ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្រុង​បាត់ដំបង​ដាច់​ចិត្ត​ចេញ​សេចក្ដីសម្រេច​ផាកពិន័យ​បទល្មើស​សំរាម ក្រោយ​ដេក​អោប​អនុ​ក្រិ​ត្យ​ជិត​០៥​ឆ្នាំ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​មហាជន​ចង្អុលមុខ​ចំ​ៗ​ដល់​មន្ត្រី ឬ អាជ្ញាធរ​ក្រុង​អំពី​ភាព​«​អសកម្ម​» ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ភាព​ស្ពឹក​ស្រពន់​ក្នុង​ការ​អនុវត្ត​ច្បាប់​គ្រប់​គ្រប​កាក​សំណល់​នៅ​ក្នុង​ក្រុង​.. ពេល​នេះ​លោក​ចៅហ្វាយ​ក្រុង​ទើប​ដាច់​ចិត្ត​ចេញ​សេចក្ដីសម្រេច​បង្កើត​ក្រុមការងារ​ពិគ្រោះ​យោបល់ ដើម្បី​ធ្វើការ «​ផាកពិន័យ​ដល់​ជន​គ្មាន​សណ្ដាប់ធ្នាប់​ក្នុង​ការ​ទុកដាក់​កាក​សំណល់​»…

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​មហាជន​ចង្អុលមុខ​ចំ​ៗ​ដល់​មន្ត្រី ឬ អាជ្ញាធរ​ក្រុង​អំពី​ភាព​«​អសកម្ម​» ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ភាព​ស្ពឹក​ស្រពន់​ក្នុង​ការ​អនុវត្ត​ច្បាប់​គ្រប់​គ្រប​កាក​សំណល់​នៅ​ក្នុង​ក្រុង​.. ពេល​នេះ​លោក​ចៅហ្វាយ​ក្រុង​ទើប​ដាច់​ចិត្ត​ចេញ​សេចក្ដីសម្រេច​បង្កើត​ក្រុមការងារ​ពិគ្រោះ​យោបល់ ដើម្បី​ធ្វើការ «​ផាកពិន័យ​ដល់​ជន​គ្មាន​សណ្ដាប់ធ្នាប់​ក្នុង​ការ​ទុកដាក់​កាក​សំណល់​» ក្រោយ​ពី​អាជ្ញាធរ​នេះ​ដេក​អោប «​អនុ​ក្រិ​ត្យ​» ស្ដី​ពី​ការ​គ្រប់គ្រង​កាក​សំណល់​នេះ​អស់​រយៈពេល​ជិត​០៥​ឆ្នាំ ។

បើ​គិត​ត្រិ​ម​ពាក់កណ្ដាល​ខែកក្កដា ២០២០ នេះ អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២៧ ខែសីហា ២០១៥ ស្ដី​ពី «​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​» គឺ​ខ្វះ​តែ​ជាង​១​ស​ប្ដា​ហ៍​ប៉ុណ្ណោះ មាន​អាយុ​០៥​ឆ្នាំ​គត់ ដែល​អាជ្ញាធរ​ក្រុង​-​ខេត្ត​ដេក​អោប​យ៉ាង​ត្រជាក់ មិន​យក​មក​អនុវត្ត ។ អនុ​ក្រិ​ត្យ​នេះ ហាក់​គ្មាន​ដំណើរការ​អ្វី​បន្តិច​សោះ ចាប់តាំងពី​ថ្ងៃ​រាជរដ្ឋាភិបាល ចុះហត្ថលេខា​ជា​ផ្លូវការ​មក ។ បាន​ត្រឹមតែ​អប់រំ​ណែនាំ​បំពង​សម្លេង​តាម​មេក្រូ ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ឆ្វែល​ពេញ​ក្រុង​តែ​ប៉ុណ្ណោះ ខណៈ​កាក​សំណល់​ស្អុយរលួយ ត្រូវ​បាន​មនុស្ស​គ្មាន​សណ្ដាប់ធ្នាប់​ដឹក​បោះចោល​ពាសពេញ​តាម​ដងផ្លូវ និង​តាម​មាត់​ស្ទឹង​សង្កែ នៅ​ក្នុង​ក្រុង ។

តើ​អាជ្ញាធរ​មិន​ទាន់​ត្រៀមលក្ខណៈ​ក្នុង​ការ​ចូលរួម​អនុវត្ត លើ​អនុ​ក្រិ​ត្យ​នេះ ឬ​ភ្លេច​អនុវត្ត​.. បានជា​សម្ងំ​អោប​អនុ​ក្រិ​ត្យ​នេះ​រហូត​ជិត​ដល់​ទៅ​០៥​ឆ្នាំ ទើប​ដាច់​ចិត្ត​ចេញ​សេចក្ដីសម្រេច ដោយ​ភ្ជាប់​នឹង​អនុ​ក្រិ​ត្យ​នេះ ដើម្បី​ធ្វើការ​ផាកពិន័យ​បទល្មើស​សំរាម​.​?

កន្លង​មក​មាន​គ្រប់​ម​ជ្ឍ​ដ្ឋា​ន រាប់​ទាំង​មន្ត្រី​នានា​ផង បាន​ធ្វើការ​រិះគន់​យ៉ាង​ពេញទំហឹង​អំពី​ភាពយឺត​យ៉ាវ ស្ពឹក​ស្រពន់ និង​ការ​មិន​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ក្រុង ចំពោះ​សំរាម​ដ៏​ស្អុយរលួយ ដែល​ត្រូវ​មនុស្ស​មួយ​ចំនួន​ដឹក​យក​ទៅ​បោះចោល​តាម​ចិញ្ចើមថ្នល់ និង​នៅ​តាម​ដងស្ទឹង​សង្កែ​ចំ​កណ្ដាល​ក្រុង ។ ជា​ពិសេស​មតិ​រិះគន់​នេះ​តែង​ផ្ទុះ​ឡើង​នៅ​តាម​បណ្ដា​តុ​កាហ្វេ និង​នៅ​តាម​បណ្ដាញ​សង្គម​នានា​តែ​ម្ដង​។ ប៉ុន្តែ​អាជ្ញាធរ ហាក់​មិន​ឈឺក្បាល​ហាលថ្ងៃ​នឹង​មតិ​រិះគន់​ទាំងនោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​មានការ​ឆ្លើយ​តប បែប​ចំអក​ឡក​ឡើយ​លាប​ព​ណ៍​ទៅ​នឹង​អ្នក​រិះគន់​ទាំងនោះ​វិញ​ថា​ជា​«​ក្រុមប្រឆាំង​»​។

មន្ត្រី​ខ្លះ​បាន​ខ្សឹប​ប្រាប់​កោះសន្តិភាព​ជា​រឿយ​ៗ អំពី​ភាព​«​អសកម្ម​»​របស់​មន្ត្រី​សាលាក្រុង​នេះ ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ការ​គ្រប់គ្រង​កាក​សំណល់ ។ មន្ត្រី​និយាយ​ថា ច្បាប់​គ្រប់គ្រង​សំរាម​តាម​រយៈ​«​អនុ​ក្រិ​ត្យ​»​របស់​រាជរដ្ឋាភិបាល មាននៅ​ក្នុង​ដៃ​ស្រេច​អស់ហើយ នៅឡើយ​តែ​អ្នក​អនុវត្ត​តែ​ប៉ុណ្ណោះ​ដែល​មិន​ព្រម​ធ្វើ ។ គេ​បែរជា​យក​«​អនុ​ក្រិ​ត្យ​»​នោះ​ទៅ​សម្ងំ​ដេក​អោប​មិន​ធ្វើ​សោះ​ទើប​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​កាក​សំណល់​មាន​ភាព​រញ៉េរញ៉ៃ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

យ៉ាងនេះ​ក្ដី តែ​មាន​មន្ត្រី​ខ្លះ​ក៏​បាន​លើក​ឡើង​អំពី​សកម្មភាព​របស់​មន្ត្រី​តាម​សង្កាត់​នានា តែង​ចុះ​ត្រូ​ត​ពិនិត្យ​លើ​ទីតាំង​ចោល​កាក​សំណល់​គ្មាន​សណ្ដាប់ធ្នាប់​ទាំងនោះ​ជា​បន្តបន្ទាប់​ផង​ដែរ តែ​ហាក់​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ឡើយ​។

ទំនង​ដោយសារ​តែ​ទ​ទូល​រង​នូវ​ការ​រិះគន់​ពី​មហាជន និង​តាម​បណ្ដាញ​សង្គម​មិន​បន្ធូរ​ដៃ​អំពី​ភាព​«​អសកម្ម​» គ្រប់​បែប​យ៉ាងនេះ​ហើយ ឬ​អាច​ត្រូវ​ប៉ុយ​ថ្នាក់លើ​ខ្លះ​ៗ​ផង ទើប​នៅ​ថ្ងៃ​ទី​៩ កក្កដា ២០២០ លោក ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង​បាន​បង្ខំចិត្ត ចេញ​សេចក្ដីសម្រេច​យ៉ាង​តន់​ហន់​មួយ​លេខ​៣២/២០ សសរ​ស្ដី​ពី​«​ការ​បង្កើត​ក្រុមការងារ​ពិគ្រោះ​យោបល់​ក្នុង​ការ​បង្កើត​ភ្នាក់ងារ​អនុវត្ត​ផាកពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​អនុ​ក្រិ​ត្យ ស្ដី​ពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​»​។

ក្នុង​សេចក្ដីសម្រេច​របស់​លោក​អភិបាលក្រុង​នេះ​ក៏​បាន​ផ្អែក​ទៅ​លើ «​អនុ​ក្រិ​ត្យ លេខ​១១៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៧ សីហា ២០១៥ ស្ដី​ពី​«​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង ទីប្រជុំជន​»​របស់​រាជរដ្ឋាភិបាល​។

សេចក្ដីសម្រេច​នេះ​មាន​ចំនួន​០៣​ប្រការ ។ ក្រុមការងារ​ពិគ្រោះ​យោបល់ និង ភ្នាក់ងារ​អនុវត្ត​ផាកពិន័យ​អន្តរការណ៍​មាន​សមាស​សភាព​ចំនួន​១៦​រូប នៅ​ក្នុង​ជួរ​រដ្ឋបាល​ក្រុង ក្នុង​នោះ​ក៏​មាន​វត្តមាន​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ផង​ដែរ ដែល​លោក ផេង សិ​ទ្ធី អភិបាលក្រុង​បាត់ដំបង ជា​ប្រធាន ហើយ​ក្រុម​នេះ​ស្ថិត​នៅ​ក្នុង​ប្រការ​១ ។ ក្រុមការងារ​នេះ ត្រូវ​បាន​កំណត់​យ៉ាង​ជាក់លាក់ អំពី​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ដែល​មាន​ចែង​នៅ​ត្រង់​ប្រការ​២ ។ ដោយឡែក​នៅ​ត្រង់​ប្រការ​៣ វិញ គឺ​ដាក់​កំហិត​ឲ្យ​ក្រុមការងារ​ត្រូ​ត​ពិនិត្យ​សំរាម ឬ​កាក​សំណល់​នេះ ត្រូវ​ចុះ​អនុវត្ត​សេចក្ដីសម្រេច​នេះ (​ផាកពិន័យ​) ឲ្យ​មាន​ប្រសិទ្ធភាព ចាប់ពី​ថ្ងៃ​ដែល​លោក​អភិបាលក្រុង ចុះហត្ថលេខា​នេះ​តទៅ ( ៩ ០៧ ២០ )​។

ទោះ​យ៉ាងណា គេ​មិន​ទាន់​ដឹង​ថា តើ​ការ​អនុវត្ត​នេះ ក្រុមការងារ​នឹង​បែងចែក​កម្លាំង ឬ​ប្រើ​បច្ចេកទេស​បែប​ណា​ទេ ក្នុង​ការ​តាម​ឃ្លាំមើល និង​តាម​ចាប់​ជន​ដែល​បោះចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ ដើម្បី​យក​មក​ផាកពិន័យ​តាម​ច្បាប់ ? ពីព្រោះ​បើ​តាម​ការ​សង្កេត​ជាក់ស្ដែង ជន​គ្មាន​សណ្ដាប់ធ្នាប់ ឬ ជន​គ្មាន​មនសិការ​មួយ​ចំនួន​តែង​ដឹក​ជញ្ជូន​សំរាម ឬ​កាក​សំណល់​ស្អុយរលួយ​ផ្សេង​ៗ​យក​ទៅ​បោះចោល​តាម​ចិញ្ចើមថ្នល់ ឬ​នៅ​តាម​មាត់​ស្ទឹង ធ្វើ​ឡើង​នៅ​ពេល​យប់​ស្ងាត់ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​មហាជន​រំពឹង​ថា សេចក្ដីសម្រេច​របស់​សាលាក្រុង​បាត់ដំបង ដែល​ទើបនឹង​ចេញ​ក្ដៅ​ៗ​ខាងលើ​នេះ នឹង​មាន​ប្រសិទ្ធភាព ក្នុង​ការ​អនុវត្ត​នូវ «​អនុ​ក្រិ​ត្យ​» របស់​រាជរដ្ឋាភិបាល ដែល​ងាប់ស្ដូក​ជិត​០៥​ឆ្នាំ​កន្លង​ទៅ​នេះ និង​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អស់សង្ឃឹម​ឡើយ ៕

សូមបញ្ជាក់ ៖ យក​សួនច្បារ​ធ្វើ​ជាទី​ផ្សារ​លក់ដូរ ឯ​​មាត់​ស្ទឹង​សង្កែ​យក​ជាទី​តាំង​ចាក់​កាក​សំណល់​ស្អុយរលួយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ