ដល់​ជីវភាព​គ្រួសារ ។ អំឡុង​ឆ្នាំ​១៩៩៤ លោក​ត្រូវ​បាន​ឪពុក​ម្ដាយ​បញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​សាលា​បឋម​សិក្សា​ក្បាលកោះទាវ ។ លុះដល់​ឆ្នាំ​២០០០ បន្ត​ទៅ​អនុ​វិទ្យាល័យ ហ៊ុន​សែន សំពៅ​ពូន និង​បន្ត​ទៅ​សិក្សា​នៅ វិទ្យាល័យ ហ៊ុន សែន កោះធំ ក្នុង​ឆ្នាំ​២០០៤ ដោយ​ត្រូវ​ជិះ​កង់​មិន​តិច​ជាង​៣០​គីឡូម៉ែត្រ​ទេ ជា​រៀងរាល់ថ្ងៃ ដោយសារ​តែ​សាលា​ឆ្ងាយ​ផ្ទះ​។

ជា​លទ្ធផល លោក​បាន​ប្រឡង​បញ្ចប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ជោគ ជ័យ​ក្នុង​ឆ្នាំ​២០០៧ ។ ឆ្នាំ​២០០៩ លោក​បាន ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​ធនធានមនុស្ស ។ លុះ​ចប់​ថ្នាក់​មូលដ្ឋាន និស្សិត​រូប​នេះ​បាន​ប្ដូរ​ទៅ​រៀន​ជំនាញ​ទីផ្សារ​វិញ ។

ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ លោក​មិន​បាន​ចូល​បន្ត​ការ​សិក្សា​ភ្លាម​ៗ​នោះ​ទេ ដោយ​លោក
បាន​​សុំ​អនុញ្ញាត​ម្ដាយមីង​មក​រក​ការងារ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ។ មក​ដល់​ទឹកដី​ដ៏​ស៊ី​វិ​ល័យ​មួយ នេះ​ក្នុង​ឆ្នាំ​២០០៨ យុវជន​ព្រាត់​គ្រួសារ​រូប​នេះ​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ផលិត​បារី​មួយ​នៅ​ពោធិ​ចិន​តុង​ក្នុង​តួនាទី​ជា​អ្នក​កាន់​ម៉ាស៊ីន​ផលិត ។ កម្រៃ​ដំបូង​បាន​ក្នុង​មួយ​ថ្ងៃ​៦០០០ រៀល ។ ៨០០០​រៀល​នៅ​ក្រោយ​៣​ខែ និង​ឡើង​ដល់​១០០០០ រៀល​ក្នុង​មួយ​ថ្ងៃ​នៅ​៦​ខែ​ក្រោយ​ចូល​ធ្វើការ ។ ប្រាក់​ចំណូល​ខ្ទង់​នេះ​ពិតជា​រុញច្រាន​ឲ្យ​ជីវិត​លោក​ជួប​ការ​លំបាក​រាប់​ពាន់​ជំពូក ។

លុយកាក់​ទាំង​ប៉ុន្មាន​ត្រូវ​បែងចែក​ទៅ​លើ​ចំណីអាហារ សម្លៀក​បំពាក់ និង​ការ​ចាយវាយ​ជា​ច្រើន​ទៀត ។ បើ​ទោះជា​ប្រាក់​ចំណូល​មិនជា​ដុំ​កំភួន​យ៉ាងណា​ក្ដី​លោក​នៅ​តែ​អាច​ផ្សែផ្សំ​សល់​លុយ​កាក់​ខ្លះ​គ្រាន់​បាន ទុកដាក់​ខ្លួន​នាគ្រា​បន្ទាប់ ។ ទោះបីជា​ជួប​ការ​លំបាក​យ៉ាងណា ក៏​លោក​មិន​ដែល​គិត​រា​ថយ​នឹង​ការ​តស៊ូ​ក្នុង​ទីក្រុង​ដែល​ពោរពេញ​ដោយ ការ​ប្រកួតប្រជែង​គ្មាន​ទី​បញ្ចប់​ដែរ ។

ដោយ សារ​ការងារ​នៅ​រោងចក្រ​នេះ តម្រូវ​ឲ្យ​បុគ្គលិក ធ្វើការ​ថែម​ម៉ោង មិន​អាច​ខាន​បាន ដូច្នេះ លោក​មិន​អាច​បន្ត​ក្ដី​ប្រាថ្នា​របស់​ម្ដាយ​ដែល​ចង់ឲ្យ​ខ្លួន​រៀន​បាន​ខ្ពង់ខ្ពស់​ឡើយ ។ ក្រោយ​ឆ្អែតឆ្អន់​នឹង​ការងារ​រយៈពេល​ជាង​មួយ​ឆ្នាំ​នៅ​ទីនោះ ព្រម​ជាមួយនឹង​ការ​ជំរុញ​ពី​អ្នក​ម្ដាយ​ឲ្យ​ចូលរៀន​​ថែម​ទៀត លោក​បាន​សម្រេចចិត្ត​ឈាន ជើង​ចេញពី​ការងារ​ដែល​បាន​ចិញ្ចឹមជីវិត​ជាង​មួយ​ឆ្នាំ​មកនេះ ដើម្បី​ចូល​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​របស់ ខ្លួន​នៅ​ឆ្នាំ​២០០៩ ។

ក្រោយ​បញ្ចប់​សញ្ញាបត្រ​ទុតិយភូមិ​ក្នុង​ឆ្នាំ២០០៨ លោក​បាន​ចេញដំណើរ​ពី​ស្រុក​កំណើតទៅ​ស្រុក​អន្លង់​វែង ដើម្បី​ទៅ​ជួប​មុខ​ឪពុក​-​ម្ដាយនិង​ប្អូន​ពីរ​នាក់​ទៀត ។ នៅ​ទីនោះ​លោក​ទទួល​បានការ​ស្រឡាញ់​ពេញចិត្ត​រាប់អាន​ជា​ខ្លាំង​ពីបុរស​ជិតខាង​ផ្ទះ​ម្នាក់​ដែល​ជា​អ្នក​ហាត់រៀន​គុន
ប្រដាល់​ដ៏​ចំណាន​មួយ​រូប ។ ជា​ការ​ដោះ​ដូរ​ក្ដី​ស្រឡាញ់​រាប់អាន បុរស​រូប​នោះ​បាន​បង្ហាត់​បង្រៀន​លោក​នូវ​ក្បាច់​ប្រដាល់​ជា​រៀងរាល់ថ្ងៃ ។

ជា​ក្មេង​មាន​ទេព​កោសល្យ ត្រឹមតែ​រយៈពេលជាង​១​ខែ​ប៉ុណ្ណោះ លោកមា​នភា​ពរីក​ចម្រើន ដោយ​ហាត់​ចេះ​ចាំ​ស្នៀត​ផ្សេង​ៗ​យ៉ាង​ល្អប្រសើរ ។ បុរស​ដែល​ជា​គ្រូបង្ហាត់​បាន​ណែនាំ​ឲ្យ​លោក​ឡើង​វាយ​នៅ​ទីនោះ ដោយសារឃើញ​សមត្ថភាព​ប្រដាល់​របស់​លោក​មានគ្រប់គ្រាន់ ទោះ​ទើប​ហាត់​បាន​ជាង​១​ខែ​ក្ដី ។

ប៉ុន្តែ​លោក​បាន​បដិសេធ​ការ​ណែនាំ​ដោយ​គិត ថា ហាត់គុន​នេះ​គ្រាន់​ទុក​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ ក្រោយ​ការ​ស្នាក់​នៅ​ទីនោះ​មួយ​រយៈ លោក​ក៏ ត្រឡប់​មក​ស្រុក​វិញ និង​បាន​ទៅ​ធ្វើការ​នៅ ភ្នំពេញ ។ តែ​មុន​ការ​ចាកចេញ គ្រូបង្ហាត់ របស់​ខ្លួន​បាន​ឲ្យ​ហ្ក​ង់​ពាក់​ដៃ​មួយគូ​ដល់​លោក​ទុកជា​ចំណងដៃ​គ្រូ និង​សិស្ស ។ ក្រោយ​ពី​ចេះ ក្បាច់​ប្រដាល់​ក្នុង​ខ្លួន លោក​តែង​ហាត់​បន្ថែម ខ្លួនឯង​ជា​រឿយ​ៗ នៅ​ពេល​ដែល​លោក​ចូល សិក្សា​ថ្នាក់​មហាវិទ្យាល័យ ។ ថ្ងៃមួយ​ឪពុកមា បាន​មក​លេង និង​ឃើញ​ហ្ក​ង់​ពាក់​ដៃ​របស់ លោក ហើយ​ក៏​តម្រូវ​ឲ្យ​លោក​វាយ​សាកមើល​។

ទេព​កោសល្យ​របស់​លោក​ពិតជា​បាន​ទាក់ទាញ ចិត្ត​ឪពុកមា​ជា​ខ្លាំង ។ នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ ២០១០ ឪពុកមា​លោក​បាន​នាំ​លោក​ទៅ​ចូល ហ្វឹកហាត់​ក្នុង​ក្លិប​សាល​វ័​ន្ត​កីឡា ។ លោក​ពេញ​ចិត្តនឹង​ការ​ហាត់រៀន​នៅ​ទីនោះ​ទោះបី​កំពុង​សិក្សាឆ្នាំ​ទី​២​នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស ក៏​ដោយ ។

ក្រោយ​ការ​ចូល​ហាត់​តែ​២​ស​ប្ដា​ហ៍​ប៉ុណ្ណោះ លោក​ក៏​មានឱកាស​ឡើង​លើ​សង្វៀន​ដោយ​បាន​ប្ដូរ​ឈ្មោះ​ថ្មី​ថា «​ឡុ​ង សុវណ្ណ​ឌឿ​ន​»​។ ការ ប្រកួត​៤​លើក​ដំបូង ពិតជា​ធ្វើ​បាន​យ៉ាង​អស្ចារ្យ ដោយ​សុទ្ធតែ​វាយបំបាក់​ដៃគូ​ឲ្យ​ដួល​សន្លប់​លើ​សង្វៀន​ក្រោក​មិន​រួច ។ គិត​មក​ទល់​ពេល​នេះ លោក​ឡើង​រេញ​បាន​រាប់រយ​ដង និង​រមែង​ទទួលលទ្ធផល​ល្អ​ភាគច្រើន ។ លោក​រំពឹង​ថា ទៅ​ថ្ងៃ​ក្រោយ លោក​នឹង​យក​ជំនាញ​នៅ​មហា​វិទ្យា​ល័យ​ទៅ​ចាត់ចែង​ជំនួញ​ដ៏​សម​ល្មម​មួយ​នៅ ស្រុក​កំណើត ដោយសារ​តែ​ភូមិ​របស់​លោក​គឺជា​ច្រក​ចេញចូល​ទំនិញ​រវាង​កម្ពុជា​-​វៀតណាម ដែល​មនុស្ស​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា ជ្រៃ​ធំ​។

មក​ទល់​ពេល​នេះ ឡុ​ង សុវណ្ណ​ឌឿ​ន ប្រកាសថា នៅ​មិន​ទាន់​ដកខ្លួន​ទាំងស្រុង​ពី​ការ​ប្រដាល់​នោះ​ទេ បើ​ទោះជា​ស្ងាត់​ជាង​មុន តែ​លោក​នឹង​ឈប់​ទាំងស្រុង​ឆាប់​ៗ ដោយសារ​តែ​លោក​គិត​ថា ប្រដាល់​មិន​អាច​ជួយ​ឲ្យ​ខ្លួន​ថ្កុំថ្កើង​នៅ​ថ្ងៃ​មុខ​បាន ឡើយ ។ ម្យ៉ាង​ម្ដាយ​តែងតែ​ទ​ទួ​ច​ឲ្យ​លោក​បោះបង់​ចោល​សង្វៀន​ជា​ច្រើន​ដង​មក​ហើយ​ក្រែង​មាន​គ្រោះថ្នាក់​មើល​មិនឃើញ ទើប​លោក​ពិបាក​បន្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ