ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​13​គ្រួសារ​កើតទុក្ខ​មិន​សុខចិត្ត​ខណៈ​អាជ្ញាធរ​បង្ខំ​ឱ្យ​រុះរើ​ផ្ទះសម្បែង

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​ស្រុក​សាលា​ក្រៅ​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា​កន្លង​ទៅ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ទៅ​ដាក់​កំហិត​និង​ឱសានវាទ​យ៉ាង​ម៉ឺងម៉ាត់ ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ…

ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​ស្រុក​សាលា​ក្រៅ​កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា​កន្លង​ទៅ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ទៅ​ដាក់​កំហិត​និង​ឱសានវាទ​យ៉ាង​ម៉ឺងម៉ាត់ ឱ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​រុះ​រើ​ផ្ទះ​ដោយ​ខ្លួនឯង​ចេញ​ទាំងអស់ ទោះ​សាងសង់​រយ​:​ពេល​យូរ​ប៉ុនណា​ក៏​ដោយ និង​គ្មាន​លក្ខខណ្ឌ
អ្វី​ទាំងអស់ បើ​មិន​ព្រម​រុះរើ​ទេ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

ការ​ដាក់​កំហិត​និង​ឱសានវាទ​នេះ ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ភ័យ​ព្រួយ​និង​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង ពី​សុវត្ថិភាព​ទីជម្រក ហើយ​កាល​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ពួក​គាត់​ចំនួន​១៣​គ្រួ​សារបាន​នាំ​គ្នា​លើកដៃ​សំពះ​អង្វរ​ឱ្យ​ថ្នាក់លើ ជា​ពិសេស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ផង ។

ពលរដ្ឋ ឈ្មោះ លឹ​ម ស៊ុ​យ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ឈ្មោះ ទុ​យ ពៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ឈ្មោះ នេ​ត មុំ ភេទ​ស្រី អាយុ​៥១​ឆ្នាំ និង​ប្រជាពលរដ្ឋ​ផ្សេង​ៗ​ទៀត​ជិត​២០​នាក់​សុទ្ធតែ​និយាយ​ដូច​ៗ​គ្នា​ថា ពួក​គាត់​មក​ពី​តាម​បណ្តា​ខេត្ត​នានា បាន​ចូល​មក​ទិញ​ដី​រស់នៅ​ក្នុងភូមិ ឃុំ ខាង​លើ​អស់​រយៈពេល​២០​ឆ្នាំ​មក​ហើយ ។ ដី​ដែល​បាន​ទិញ​គេ​នោះ គឺ​មានការ​ចុះហត្ថលេខា​ពី​លោក​មេ​ភូមិ​ទឹក​ចេញ និង​មេឃុំ​ស្ទឹង​កាច់ ដែល​កាលពីមុន​ផ្លូវ​នៅ​ផ្នែក​ខាងក្រោយ​កន្ទុយ​ដី​របស់​ពួក​គាត់​មាន​ជាប់​អូរ​ថែម​ទៀត ពោល​គឺ​មាន​តែ​អូរ​និង​ផ្លូវ​ប៉ុណ្ណោះ ។ លុះ​ក្រោយមក គេ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​នៅ​ផ្នែក​ខាង​មុខ​ជាប់​នឹង​ក្បាលដី​របស់​ពួក​គាត់​ទៅ​វិញ ដែល​ជា​ហេតុ​បណ្តាល​ឱ្យ​កើត​មាន​បញ្ហា រហូត​មក​ដល់​បច្ចុប្បន្ន ព្រោះ​ជាប់​នឹង​ចំណី​ផ្លូវ ។

ប្រភព​ដដែល​និយាយ​ទៀត​ថា បន្ទាប់​ពី​ទទួលដំណឹង​ថា ខាង​អាជ្ញាធរ​ខេត្ត ស្រុក បណ្តេញ​ពួក​គាត់​ឲ្យ​រុះរើ​ផ្ទះសម្បែង​របស់​ខ្លួន​ចេញ​ទាំង​គ្មាន​ការ​ដោះស្រាយ​គោលនយោបាយ​បែប​នេះ ពិតជា​ធ្វើ​ឱ្យ​មានការ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព ជីវភាព ហើយ​ពួក​គាត់​សុំ​ឱ្យ​ថ្នាក់លើ ជា​ពិសេស​សម្តេច​តេ​ជោ នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ផង​ដែរ ។

លើស​ពី​នេះ​ទៀត បើ​អស់​ផ្ទះ​និង​ដី​ដែល​ធ្លាប់ស់​នៅ​សព្វថ្ងៃ គឺ​ពួក​គាត់​មិនដឹង​ជា​សង្ឃឹម​អ្វី​ទៀត​ទេ ព្រោះ​សូ​ម្បី​តែ​ដីស្រែ​ចម្ការ​ក៏​គ្មាន​នឹង​គេ​ដែរ ដោយ​រាល់ថ្ងៃ​ពួក​គាត់​ម្នាក់​ៗ​ស៊ីឈ្នួល​ធ្វើ​ជា​កម្មករ​ដាំពោត និង​ដក​ដំឡូង​មី​ដើម្បី​ចិញ្ចឹម​ក្រពះ រស់​មួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ ។

ការ​រស់នៅ​រាល់ថ្ងៃ​គ្មាន​ក្តី​សុខ​នោះ​ទេ ដោយពេល​ផ្ទះសម្បែង​របស់​ខ្លួន​លេច​ធ្លុះធ្លាយ ក៏​គេ​ហាម​ប្រាម​មិន​ឱ្យ​ជួសជុល​ឬ​សាងសង់​ថ្មី​នោះ​ឡើយ ថែម​ទាំង​គំរាមកំហែង​ទៀត​ផង ។ ចំណែកអ្នក​មាន​លុយ​ម្នាក់​ឈ្មោះ សា ចំរើន ហៅ​អឿ​ង ដែល​ទិញ​ដី​នៅ​ជាប់​នឹង​កន្ទុយ​ដី​របស់​ពួក​គាត់ តែង​តែ​រំលោភ​បំពាន ដោយ​ចាក់​ដី​លុប​ទៅ​លើ​ដី​ផ្ទះ​របស់​ពួក​គាត់ បណ្តាល​ឱ្យ​បែក​ពាង បាក់​ជញ្ជាំង​ផ្ទះ​ផង​ដែរ លុះ​ប្តឹង​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍ បែរជា​គ្មាន​ដំណោះស្រាយ ហើយ​ថែម​ទាំង​នាំ​គ្នា​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ពួក​គាត់​ចាក​ចេញពី​ដី​របស់​ខ្លួន​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ឃួ​ន បេ​ប មេ​ភូមិ​ទឹក​ចេញ និយាយ​ថា ខាង​លោក​ធ្លាប់​បាន
ណែនាំ​ឈប់​ឱ្យ​រស់នៅ​លើ​ដី​ខាងលើ ហើយ​ក៏​បានឱ្យ​ថ្លៃ​សំណង​ទៅ​អ្នក​ដែល​ធ្លាប់​រស់នៅ​កាលពី​ជាង​១០​ឆ្នាំ​មុន​ដែរ​ព្រោះ​ជា​ដី​ចំណី​ផ្លូវ ។ ប៉ុន្តែ​ក្រោយមក គេ​លក់​ឱ្យទៅ​អ្នក​មក​រស់នៅ​ថ្មី​ៗ​សាង​សង់​ផ្ទះ​ស្នាក់​នៅ លុះ​ពេល​នេះ​អាជ្ញាធរ​ត្រូវការ​ដី​ចំណី​ផ្លូវ​វិញ ខាង​លោក​ក៏​អត់​ដឹង​រឿង​អ្វី​ដែរ មាន​តែ​ធ្វើ​តាម​ការ​ណែនាំ​ដោយ​ឱ្យ​ពួក​គាត់​រុះរើ​ចេញ​តែ​ប៉ុណ្ណោះ ។

ភ្នាក់ងារ​យើង បាន​ធ្វើការ​ទាក់ទង​ទៅ​លោកសា ចំរើន ហៅ​អឿ​ង តាម​រយ​:​ទូរស័ព្ទ​ដែរ បន្ទាប់​ពី​មានការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ តែ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក​ទទួល ។ ចំណែក​​លោក ទិ​ត្យ ធី អភិបាលរង​ស្រុក​សាលា​ក្រៅ បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ខេត្ត​ត្រូវការ​ដី​ចំណី​ផ្លូវ​នោះ​មក​អភិវឌ្ឍ គឺ​តម្រូវ​ឱ្យ​ពួក​គាត់​រុះរើ​ផ្ទះ​របស់​ខ្លួន​ចេញ ក្នុង​រយ​:​ពេល​៧​ថ្ងៃ​ដោយ​ស្ម័គ្រចិត្ត ។

លោក​អភិបាលរង​ស្រុក​ព្រមាន​ថា បើ​មិន​ធ្វើ​តាម​ការ​ណែនាំ​ទេ ខាង​លោក​នឹង​ឱ្យ​ក្រុម​ការងារ​យក​គ្រឿងចក្រ​ទៅ​រុះរើ ដោយ​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ពួក​គាត់​ឡើយ ព្រោះ​ខាង​លោក​ក៏​ទទួលបញ្ជា​ពី​ថ្នាក់​ខេត្ត​មក​ដែរ ។

លោក​បន្ត​ទៀត​ថា ការ​ធ្វើ​បែប​នេះ​គឺ​តាម​បទបញ្ជា​របស់​អភិបាលខេត្ត ដោយ​គ្មាន​ការ​ដោះ​ស្រាយ​គោលនយោបាយ​ណាមួយ​ជូន​ពួក​គាត់​នោះ​ទេ ព្រោះ​ពួក​គាត់​រស់នៅ​លើ​ដី​ចំណី​ផ្លូវ ហើយ​ថែម​ទាំង​បិទ​ប្រឡាយ​បង្ហូរទឹក​របស់​មន្ទីរ​សា​ធារ​ណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត បណ្តាល​ឱ្យ​ស្ទះ​ទឹក​ហូរ​ថែម​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ