រាជធានីភ្នំពេញ៖ ជាការកត់សម្គាល់នៅក្នុងការបើកមុខជំនួញថ្មីៗ សហគ្រិនមួយចំនួនហាក់លេចធ្លោក្នុងរយៈពេលខ្លី ក៏ស្រាប់តែបាត់មុខពីពិភពជំនួញទៅវិញ ខណៈសហគ្រិនផ្សេងទៀត ក៏អាចបន្តអាជីវកម្មនិងកាន់តែរីកដុះដាលឡើង ។
ជុំវិញបញ្ហានេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានលើកឡើងថា លោកបានកត់សម្គាល់ឃើញមានច្រើននៅកម្ពុជាដែលកូនខ្មែរមួយចំនួនច្រើនតែរកស៊ីជិះទូក ២ ដែលនេះជាហានិភ័យខ្ពស់ជាន់ទៅការរករលំនៃមុខជំនួញ ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា «នេះជាភាពលោភលន់មួយដែលយើងឃើញកូនខ្មែរយើងមួយចំនួន អនុវត្ត (ជិះទូកជើង២) ម្នាក់ៗសុទ្ធតែជិះទូកជើង ២ ។ ការរកស៊ី គេមិនដែលជិះទូកជើង ២ ទេ សម្រាប់ច្បាប់នៃការរកស៊ី ។ គេធ្វើអ្វីមួយ ដាំអ្វីមួយ គឺគេធ្វើទាល់តែឬសដុះដល់ក្បាលប្រែត គឺឬសរឹងមាំខ្លាំង ចេញមែកចេញផ្លែផ្កា។ ទាល់តែវាហូរហៀរ ធ្វើជាមហាសេដ្ឋី លុយហ្នឹងវាសល់ទើបគេយកលុយហ្នឹង វិនិយោគបន្ថែមលើក្រុមហ៊ុននេះ ឬក្រុមហ៊ុននោះ ធ្វើអញ្ចេះអីទៅ ដើម្បីការពារមុខរបរទី១ ទន់ជ្រាយទៅ គឺមានទី២ ទប់» ។
លោកឧកញ្ញាបានបន្តថា តែនៅខ្មែរយើងភាគច្រើន គឺដកពីក្រុមហ៊ុន A ទៅដាក់ក្រុមហ៊ុន B ឬទៅដាក់ក្រុមហ៊ុន C «ដូច្នេះវានាំឲ្យដើមទុនផិតផើយ ជ្រេរជើងទប់ អ៊ីចឹងនាំឲ្យខ្វះធនធាន ខ្វះលុយ រលំមុខជំនួញទាំងអស់ បាត់ពីពិភពគុណ» ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្តទៀតថា ការបរាជ័យមួយទៀតនោះគឺ បើករកស៊ីភ្លាម ចាប់ផ្តើមចូលហ៊ុនគ្នាភ្លាម ដែលនេះគឺអត់មានរូបមន្តរកស៊ីចូលហ៊ុនគ្នា គឺមានតែក្នុងទ្រឹស្តីតែសម្រាប់ការអនុវត្តជាក់ស្តែងគឺកម្ររមានណាស់ ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្ថែមថា បើសិនជាមានការរកស៊ីចូលហ៊ុនគ្នា គឺត្រូវមានប៉ុន្មានចំណុចចាំបាច់ដែលអ្នកជំនាញណែនាំ នោះគឺ «ហាម កុំឲ្យរកស៊ីជាមួយដៃគូដែលគ្មានជំនាញ និងគ្មានចំណង់ចំណូលចិត្តដូចគ្នា » ។ លោកឧកញ្ញ៉ាបានបន្តថា «ហើយបើចូលហ៊ុន គេឲ្យចូលហ៊ុនដាច់ស្រេចតែម្តង កុំថែមលុយលើកទី១ ប៉ុននេះ ហើយចេះតែដាក់លុយចូលរហូត » ។
ត្រង់នេះមានលោកឧកញ៉ា បានមានប្រសាសន៍បញ្ជាក់ថា បើបើកក្រុមហ៊ុនចូលហ៊ុនគ្នា គឺក្រុមហ៊ុនទាំងមូល បើចុះឈ្មោះ និងរត់ការសព្វបែបយ៉ាងចេញជាក្រុមហ៊ុនមួយតែម្តង អស់ប៉ុន្មានម៉ឺន ឧទាហរណ៍អស់ ១០ម៉ឺនដុល្លារ គឺត្រូវដាក់ទុនឲ្យប៉ុណ្ណឹងឲ្យហើយតែម្តង មិនចាប់យកលុយមកបន្ថែមម្តងហើយម្តងទៀតសម្រាប់ការចំណាយនៃការបើកក្រុមហ៊ុននោះទេ ។ ហើយត្រូវសម្រេចឲ្យហើយ ថាក្រុមហ៊ុនហ្នឹងឲ្យអ្នកណាសម្រេចគ្រប់គ្រង រួចភាគីនេះគឺយកតែ ៣០% ឬ ៤០% ដើរចេញ ឲ្យគេអ្នកធ្វើ ។
ហើយក្រុមហ៊ុនត្រូវមានបញ្ជីត្រឹមត្រូវ មានរបាយការណ៍ត្រឹមត្រូវ Audit (សវនកម្ម) ត្រឹមត្រូវ ច្បាស់លាស់ ។ ហើយមានម្ចាស់ភាគហ៊ុនត្រឹមត្រូវ បង់ពន្ធត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ