ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ប្រវត្តិ​គ្រូ​គុន​ឡុ​ង សាល​វ័​ន្ត មិន​​សរសើរ​មិន​បាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឡុ​ង សាល​វ័​ន្ត ដែល​មានឈ្មោះ​ដើម​ថា ពិន សំណាង គឺជា​អតីត​កីឡា​ករ​ល្បីឈ្មោះ​មួយ​រូប ដែល​មាន​ស្នាដៃ​រាប់​មិន​អស់…

រាជធានី​ភ្នំពេញ ៖ លោក ឡុ​ង សាល​វ័​ន្ត ដែល​មានឈ្មោះ​ដើម​ថា ពិន សំណាង គឺជា​អតីត​កីឡា​ករ​ល្បីឈ្មោះ​មួយ​រូប ដែល​មាន​ស្នាដៃ​រាប់​មិន​អស់ តាំងពី​នៅ​ប្រដាល់ ។ លោក​មាន​ប្រវត្តិ​តស៊ូ​ក៏​មិន​អន់​ដែរ ទម្រាំ​តែ​លោក​អាច​ឈរជើង​ជា​គ្រូបង្វឹក​កីឡាករ​ជម្រើសជាតិ ដែល​កំពុង​ល្បីឈ្មោះ​នៅ​ក្នុង​ពេល​នេះ​។

លោក ឡុ​ង សាល​វ័​ន្ត គឺជា​សន្តិសុខ​យាម ពេល​យប់​ប្រចាំ​នៅ​ក្រុមហ៊ុន​លក់​រថយន្ត​មួយ​កន្លែង នៅ​រាជធានី​ភ្នំពេញ បន្ថែម​ពីលើ​អាជីព​គ្រូបង្វឹក​បច្ចុប្បន្ន ។ លោក​កើត​នៅ​ក្នុង​ត្រកូល​កសិករ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​កង់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ។

លោក ឡុ​ង សាល​វ័​ន្ត ក៏​ធ្លាប់​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ទឹកដី​កំណើត មុន​ពេល​លោក​ចូល​ប្រឡូក​កីឡាប្រដាល់​គុន​ខ្មែរ​ផង​ដែរ ។ លោក​ចូល​ប្រឡូក​ក្នុង​អាជីព​មួយ​នេះ កាលពី​ឆ្នាំ​១៩៩០ គឺ​នៅ​ពេល​លោក​មាន​អាយុ​២០​ឆ្នាំ ព្រោះតែ​ចង់រក​លុយ ។ នៅ​ឆ្នាំ​១៩៩២ កីឡាករ ឡុ​ង សាល​​វ័​ន្ត បាន​ឡើង​ប្រកួត​លើ​សង្វៀន​នៅ ខេត្តបាត់ដំបង ដោយ​ប្រកួត​ដំបូង​ជាមួយ​កីឡាករ ខាំ ភូ​ថង ហៅ​ក្តាម និង​បន្ត​ការ​ប្រកួត​ឈ្នះ​ៗ ប្រមាណ​១០​ប្រកួត ទើប​គ្រូ​ឱ្យ​ឡើង​មក​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ថៃ​មួយ​រូប ហើយ​ក៏​មានការ​ចាប់អារម្មណ៍​ក្រោយ​ពី​លោក​មានសំណាង​បាន​ឈ្នះ​ជា​បន្តបន្ទាប់ ។ ជា​កូនកំព្រា​ឪពុក​តាំងពី​ឆ្នាំ​១៩៧៥ ឡុ​ង សាល​វ័​ន្ត បាន​សម្រេចចិត្ត​មក​ហ្វឹកហាត់​នៅ​ភ្នំពេញ បើ​ទោះជា​ជីវិត​នៅ​ក្នុង​ពេល​នោះ ពោរពេញ​ដោយ​ការ​ផ្សងព្រេង​។

លោក​ហ្វឹកហាត់​ក្នុង​ក្លិប​ប្រដាល់​ក្រសួងមហាផ្ទៃ​ជាមួយ​លោកគ្រូ មាស សុ​គ្រី និង​លោកគ្រូ
ទិ​ត្យ ម៉ៃ​ទី ហើយ​ជា​ភ័ព្វសំណាង​លោក​ក៏​តែងតែ​ដណ្តើម​បាន​ម្ចាស់​ជ័យ​លា​ភី​ពានរង្វាន់​ជា​បន្ត​បន្ទាប់ ដោយ​បាន​ចំណាត់ថ្នាក់​លេខ​១ លេខ​២ ជា​ហូរហែ ។ អ្វី​ដែល​លោក​ចង​ចាំ​មិន​ភ្លេច​នោះ​គឺ​ការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ជាមួយ​កីឡាករ អេ ភូ​ថង នា​ឆ្នាំ​១៩៩៧ ដណ្តើម​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១ ដោយ​លោក​រង​របួស​បាក់ដៃ​ឆ្វេង​តាំង​តែ​ទឹក​ទី​៣ ហើយ​តស៊ូ​បន្ត​ការ​ប្រកួត ដោយ​យកដៃ​ស្តាំ​លើក​យួរ​វ៉ៃ​បន្ត​រហូត​ដល់​ទឹក​ទី​៥ លើកដៃ​លែង​រួច ទើប​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត ។

ក្រោយ ពេល​ព្យាបាល​បាក់ដៃ​រួច មាន​ក្មេង​ៗ​ជា​ច្រើន​សុំ​ហ្វឹកហាត់​ជាមួយ ទើប​លោក​សម្រេច​បើក​ក្លិប​ខ្លួនឯង​តែ​ម្តង ។ ជាមួយ​គ្នា​នេះ នៅ​ក្នុង​ពេល​ហ្វឹកហាត់​ប្រកួត​លើ​សង្វៀន ក៏​លោក​ខិត​ខំរៀន​បណ្តើរ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ដោយ​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​សន្ធរ​ម៉ុ​ក រាជធានី​ភ្នំពេញ អំឡុង​ឆ្នាំ​១៩៩៧ រហូត​ដល់​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី​១២ ។ នៅ​ក្នុង​ការ​រស់នៅ​រាជធានី​ភ្នំពេញ លោក​ធ្លាប់​បាន​ហ្វឹកហាត់​កីឡា​ជា​ច្រើន​ប្រភេទ​ដែរ ដូច​ជា​ប្រភេទ​កីឡា​កាយសម្ព័ន្ធ តេ​ក្វា​ន់​ដូ​ជាដើម ប៉ុន្តែ​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ គឺជា​ចំណង់​ចូល​ចិត្តខ្លាំង​របស់​លោក ដែល​លោក​តែងតែ​រៀនចំណេះ​ទូទៅ​បណ្តើរ ឡើង​ប្រកួត​លើ​សង្វៀន​រក​លុយ​ដោះស្រាយ​ជីវភាព​បណ្តើរ​។

នៅ​ក្នុង​ឆ្នាំ​១៩៩៨ លោក​មាន​ប្រពន្ធ ហើយ​ក៏​ជា​ឆ្នាំ​ដែល​លោក​បាន​ប្រែក្លាយ​ពី​កីឡាករ​មក​ជា​គ្រូ បង្វឹក​ដោយ​បើក​ក្លិប​ប្រដាល់​គុន​ខ្មែរ​ដោយ​ខ្លួនឯង នៅ​សង្កាត់​ព្រែក​លៀប បច្ចុប្បន្ន​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ដោយ​កន្លែង​ក្លិប​នោះ​លោក​សុំ​គ្រូ​របស់​ខ្លួន ។ ក្នុង​ឆ្នាំ​១៩៩៩ លោក​បាន​ប្តូរ​ទីតាំង​ក្លិប​ពី​ព្រែក​លៀប មក​ហ្វឹកហាត់​នៅ​បុរី​កីឡា ហើយ​នៅ​ឆ្នាំ​២០០៣ ក្លិប​នេះ​ប្តូរ​ទីតាំង​មក​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​វិញ រហូត​ដល់​បច្ចុប្បន្ន​។

ស្ថិត​នៅ​ក្នុង​វ័យ​៤៨​ឆ្នាំ លោកគ្រូ ឡុ​ង សាល​វ័​ន្ត បាន​រៀបរាប់​ទៀត​ថា ឆ្លងកាត់​ការ​តស៊ូ​២២​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ថា​បាន​ជួប​អស់ហើយ មិន​ថា​ត្រជាក់​ក្តី ក្តៅ​រងា​ក្តី ដោយ​ត្រូវធ្វើ​ជា​ប្រធាន​ក្លិប​ផង គ្រូបង្វឹក​ផង កីឡាករ​ផង ដោយ​ធ្លាប់​បាន​ឆ្លងកាត់​គ្រប់​រសជាតិ ឈឺ​ក៏​ឈឺ សប្បាយ​ក៏​សប្បាយ ហត់​ក៏​ហត់​ដែរ សម្រាប់​ជំនាញ​កីឡាប្រដាល់​គុន​ខ្មែរ​នេះ ។ តាំងពី​បោះបង់​ការ​ប្រដាល់ លោក​បាន​បណ្តុះបណ្តាល​កីឡាករ​ចាស់​ថ្មី​ឱ្យ​ចូលរួម​ប្រកួត និង​អភិវឌ្ឍន៍​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ជា​បន្តបន្ទាប់ ហើយ​ក្នុង​នោះ​លោក​ក៏​ធ្លាប់​ធ្វើ​ជា​មន្ត្រី​គណៈកម្មការ​បច្ចេកទេស​ចូលរួម​ផ្តល់​ពិន្ទុ​ការ​ប្រកួត និង​ជា​អតីត​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ រួម​ជាមួយ​គ្រូបង្វឹក​ធំ​ដឹកនាំ​កីឡាករ​ចេញ​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ ។

លោក​បាន​លើក​ឡើង​ថា សម្រាប់​ការ​ទ្រទ្រង់​ក្លិប គឺ​បាន​មក​ពី​ការ​បង់ថ្លៃ​ប្រមាណ​១០​ភាគរយ​នៃ​ប្រាក់​រង្វាន់ ឬ​តម្លៃ​ខ្លួន​ប្រកួត​របស់​កីឡាករ​ក្នុង​ក្លិប​របស់​លោក និង​មានការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ខ្លះ​ៗ ម្តងម្កាល​ប៉ុណ្ណោះ​ពី​សប្បុរសជន និង​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ។ ក្រៅពី​នោះ​គឺ​លោក​ធ្វើការ​ក្រៅ​រក​ប្រាក់​បន្ថែម​ផង​ដែរ គឺ​ធ្វើ​ជា​សន្តិសុខ​យាម​ពេល​យប់​ពី​ម៉ោង​៦​ល្ងាច​ដល់ ម៉ោង​៦​ព្រឹក ដែល​ការងារ​នេះ​លោក​ធ្វើ​បាន​រយៈពេល​៣​ឆ្នាំ​ហើយ ដើម្បី​រក​លុយ​ទ្រទ្រង់​ដល់​ជីវភាព ។ លោក​មានកូន​ក្នុង​បន្ទុក​ចំនួន​៤​នាក់ គឺ​ស្រី​៣ និង​ប្រុស​១ ដោយ​ក្នុង​នោះ​ក៏​ត្រូវ​រ៉ាប់រង​លើ​កូនសិស្ស​ក្នុង​ក្លិប​ផង​ដែរ ។

លោក​និយាយ​ថា លោក​បាន​បណ្តុះបណ្តាល​យុវជន​ជា​កីឡាករ​សម្រាប់​ការ​ប្រកួត​នានា​ជា​បន្ត​បន្ទាប់ ហើយ​អ្នកខ្លះ​បាន​ក្លាយ​ខ្លួន​ជា​គ្រូបង្វឹក ហើយ​កីឡាករ​ល្បីល្បាញ​ក្នុង​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ មិន​តិច​ទេ ដែល​លោក​បាន​បណ្ដុះ​ឱ្យ​ល្បី ដូច​ជា ឡុ​ង វិបុល​, រៀម កុសល​, ឡុ​ង វ៉ា​ន់​ថន​, ឡុ​ង វ៉ា​ន់​ថេ​ត​, បឿ​ត សំខាន់​, បឿ​ត ខាំ ជាដើម​។ ក្រៅពី​នេះ​មាន​ដូច​ជា ឡុ​ង ជ័យ​សុផល​, ម៉ែ​ន ពីងពាង​, ម៉ឺន វ៉ា​, ឡុ​ង បូ​ឡា​, ឡុ​ង ភិន ហើយ​បច្ចុប្បន្ន កីឡាករ​ល្បី​ៗ​មាន​ដូច​ជា ឡុ​ង សុវណ្ណ​ឌឿ​ន​, ឡុ​ង សំណាង​, ឡុ​ង បេង​លឿន ជាដើម​។

ជា​រួម កីឡាករ​នៅ​ក្លិប​ប្រដាល់​សាល​វ័​ន្ត​គុន​ខ្មែរ ក្រោម​ការ​បង្វឹក​ពី​លោក​ផ្ទាល់​មាន​ចំនួន​រាប់​ពាន់​នាក់ ដែល​អ្នកខ្លះ​ហាត់​ហើយ​ក៏​បោះបង់ អ្នកខ្លះ​ទៀត​ក៏​ប្រកប​អាជីព​ប្រដាល់​ដែរ ។ ប្រសិនបើ​កីឡាករ​ខិតខំ​ហ្វឹកហាត់​ដោយ​ក្តី​អំណត់​ព្យាយាម​នោះ ពេល​ឡើង​ប្រកួត​ជាតិ និង​អន្តរជាតិ​តាម​បណ្តា​ស្ថានីយទូរទស្សន៍​ក៏​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ដែរ ដែល​មានការ​ប្រកួត​រៀង​រាល់​ស​ប្តា​ហ៍
ឬ​ច្រើន​ដង​ក្នុង​១​ខែ​ៗ ។ លោក​បញ្ជាក់​បន្ថែម​ថា សម្រាប់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​គ្នា​ឯង​មួយ​លើក​គឺ​ក្នុង​ចន្លោះ​១៥​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល ប្រកួត​គូ​ឯក​ចន្លោះ​៣៥​ម៉ឺន​រៀល​ទៅ​៤០​ម៉ឺន​រៀល ។ រីឯ​ប្រកួត​អន្តរជាតិ​មាន​ខ្លះ​ឡើង​ដល់ ១.០០០​ដុល្លារ អ្នកខ្លះ​១​ប្រកួត​ទទួល​បាន​៣០០​ដុល្លារ​, ៤០០​ដុល្លារ និង​៥០០​ដុល្លារ សម្រាប់​អ្នក​ដែល​ខិតខំ​អភិវឌ្ឍន៍​ខ្លួន​បាន​ល្អ​។

លោក ឡុ​ង សាល​វ័​ន្ត បន្ត​ថា មក​ទល់​មកនេះ លោក​កាន់តែ​សប្បាយ​ចិត្តនឹង​ការងារ​ជា​គ្រូបង្វឹក ជា​ពិសេស​គឺ​បន្ទាប់​ពី​ត្រូវ​បាន​សហព័ន្ធ និង​ក្រសួង​ជ្រើសរើស​លោក​ធ្វើ​ជា​គ្រូបង្វឹក​កីឡាករ​ជម្រើស​ជាតិ នៅ​ក្នុង​អាណត្តិ​ថ្មី ។ លោក​ប្រកាស​ថា នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ជំរុញ​​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ឱ្យ​មានការ​ឈាន​ឡើង និង​ឈ្នះ​មេដាយ​កាន់តែ​ច្រើន​បន្ថែម​ទៀត ។ លោក​សំណូមពរ​ឱ្យ​យុវជន​នានា​ចូលរួម​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​សុខភាព​ផង និង​ដើម្បី​ការ​ប្រកួត​រក​លុយ​ដោះស្រាយ​ជីវភាព​ផង ក៏​ដូច​ជា​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​តទៅ​ថ្ងៃ​អនាគត ។

ជា​ពិសេស​គឺ​គោលដៅ​ដ៏​ធំធេង​ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាង​មុខ ។ អតីត​គ្រូ​ជំនួយ​ជម្រើសជាតិ​កម្ពុជា លោក ឡុ​ង សាល​វ័​ន្ត និង​គ្រូធំ លោក អេ ភូ​ថង បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣០ នៅ​ប្រទេស​ហ្វី​លី​ពី​ន កាលពី​ខែវិច្ឆិកា​-​ខែធ្នូ ឆ្នាំ​២០១៩ កន្លង​មកនេះ ដោយ​ដណ្តើម​បាន​មេដាយ​សំរឹទ្ធិ ចំនួន​៥​គ្រឿង ។

ជា​ចុង​ក្រោយ លោក ឡុ​ង សាល​វ័​ន្ត បាន​សំណូមពរ​ដល់​មហាជន​នានា​ដែល​ស្រឡាញ់​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ សូម​ជួយ​គាំទ្រ​លើកទឹកចិត្ត​តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ជា​សម្ភារ ឬ​ថវិកា​ដល់​កីឡាករ ឬ​ក្លិប​ដែល​មានការ​ខ្វះខាត​ទោះ​តិច​ក្តី ច្រើន​ក្តី ដើម្បី​ជួយ​ជំរុញ​លើកកម្ពស់​វិស័យ​ប្រដាល់​គុន​ខ្មែរ​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ