ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តរតនគិរី ៖ ប្រវត្តិ​កកើត និង​ថ្នាក់​ដឹក​នាំ

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​៥៨៨​គីឡូម៉ែត្រ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្ត​ក​ន្ទូ​ម និង​ខេត្ត​យ៉ា​ឡាយ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ខាងលិច​ជាប់​នឹង​ខេត្តស្ទឹងត្រែង ខាងជើង​ជាប់​នឹង​ខេត្ត​អត្ត​ពឺ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ…

ខេត្តរតនគិរី ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចម្ងាយ​ពី​រាជធានី​ភ្នំពេញ​៥៨៨​គីឡូម៉ែត្រ មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្ត​ក​ន្ទូ​ម និង​ខេត្ត​យ៉ា​ឡាយ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ខាងលិច​ជាប់​នឹង​ខេត្តស្ទឹងត្រែង ខាងជើង​ជាប់​នឹង​ខេត្ត​អត្ត​ពឺ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ និង​ត្បូង​ជាប់​នឹង​ខេត្តមណ្ឌលគិរី ។

ឯកសារ​រដ្ឋបាល​ខេត្ត​ឲ្យ​ដឹង​ថា​ខេត្តរតនគិរី បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​អង្គារ ៩​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥០១ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​១៩៥៩ ឡាយព្រះហស្តលេខា​ដោយ សម្តេច​ព្រះ​នរោត្តម សុរា​ម្រឹត តាម​រយៈ​សំណើ​របស់​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្រសួងមហាផ្ទៃ​ផូ ព្រឿ​ង និង​នាយក​រដ្ឋមន្ត្រី​ស្តីទី​សុ​ន សាន ដែល​ត្រូវ​បាន​កាត់​ចេញពី​ខេត្តស្ទឹងត្រែង មាន​ទីរួមខេត្ត​នៅ​ស្រុក​អណ្តូង​ពេជ្រ (​ស្រុក​បរ​កែវ​បច្ចុប្បន្ន​) ដែល​មាន​ផ្ទៃដី​សរុប​ចំនួន​១០.៤៥០​គីឡូម៉ែត្រ​ការេ​៉ មានស្រុក​ចំនួន​៣ គឺ​ស្រុក​វើ​ន​សៃ មាន​ផ្ទៃដី​ទំហំ ២.៨១០​គីឡូ​ម៉ែត្រការ៉េ​(​ឃុំ​ប៉ោយ កាឡៃ កោះ គៀក ឡា​អិន តា​វែង គោក​លាក់​) ស្រុក​អណ្តូង​ពេជ្រ​(​បរ​កែវ​បច្ចុប្បន្ន​) មាន​ផ្ទៃដី​ទំហំ​២.៨១០ ម៉ែត្រ​ការ៉េ​(​ឃុំ​កោះ​ញ៉ៃ បាំ​ទុង​ចត ណា​ង​ប៉ាក ប៉ៃ​ហ៊ា ម៉ាក ខឹង ឡា​ម៉​ង​) និង​ស្រុក​លំ​ផាត់ មាន​ផ្ទៃដី​ទំហំ​៥.៤៥០ គីឡូ​ម៉ែត្រការ៉េ​(​ឃុំ​លើង ជិប លុង​ឃុ​ង កា​ឡែ​ង បាង​តាង ឡំ​បាង នឹក ទើ​ន​) ។

ស្ថិត​នៅ​ក្នុង​របប​សង្គមរាស្ត្រនិយម​អតីត​អភិបាលខេត្ត ដែល​នៅ​ក្នុង​សម័យ​នោះ​ហៅ​ថា ប្រធាន​ខេត្ត មានឈ្មោះ​លោកតា​អ៊ុ​ង ញ៉​ច ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ឲ្យ​ដឹកនាំ​ខេត្តរតនគិរី ចាប់ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦៨ លោកតា​ឈូ ស៊ា​ន ឆ្នាំ​១៩៦៨ ដល់​ឆ្នាំ​១៩៧០ និង​លោកតា​ស​ង្ស យៀវ ឆ្នាំ​១៩៧០ បញ្ចប់​ត្រឹម​រដ្ឋប្រហារ​លន់ ន​ល់​។

ចំណែកឯ​របាយ​ប្រជាជន​ក៏​មាន​ចំនួន​តិចតួច​នៅឡើយ ភាគច្រើន​មាន​តែ​ជនជាតិ​ដើម​ភាគតិច​ដែល​ជា​ម្ចាស់​ស្រុក​ប៉ុណ្ណោះ​ដែល​រស់នៅ​ច្រើន ពឹង​អាស្រ័យ​ទៅ​លើ​ការ​ធ្វើ​របរ​កសិកម្ម​ពនេចរ និង​ការ​បរបាញ់​សត្វ​សម្រាប់​ចិញ្ចឹមជីវិត ព្រោះ​កាលនោះ​ពុំ​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ខ្វាត់​ខ្វែង​ដូច​បច្ចុប្បន្ន​ឡើយ ។

ស្ថិត​នៅ​ក្នុង​អន្តរ​កាលសម័យ​សង្គមរាស្ត្រនិយម ក្រោម​ការ​ដឹកនាំ​របស់​សម្តេចព្រះ​បរម​រតន​កោដ្ឋ ខេត្តរតនគិរី ដ៏​ដូច​ជា​ខេត្ត ផ្សេង​ៗ​ទៀត​ប្រជាពលរដ្ឋ​បាន​រស់នៅ​ប្រកបដោយ​សុខដុម​រម្យ​នា ទោះ​បីជា​នយោបាយ​ផ្ទៃក្នុង​មានការ​តឹងតែង​រវាង​ក្រុម​អ្នក​ឆ្វេងនិយម និង​សម្តេចព្រះ​នរោត្តម សីហ​នុ យ៉ាងណា​ក៏​ដោយ តែ​ជា​អកុសល​នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ រដ្ឋប្រហារ​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ ន​ល់ បាន​វាយ​ផ្តួលរំលំ​របប​ដឹកនាំ​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ បង្ក​ទៅ​ជា​សង្គ្រាម​រាំ​រ៉ៃ​ផ្ទៃក្នុង​ប្រទេស​។

ក្រោយ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ ហើយ ឧត្តមសេនីយ៍​លន់ ន​ល់ បាន​ប្រកាស​បង្កើត​សាធារណរដ្ឋ​ខ្មែរ មាន​និ​ន្ន​នា​ការ​ងាក​ទៅ​រក​របប​ដឹកនាំ​ក្រុង​វ៉ា​ស៊ី​ន​តោន ហើយ​ការ​ផ្សារ​ភ្ជាប់​ការ​ទាក់ទង​កាន់តែ​ជិត​ស្និទ្ធ​នេះ​ធ្វើ​ឲ្យ​កម្ពុជា​រង​ទុក្ខវេទនា​កាន់តែ​ខ្លាំង​ដោយ​គ្រាប់បែក​អា​មេ​រិ​ក​ទម្លាក់​ពី​យន្តហោះ ។

៥​ឆ្នាំ​ក្រោយមក ថ្ងៃ​១៧ មេ​សា ឆ្នាំ ១៩៧៥ របប​ដឹកនាំ​ស៊ី​រូង​ផ្ទៃក្នុង​ដោយ​អំពើ​ពុក​រលួយ​និង​បក្សពួក​និយម​យ៉ាង​ខ្លាំងក្លា​បំផុត​ទូ​ទាំង​ផ្ទៃ​ប្រទេស បង្ក​ឲ្យ​មាន​ចលនា​បះបោរ​ជា​ថ្មី​ម្តងទៀត​ផ្តួលរំលំ​របប លន់ ន​ល់ បាន​ដួល​រលំ​ខ្ចាត់ខ្ចាយ ហើយ​ចលនា​កុម្មុយនីស្ត​ប៉ុ​ល ពត ឡើង​មក​កាន់កាប់​ប្រទេស​ជំនួស​វិញ ។ ដូច្នេះ​ក្នុង​អន្តរកាល​នេះ ខេត្តរតនគិរី គឺ​ទទួល​បានការ​អភិវឌ្ឍ​តិចតួច​បំផុត ឬ​ស្ទើរតែ​គ្មាន​ការ​រីក​ចម្រើន​ទាល់តែ​សោះ ក្រៅពី​ការ​ខិតខំ​ប្រឹងប្រែង​រស់​យ៉ាង​វេទនា​ជាទី​បំផុត​របស់​ប្រជាជន ។

ខេត្តរតនគិរី ចាប់ពី​ឆ្នាំ​១៩៧៥-១៩៧៩
ក្រោយ​ការ​ដួល​រលំ​នៃ​របប​ដឹកនាំ​របស់​សេនាប្រមុខ​លន់ ន​ល់ ប្រជាជន​កម្ពុជា​បាន​រស់នៅ​យ៉ាង​វេទនា​បន្ត​ទៀត​ក្រោម​ការ​ដឹកនាំ​រប​ស់ប៉ុល ពត ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ដែល​កាល​នោះ​ការ​កាប់សម្លាប់​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​៣​លាន​នាក់​បាន​ស្លាប់​ដោយ​ភាព​អយុត្តិធម៌​បំផុត ។

ក្រោយ​របប​ដ៏​ឃោរឃៅ​នេះ​កើតឡើង ក្រុម​អ្នក​ស្នេហា​ជាតិ​បាន​ចាប់ផ្តើម​ធ្វើ​ចលនា​រំដោះប្រទេស​ដែល​ដឹកនាំ​ដោយ​សម្តេច​ទាំង​បី មាន​សម្តេច​ជា ស៊ី​ម សម្តេច​ហេង សំ​រិ​ន និង​សម្តេច​តេ​ជោ​ហ៊ុន សែន រួម​ជាមួយ​ឥស្សរជន​ជាន់ខ្ពស់​មួយ​ចំនួន ក្នុង​នោះ​មាន​យុទ្ធ​ជន​ជនជាតិ​ដើម​ភាគតិច​ប្រសូត​ចេញពី​ភូមិភាគ​ឦសាន ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ប៊ូ ថង និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ស៊ើ​យ កែវ សម​មិត្ត​ប៊ុ​ន មី សម​មិត្ត​ថង ម៉ៃ និង​យុទ្ធ​មិត្ត​រួម​អាវុធ​ជា​ច្រើន​រូប​ទៀត បាន​ចូលរួម​ក្នុង​ចលនា​វាយ​រំដោះប្រទេស​ចេញពី​របប​ដ៏​ខ្មៅ​ងងឹត ប៉ុ​ល ពត រហូត​ទទួល​បាន​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​១៩៧៩ ។

តាម​រយៈ​ភស្តុ​តាង​ប្រវត្តិសាស្ត្រ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ខេត្តរតនគិរី កាលនោះ​ការ​គ្រប់គ្រង និង​ដឹកនាំ​ស្ថិត​នៅ​លើ​អំណាច​យោធា ពុំ​មាន​រចនាសម្ព័ន្ធ​រដ្ឋបាល​ដែនដី​ច្បាស់លាស់​ឡើយ ដូច្នេះ​ពុំ​មានការ​អភិវឌ្ឍ​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​បំផ្លាញ​ខ្ទេចខ្ទី​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​កាប់សម្លាប់​រង្គាល​នា​សម័យ​នោះ​។

ខេត្តរតនគិរី ចាប់ពី​ឆ្នាំ​១៩៧៩-​បច្ចុប្បន្ន
ក្រោយ​ថ្ងៃ​រំដោះ​៧ ខែមករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តរតនគិរី បាន​រួច​ផុត​ពី​ទុក្ខវេទនា​នៃ​គុក​ឥត​ជញ្ជាំង ។ ដោយ​ចាប់ផ្តើម​ពី​ចំណុចសូន្យ កម្ពុជា​បាន​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​ដែល​ពោរពេញ​ដោយ​ឧបសគ្គ និង​ការ​លំបាក​ច្រើន​រាប់​មិន​អស់​ទម្រាំ​ឈាន​ដល់​ដំណាក់កាល​បច្ចុប្បន្ន ក្រោម​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​ជំរុញ​ស្តារ​ខឿនសេដ្ឋកិច្ច​គ្រប់​វិស័យ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងឡាយ​ដែល​រង​ការ​ខូចខាត​ស្ទើ​គ្មាន​សេសសល់ ឲ្យ​មានការ​រីក​ចម្រើន​លូតលាស់​ត្រសែត​ត្រសង​គ្នា​គ្រប់​វិស័យ ។

ចាប់ពី​ឆ្នាំ​១៩៧៩ ខេត្តរតនគិរី បាន​រៀបចំ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​មាន​ទីរួមខេត្ត​នៅ​ស្រុក​វើ​ន​សៃ ក៏​ប៉ុន្តែ​ដោយសារ​ស្ថានភាព​ប្រទេស​ទើបតែ​រួច​ផុត​ពី​សង្គ្រាមរ៉ាំរ៉ៃ ខេត្តរតនគិរី​នៅ​ពេល​នោះ​ពុំ​ទាន់​មាន​ផ្លូវ​គមនាគមន៍​ត​ភ្ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នោះ​ទេ គឺ​ការ​ធ្វើ​ដំណើរ​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​យន្តហោះ ឬ​ត្រូវធ្វើ​ដំណើរ​វាង​តាម​ប្រទេស​វៀតណាម ដើម្បី​ទៅ​កាន់​រាជ​ធានី​ភ្នំពេញ ។

ក្រោយ​សង្គ្រាម​កម្ពុជា​ទទួល​រង​នូវ​ការ​លំបាក​ជា​ច្រើន​ឥត​គណនា ភារកិច្ច​ជា​មូលដ្ឋាន​នៃ​រដ្ឋា​ភិបាល​កាលនោះ គឺ​ដៃ​ម្ខាង​បង្កបង្កើន​ផល​ស្តារ​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ដៃ​ម្ខាង​ទៀត​ប្រយុទ្ធ​ទប់ស្កាត់​ការ​វិល​ត្រឡប់​នៃ​របប​ប្រល័យពូជសាសន៍​មិន​ឲ្យ​កើត​ឡើងជា​ថ្មី​ម្តង​ទៀត ។ កត្តា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ បាន​បង្កើត​ឱកាស​មាស​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ឲ្យ​សម្រេច​បាន​សមិទ្ធផល​យ៉ាង​ធំ​ធេ​ញ​គួរ​ជាទី​មោ​ទ​នៈ​ក្នុង​រយៈពេល​ជាង​២​ទស​វត្ស​ចុង​ក្រោយ​នេះ​។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​គមនាគមន៍​ត្រូវ​បាន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ មក​កាន់​ខេត្តរតនគិរី និង​ត​ភ្ជាប់​ពី​ខេត្តរតនគិរី ទៅ​បណ្តា​ខេត្ត ផ្សេង​ៗ​ទៀត ក្នុង​គោលដៅ​ជម្រុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ពិសេស​ការ​ដឹក​ជញ្ជូន ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ ។

អតីត​ថ្នាក់ដឹកនាំ​ខេត្តរតនគិរី ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​បច្ចុប្បន្ន
-​ឯកឧត្តម​ប៊ូ ជួង (១៩៧៩-១៩៨៨)

ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ស្តារ​ឡើង​វិញ​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធ​រដ្ឋបាល​ដែនដី និង​ការ​គ្រប់គ្រង ក្នុង​នោះ​អតីត​អភិបាលខេត្ត​រតនគិរី ឯកឧត្តម​ប៊ូ ជួង បាន​កាន់​តំណែង​ជា​អភិបាលខេត្ត ដឹកនាំ​ខេត្តរតនគិរី ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៨ ។

នៅ​ក្នុង​ចន្លោះ​នេះ​ទីរួមខេត្ត​រតនគិរី ត្រូវ​បាន​ប្តូរ​ពី​ស្រុក​វើ​ន​សៃ មក​ក្រុង​បាន​លុង​វិញ នៅ​ឆ្នាំ​១៩៨០ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ព្រឹទ្ធាចារ្យ​ប៊ូ ថង និង​បាន​ខិតខំ​អភិវឌ្ឍន៍ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​ឡើង​វិញ​ដូច​ជា ការ​រៀបចំ​ប្លង់​គោល​ទីប្រជុំជន​ក្រុង និង​ការ​សាងសង់​វា​រី​អគ្គិសនី​អូរ​ជុំ ដែល​ជា​វា​រី​អគ្គិសនី​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​មាន​សមត្ថភាព​ផលិត​អគ្គិសនី​បាន​១​មេ​ហ្កា​វ៉ា​ត់ សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​តំបន់ ក្រោម​គំនិត​ផ្តួចផ្តើម និង​ការ​ដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ព្រឹទ្ធាចារ្យ​ប៊ូ ថង រួម​និង​ឥស្សរជន​មួយ​ចំនួន​ទៀត សម្រេច​បានជា​ស្ថាពរ​នៅ​ឆ្នាំ​១៩៩៣ ។

ក្នុង​អំឡុង​ក្រោយ​ឆ្នាំ​១៩៧៩ ជា​បន្តបន្ទាប់​រាជ​រា​ដ្ឋា​ភិ​បាល​កម្ពុជា បាន​សម្រេច​បង្កើត​ស្រុក និង​ឃុំ​ថ្មី​មួយ​ចំនួន​បន្ថែម​ទៀត រួម​មានស្រុក​បាន​លុង ស្រុក​អូ​រយ៉ា​ដាវ ស្រុក​កូន​មុំ ស្រុក​អណ្តូង​មាស ស្រុក​តា​វែង និង​ស្រុក​អូរ​ជុំ ។

បន្ទាប់​មក​ទៀត​ថ្នាក់ដឹកនាំ​ដែល​បាន​កាន់​តំណែង​ជា​អភិបាលខេត្ត​រួម​មាន​៖
– លោក​ជំទាវ​ឡាក់ អូន (​ឆ្នាំ​១៩៨៨-១៩៩៣) ។
– ឯកឧត្តម ខាំ ឡែ​ន (​ឆ្នាំ​១៩៩៣-១៩៩៥) ។
–​ឯកឧត្តម​កែប ជុតិមា (​ឆ្នាំ​១៩៩៥-១៩៩៩)​។
–​ឯកឧត្តម ខាំ ខឿន (​ឆ្នាំ​១៩៩៩-២០០៥) ។
–​ឯកឧត្តម​មួ​ង ប៉យ (​ឆ្នាំ​២០០៥-២០០៩)​។
–​ឯកឧត្តម​ប៉ាវ ហម​ផា​ន (​ឆ្នាំ​២០០៩-២០១៤)​។
–​ឯកឧត្តម​ថង សា​វុន (​ឆ្នាំ​២០១៤-​បច្ចុប្បន្ន​) ។

បច្ចុប្បន្ន​រដ្ឋបាល​ខេត្តរតនគិរី ត្រូវ​បាន​បែងចែក​រចនាសម្ព័ន្ធ​រដ្ឋបាល​ដែនដី​ជា​១​ក្រុង ៨​ស្រុក ៤​សង្កាត់ ៤៦​ឃុំ និង​២៤៣​ភូមិ មាន​ប្រជាជន​សរុប​ចំនួន ២០១.៥៤៧​នាក់ ស្រី​ចំនួន ៩៩.២៣៨ នាក់ គ្រួសារ​សរុប​ចំនួន ៤៦.០៨៣ គ្រួសារ ពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​មាន​ចំនួន ១០១.៣៩០​​នាក់ មាន​ដង់ស៊ីតេ​ប្រជាជន ១៨ នាក់ ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ (​ស្ថិតិ​ឆ្នាំ​២០១៨) អត្រាកំណើន​ប្រជាជន​ប្រចាំឆ្នាំ​មាន​៣,០៦%​។

ខេត្តរតនគិរី ជា​ខេត្ត​មួយ​ចម្រុះ​ដោយ​ជនជាតិ​ដើម​ភាគតិច​មាន​ប្រមាណ​ជាង​៦០% នៃ​ប្រជាពល​រដ្ឋ​សរុប មាន​ចំនួន​៨​ជនជាតិ រួម​មាន​៖ ជនជាតិ​ទំពួន កាចក់ កា​វែ​ត លន់ ព្រៅ ចា​រាយ ព្នង និង​គ្រឹ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ