ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​បន្លែ​សុវត្ថិភាព​នៅ​លើ​ផ្សារ​បង្ហាញ​សញ្ញា​កើន ជា​លំដាប់​ហើយ​តម្លៃ​ខ្ពស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ពី​ការ​បរិ​ភាគ ហើយ​មានការ​បែងចែក​ថា បន្លែ​មាន​ជាតិ​គីមី និង​បន្លែ​សុវត្ថិភាព ឬ​ធម្មជាតិ​គេ​សង្កេត​ឃើញ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ តម្រូវការ​នៅ​លើ​ទីផ្សារ​បន្ត​កើនឡើង ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជា​កសិករ​បង្កើន​ការ​ផលិត​ដើម​ឆ្លើយ​តប​ទីផ្សារ ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ពី​ការ​បរិ​ភាគ ហើយ​មានការ​បែងចែក​ថា បន្លែ​មាន​ជាតិ​គីមី និង​បន្លែ​សុវត្ថិភាព ឬ​ធម្មជាតិ​គេ​សង្កេត​ឃើញ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ តម្រូវការ​នៅ​លើ​ទីផ្សារ​បន្ត​កើនឡើង ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជា​កសិករ​បង្កើន​ការ​ផលិត​ដើម​ឆ្លើយ​តប​ទីផ្សារ ។

ជាក់ស្តែង​ប្រជា​កសិករ​រស់នៅ​ក្នុង​ខេត្តកណ្តាល​បាន​បង្កើន​ការ​ផលិត​បន្លែ​សុវត្ថិភាព​រហូត​ដល់​៦​រោង ឬ​ផ្ទះ​សំណាញ់ ក្រោយ​ពី​ឈប់​ដាំ​បន្លែ​ប្រើ​ជាតិ​គីមី ។

លោក ផៃ ប្រុស ប្រជា​កសិករ​ផលិត​បន្លែ​សុវត្ថិភាព​នៅ​ក្នុង​ខេត្តកណ្តាល​បានឱ្យ​ដឹង​ថា មក​ដល់​បច្ចុប្បន្ន​លោក មានផ្ទះ​សំណាញ់​សម្រាប់​ដាំ​បន្លែ​សុវត្ថិភាព​ចំនួន​៦ តែ​សព្វ​ថ្ងៃនេះ​បាន និង​កំពុង​ដាំ​បាន​៤​រោង ក្នុង​នោះ​២​រោង​កំពុង​ប្រមូល​ផល ហើយ​២​រោង​ផ្សេង​ទៀត​អាច​ប្រមូល​ផល​បាន​នៅ​១៥​ថ្ងៃ​ទៀត​យ៉ាង​យូរ ។

ប្រជា​កសិករ​រូប​នេះ​បានឱ្យ​ដឹង​ថា រូប​លោក​បាន​ចាប់ផ្តើម​ដាំ​បន្លែ​សុវត្ថិភាព​នៅ​ឆ្នាំ​២០១៩ តែ​ពេល​នោះ​ដាំ​ស្ពៃក្តោប​មាន​តែ​១​រោង​ទេ ។ លោក​បាន​លើក​ឡើង​ថា « មុន​ខ្ញុំ​ដាំ​បន្លែ​សុវត្ថិភាព​ដូច​សព្វ​ថ្ងៃនេះ កាលពីមុន​ខ្ញុំ​ជា​អ្នក​ដាំ​បន្លែ​ប្រើ​ថ្នាំ​គីមី តែ​នៅ​ពេល​បាន​ចូល​ជា​សមាជិក ឬ​ក្រុម​អ្នក​ដាំ​បន្លែ​នៅ​ក្នុង​សហគមន៍​មក​ខ្ញុំ​បាន​មក​រៀន​នៅ​តាម​មន្ទីរ​កសិកម្ម​នៅ​ក្នុង​ខេត្ត និង​គួប​ផ្សំ​ជាមួយ​ការ​យល់ ខ្ញុំ​ចាប់ផ្តើម​ប្តូរ​ទម្លាប់ គឺ​ឈប់​ដាំ​បន្លែ​ប្រើ​ថ្នាំ​គីមី​» ។

លោក ផៃ ប្រុស បាន​បន្ត​ថា «​មុន​នឹង​ដាំ​បន្លែ​សុវត្ថិភាព​នេះ ខ្ញុំ​មាន​កុងត្រា​ជាមួយ​អ្នកបញ្ជា​ទិញ​គេ​ឱ្យ​ដាំ​ប្រភេទ​ស្ពៃ​តឿ និង​ស្ពៃក្រញាញ់ ក្នុង​មួយ​គីឡូក្រាម​គេ​ឱ្យ​តម្លៃ​៣៥០០​រៀល ។ ខាត់ណា​ដើម គេ​ឱ្យ​ថ្លៃ​៥០០០​រៀល ស្ពៃ​ចង្កេះ និង​ស្ពៃ​ខ្មៅ​គេ​ឱ្យ​តម្លៃ​២៥០០​រៀល​» ។

ទន្ទឹម​នឹង​ប្រជាពលរដ្ឋ​នៅ​តាម​ទីប្រជុំជន និង​ក្នុង​តំបន់​មានការ​យល់​ដឹង​ពី​ការ​បរិភោគ​អាហារ ឬ​បន្លែ​មាន​ជាតិ​គីមី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​នា​ពេល​អនាគត ។ គេ​សង្កេត​ឃើញ​ថា តម្លៃ​បន្លែ​សុវត្ថិភាព​លក់​នៅ​លើ​ទីផ្សារ​ជា​ទូទៅ​ថ្លៃ​ជាង​ប្រភេទ​បន្លែ​ពេល​ដាំ​ប្រើ​ថ្នាំ​គីមី ឬ​មាន​ប្រភព​មិន​ច្បាស់ ។

លោក​គូសបញ្ជាក់​ថា «​សព្វ​ថ្ងៃនេះ ខ្ញុំ​បាន​ដាំ​បន្លែ​សុវត្ថិភាព​នៅ​ក្នុងផ្ទះ​សំណាញ់​ចំនួន​៤​រោង​ក្នុង​នោះ​២​រោង​កំពុង​ប្រមូល​ផល​លើ​ប្រភេទ​ស្ពៃ​តឿ និង​ស្ពៃក្រញាញ់ ។ ចាប់ពី​ថ្ងៃ​ទី​៤ កក្កដា រហូត​មក​ដល់​ថ្ងៃនេះ​ក្នុង​មួយ​ថ្ងៃ ខ្ញុំ​ប្រមូល​បាន​១០០​គីឡូក្រាម បើ​គិត​ជា​ប្រាក់​បាន​ចំនួន​៣៥​ម៉ឺន​រៀល ។ ដោយឡែក​២​រោង​ផ្សេង​ទៀត អាច​ប្រមូល​ផល​បាន​ក្នុង​រយៈពេល​ពី​១០​ទៅ​១៥​ថ្ងៃ​ទៀត (​ស្ពៃ​តឿ​)» ។

បើ​តាម​លោក ផៃ​ប្រុស ប្រភេទ​បន្លែ​សុវត្ថិភាព​របស់​លោក​អ្នក​ទទួល​ទិញ​លក់​បន្ត​គេ​ដឹក​មក​ផ្គត់ផ្គង់​នៅ​ផ្សារ​ទំនើប​នៅ​ក្រុងភ្នំពេញ ហើយ​បន្លែ​បែប​នេះ​បើ​ដាំ​បាន​ច្រើន​យ៉ាងណា​ក៏​ដោយ​ក៏​មិន​ខ្វះ​អ្នកទិញ​យក​ទៅ​លក់​បន្ត​នោះ​ដែរ ។

ជាក់ស្តែង មាន​ឧកញ៉ា​ម្នាក់​ចេញ​មុខ​ធ្វើ​រោង ឬ​ផ្ទះ​សំណាញ់​ឱ្យ​លោក​ដាំ​បន្លែ​ដោយសារ​ការ​ដាំ​របស់​លោក​មិន​ប្រើប្រាស់​ថ្នាំ​គីមី ។ ដាំ​បន្លែ​ប្រើ​ថ្នាំ​គីមី​មួយ​គីឡូក្រាម​លក់​បាន​៤០០​ទៅ​៥០០​រៀល អីចឹង​បន្លែ​មួយ​តោន​ស្មើនឹង​បន្លែ​ដែល​ខ្ញុំ​ដាំ​ដឹក​តែ​មួយ​ម៉ូតូ ។ អីចឹង​បានជា​ខ្ញុំ​ឈប់​ដាំ​បន្លែ​ប្រើ​ថ្នាំ​គីមី ។ ខ្ញុំ​ងាក​មក​ដាំ​បន្លែ​សុវត្ថិភាព​នេះ​ដឹង​ថា បាន​លុយ ។

លោក​លើក​ឡើង​ថា ការ​ដាំ​បន្លែ​សុវត្ថិភាព​នៅ​រដូវក្តៅ​វា​សូវ​បាន​ផល​នោះ​ទេ ក្នុង​មួយ​ផ្ទះ​សំណាញ់​បាន​ផល​យ៉ាងច្រើន​៦០០​គីឡូក្រាម តែ​ចាប់ពី​ខែកក្កដា​នេះ​ទៅ​ក្នុង​មួយ​រោង​បាន​ផល​ដល់​១​តោន ។ បន្ទាប់​ពី​ចាប់​ដាំ​បន្លែ​នេះ​គ្រួសារ​មាន​ប្រាក់​ចំណូល​ប្រសើរ​ជាង​ពេល​មុន​ៗ ព្រោះ​ខែ​ណា​ក៏​ទទួល​បាន​ចំណូល​។

នៅ​ក្នុង​រដូវក្តៅ បើ​យើង​ចំណាយ​លើ​ការ​ដាំ​ដុះ​អស់ប្រាក់​៥០​ម៉ឺន​រៀល អាច​បាន​ប្រាក់​ចំណាញ​ពី​៥០​ទៅ​៦០​ម៉ឺន​រៀល ។ នៅ​រដូវវស្សា បើ​យើង​ចំណាយ​អស់ប្រាក់​តែ​៥០​ម៉ឺន​រៀល​ដូច​គ្នា តែ​អាច​បាន​ចំណូល​មក​វិញ​ដល់​ជាង​៣​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ