ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​ដឹក​ជញ្ជូន​ធ្លាក់​ចុះ​ជាង​ពាក់កណ្ដាល​តែ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​បិទ​នៅឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ជំងឺ​កូ​វី​ដ​១៩ គឺ​ជំងឺ​នេះ​បន្ត​កូរ​ឡើង​វឹកវរ​ពេញ​ពិភពលោកបណ្តាល​ឲ្យ​វិស័យ​សំខាន់​ៗ​រង​ផល​ប៉ះពាល់ ហើយ​វា​ក៏​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ផង​ដែរ ។ ជាក់ស្ដែង​សកម្មភាព​ដឹក​ជញ្ជូន​នៅ​ក្នុង​ទេស​កម្ពុជា ចាប់តាំងពី​កូ​វី​ដ​១៩ រាលដាល​ពេញបន្ទុក​អំឡុង​ខែមីនា មេ​សា…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ជំងឺ​កូ​វី​ដ​១៩ គឺ​ជំងឺ​នេះ​បន្ត​កូរ​ឡើង​វឹកវរ​ពេញ​ពិភពលោកបណ្តាល​ឲ្យ​វិស័យ​សំខាន់​ៗ​រង​ផល​ប៉ះពាល់ ហើយ​វា​ក៏​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ផង​ដែរ ។

ជាក់ស្ដែង​សកម្មភាព​ដឹក​ជញ្ជូន​នៅ​ក្នុង​ទេស​កម្ពុជា ចាប់តាំងពី​កូ​វី​ដ​១៩ រាលដាល​ពេញបន្ទុក​អំឡុង​ខែមីនា មេ​សា និង​ឧសភា បាន​ធ្លាក់​ចុះ​ដល់​ជិត​៦០​ភាគរយ ក៏​ប៉ុន្តែ​ហាក់​មន​សកម្មភាព​ឡើង​វិញ​បន្តិច​នៅ​នៅ​ក្នុង​ខែមិថុនា មក​ដល់​បច្ចុប្បន្ន​នេះ ។

បើ​តាម​លោក​ស៊ិ​ន ច​ន្ធី​ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា បានអោយ​ដឹង​ថា កាលពីមុន​ពេល​កូ​វី​ដ​១៩ រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មិន​ទាន់​ផ្ទុះ​ឡើង​ខ្លាំង​នៅ​លើ​ពិភពលោក សកម្មភាព​ដឹក​ជញ្ជូន​របស់​កម្ពុជា​ឃើញ​ថា​មាន​ភាព​មមាញឹក​ខ្លាំង ដែល​ធ្វើ​អោយ​ផ្លូវជាតិ​លេខ​៤​និង​កំពង់​ផែ​ក្រុងព្រះសីហនុ មានការ​កកស្ទះ​ខ្លាំង ព្រោះថា​ទំនិញ​ពី​ខាងក្រៅ​ប្រទេស​ភាគច្រើន​គឺ​ឆ្លង​តាម​កំពង់​ផែ​ក្រុងព្រះសីហនុ និង​យក​មក​ដល់​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៤ ។ ប៉ុន្តែ​ចាប់តាំងពី​ខែមីនា រហូត​ដល់​ខែ ឧសភា សកម្មភាព​ដឹក​ជញ្ជូន ទំនិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ឃើញ​ថា​មានការ​ថយ​ចុះ​រហូត​ដល់​ជាង​៦០​ភាគរយ​ឯណោះ ។

លោក​បន្ត​ថា បើ​ទោះបីជា​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​បាន​ធ្លាក់​ចុះ​ដល់​ជាង​ពាក់កណ្ដាល​ក្ដី ក៏​មិន​ទាន់​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ណាមួយ​បាន​បិទ​ដំណើរការ​នៅឡើយ ។ លោក​បាន​ពន្យល់​ថា​៖« ការ​មិន​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​បិទ​ដំណើរការ ព្រោះតែ​លក្ខន្តិកៈ​តម្រូវ ជាក់ស្ដែង​ក្រុមហ៊ុន​ទាំងនោះ បាន​ទទួល​ការ​បញ្ជា​សេវាកម្ម​ពី​ក្រុមហ៊ុន​ដទៃ​អោយ​បញ្ជូន​ទំនិញ​មក​កម្ពុជា ហើយ​ការ​បញ្ជូន​ទំនិញ​ខ្លះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ផ្លូវទឹក និង​ប្រើ​ពេល​យូរ រហូត​ដល់​រាប់​ខែ អ​ញ្ចឹ​ង​ហើយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទាំងនោះ ត្រូវការ​រង់ចាំ​ទំនិញ​ទាំងនោះ​មក​ដល់​និង​ដឹក​ជញ្ជូន​រួចរាល់​សិន​ទើប​អាច​ផ្អាក​ដំណើរការ​បាន » ។

លោក​បន្ត​ទៀត​ថា រហូត​មក​ដល់​ខែ មិថុនា និង​ខែ កក្កដា​នេះ សកម្មភាព​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ឃើញ​ថា​មានការ​ងើបឡើង​វិញ​បន្តិច ដោយសារ​តែ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​សំខាន​ៗ​ជាមួយ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​វិញ​ជាក់ស្ដែង​នៅ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​លើកលែងតែ​ប្រទេស​សឹ​ង្ហ​បុរី​ឥណ្ឌូ​នេ​ស៊ី ។ នៅ​ពេល​ប្រទេស​ទាំងនោះ​ធូរស្រាល​នូវ​ជំងឺ​កូ​វី​ដ​១៩ សកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ទាំងនោះ ក៏​ចាប់ផ្ដើម​ងើប​ហើយ​ការ​បញ្ជូន​ទំនិញ​ចេញចូល​មក​កម្ពុជា​ក៏​ចាប់ផ្ដើម​កក្រើក​ឡើង​វិញ​បន្តិច​ដូច​គ្នា​ដែរ ។

លោក​បន្ថែម​ថា ដោយ​មើលឃើញ​ពី​ភាព​វិជ្ជមាន​នៃ​សកម្មភាព​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​រំពឹង​និង​សង្ឃឹមថា​រហូត​ដល់​ដំណាច់ឆ្នាំ​២០២០ វិស័យ​ដឹក​ជញ្ជូន​អាច​នឹង​វិល​ទៅ​រក​ភាពល្អ​ប្រសើរ​បន្តិច​ម្ដង​ៗ តែ​ទោះជា​យ៉ាងណា​ក៏​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រៀម​ផែនការ​ក្នុង​ការ​ទប់ទល់​ជាមួយ​វិបត្តិ​រួច​ស្រេច​ហើយ​ផង​ដែរ ដូច​ជា​ត្រូវ​រៀបចំ​កាត់​បន្ថយ​ចំណាយ ត្រូវ​កាត់​បន្ថយ​បុគ្គលិក​ឬ​យ៉ាងម៉េច បើសិនជា​ស្ថានភាព​កាន់តែ​អាក្រក់ ។​លោក​ថា​៖« ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា យើង​ពិតជា​មិន​ចង់​បញ្ឈប់​បុគ្គលិក​ឬ​ព្យួរការងារ​បុគ្គលិក​នោះ​ទេ យើង​តែងតែ​ចង់អោយ​ពួក​គេ​មាន​ចំណូល​មាន​ប្រាក់ខែ​សម្រាប់​ចិញ្ចឹម​គ្រួសារ » ។

លោក​បញ្ជាក់​ថា រហូត​មក​ដល់​ម៉ោង​នេះ​មិន​មាន​ក្រុមហ៊ុន​នៃ​ភស្តុ​ភារ​កម្ម​ណាមួយ​បញ្ឈប់​បុគ្គលិក​របស់​ខ្លួន​នៅឡើយ ក៏​ប៉ុន្តែ​តាម​ការ​ប្រជុំ​រវាង​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ដែល​មាន​សមាជិក​ចូលរួម​ដែរ​នោះ បាន​បញ្ជាក់​បើសិនជា​ថ្ងៃ​អនាគត​មាន​បញ្ហា​អ្វី​នោះ នឹង​អាច​កាត់​ប្រាក់ខែ​បុគ្គលិក​ទៅ​តាម​ចំណូល​របស់​ក្រុមហ៊ុន គឺ​ធ្វើ​យ៉ាងណា​ដើម្បី​អោយ​វិស័យ​នេះ អាច​ដំណើរការ​ទៅ​ទាំងអស់​គ្នា ។

បើ​តាម​ការ​ព្យាករណ៍​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំ​ៗ​នៅ​លើ​ពិភពលោក បាន​ព្យាករណ៍​ពី​សេដ្ឋកិច្ច​កម្ពុជា​ដោយ​នឹង​ធ្លាក់​ចុះ​ជា​អវិជ្ជមាន​ដោយសារ​តែ​រង​ឥទ្ធិពល​អាក្រក់​ពី​ជំងឺ​កូ​វី​ដ​១៩ ក្នុង​នោះ ស្ថាប័ន​ខ្លះ​បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់​ចុះ​ដល់ -២,៩​ភាគរយ​និង​ខ្លះ​ទៀត​ថា​អាច​នឹង​ធ្លាក់​ដល់​-៥,៥​ភាគរយ ខណៈ​កម្ពុជា​ខ្លួនឯង​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ​-១,៩​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ