រឿងចម្លងមេរោគអេដស៍ឡើងដល់រាប់រយនាក់នៅខេត្តបាត់ដំបង គេនាំគ្នាគ្រប់ជាន់ថ្នាក់«បិទ» ដូចចាក់សោជាប់ អត់ឲ្យកាសែតណាដឹងដូចកាលពីដំបូងទេ។
ដំបូងរកឃើញជិតមួយរយនាក់ គេស្រែកថាមកពីពួកកាសែតចេះតែបំប៉ោងតួលេខ… នាំឲ្យមានការរំជើបរំជួល ពួកកាសែតនាំខូចបរិយាកាសល្អអស់របស់សង្គម ។ ឲ្យតែមានរឿងមិនស្រួល…គេស្រែករករឿងពួកអ្នកឆ្លុះកង្កែប ឆ្លុះកណ្តុរថា ជាពួកមាត់ដាច… ទោះបីខំនិយាយពិត និយាយត្រង់ ក៏ទទួលកំហុសដែរ… ។
អាសូរពេកក្រៃ អ្នកភូមិរកាដែលឆ្លងមេរោគអេដស៍ ឫនិយាយឲ្យចំ របៀបកុំខ្លាច…គឺអាសូរអ្នកស្រូតត្រង់ ដែលសុខៗកើតអេដស៍ពេញស្រុក ។ ដល់គេនាំគ្នា«បិទដំណឹង»ទៀត ធ្វើឲ្យអ្នកកើតអេដស៍ដ៏ស្លូតត្រង់ទាំងអស់ កំពុងក្លាយជាអ្នកភូមិ«ឯកា» គួរឲ្យអាសូរ… អាណិតបំផុតប្រៀបដូចបិទទ្វាររបង…វ៉ៃឆ្កែ… ។
ដល់គេ«បិទ» មិនជិត ស្រាប់តែឮដំណឹងថា មិនមែន៨០…មិនមែន៩០…ជាងទេ គេឮល្វើយៗថា ជាង ២០០ នាក់ហើយ ។
ល្មមប្រាប់ត្រង់ហើយ… កុំឲ្យអ្នកស្រុកភ្ញាក់ផ្អើល ភ័យព្រួយពេក… ជាង ២០០នាក់មែនរឺអត់?
អាឡេវគិតថា អ្វីដែលគេខំលាក់… គឺអ្វីហ្នឹងហើយដែលគេចង់ដឹង… បើកុំលាក់…អត់អ្នកណាចង់ដឹងទេ…។ លាក់ក៏លាក់មិនជិតដែរ មើលតាមប្រហោងឃើញស្រកាក ។
គួរ «កុំលាក់»…គួរ «ប្រាប់ត្រង់»ទៅ… ដើម្បីទាំងអស់គ្នា ទាំងជាតិ ទាំងអន្តរជាតិរួមគ្នាជួយ…។ បើនាំក្នា «លាក់» ធំម្លឹងៗ ភាពភ័យក្លាច រងាឯកោ ឫអស់ទីពឹងមានទម្ងន់កាន់តែធ្ងន់ដល់អ្នកជំងឺហើយ… កំហឹងអាចនឹងពុះកញ្ជ្រោល ឫផ្ទុះនៅពេលណាមួយ…។
ឱ! បាត់ដំបងបណ្តូលចិត្តអើយ… សង្ស័យ ឱ! បាត់ដំបងបណ្តូលពោតអើយទេដឹង? បើតែយ៉ាងហ្នឹង !
ចែករំលែកព័តមាននេះ