ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​វត្ត​ទេពប្រណម្យ​» ទាក់ទង​នឹង​រឿង​ព្រេង​​នាង​ត្រចើល​ដោះ​ក្រាល​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ នៅ​ប្រទេស​កម្ពុជា​យើង​មានរឿង​និទាន​ច្រើន ដែល​រឿង​ខ្លះ​ជាប់​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ ឯ​រឿង​ខ្លះ​ទៀត​ជាប់​ទាក់ទង​ទៅ​នឹង​ទំនៀមទម្លាប់​ប្រពៃណី មង្គលការ បុណ្យ​ទាន រឿង​សាស្ត្រាល្បែង ជាដើម ។…

ខេត្តកណ្ដាល ៖ នៅ​ប្រទេស​កម្ពុជា​យើង​មានរឿង​និទាន​ច្រើន ដែល​រឿង​ខ្លះ​ជាប់​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ ឯ​រឿង​ខ្លះ​ទៀត​ជាប់​ទាក់ទង​ទៅ​នឹង​ទំនៀមទម្លាប់​ប្រពៃណី មង្គលការ បុណ្យ​ទាន រឿង​សាស្ត្រាល្បែង ជាដើម ។ រឿង​មួយ​ចំនួន​មានការ​និទាន ត​ៗ​គ្នា និង​មួយ​ចំនួន​ទៀត​បាន​ចារ​ទុក​នៅ​ក្នុង​គម្ពីរ សាស្ត្រា​ស្លឹករឹត ក្រាំង ក្បួនច្បាប់​នានា ។ ប៉ុន្តែ​រឿង​ដែល​ជា​ការ​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​នោះ គឺ​រឿង​ប្រវត្តិសាស្ត្រ ឬ​ទី​បុរាណ​ដ្ឋា​ន ដែល​ជាទី​តាំងរបស់​មនុស្ស​ជំនាន់​ដើម​រស់នៅ ជា​ពិសេស​ទីតាំង​ព្រះរាជវាំង ឬ​រាជធានី ដែល​បង្កើត​ឡើង​ដោយ​ព្រះ​មហា​ក្សត្រ​នា​សម័យ​បុរាណកាល ។

ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​នេះ​ដែរ បើ​និយាយ​ពី​ការ​ដាក់​ឈ្មោះ​ភូមិ ឃុំ ស្រុក ខេត្ត និង​រាជធានី ជា​ច្រើន នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង គឺ​សុទ្ធតែ​ដាក់​ទៅ​តាម​រឿងរ៉ាវ​និង​ព្រះរាជ​សកម្មភាព​របស់​អង្គ​ព្រះមហាក្សត្រ ឬ​សកម្មភាព​របស់​ជន ល្បី​ៗ និង​ជន​ខ្លាំងពូកែ​នា​សម័យ​បុរាណ​កាលនោះ​ឯង។

ស្ថិត​នៅ​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥​នៅ​ក្នុងភូមិ​ទេពប្រណម្យ ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល ចម្ងាយ​ប្រមាណ​៤៥​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ មាន​ទី​អារាម​ព្រះពុទ្ធ​សាសនា មួយ​ឈ្មោះ «​វត្ត​ទេពប្រណម្យ​» ។ វត្ត​មួយ​នេះ​ជាទី​អារាម​បុរាណ​ដ្ឋា​ន​មួយ​នា​សម័យ​ឧដុង្គ ។ បានជា​មានឈ្មោះ​បែប​នេះ ក៏​ព្រោះតែ​វត្ត​នេះ​សង់​លើ​ទី​ប្រវត្តិសាស្ត្រ​មាន​ជាប់​ដិតដាម​នៅ​ក្នុង​រឿង​តា​ដុ​ង្គ យាយ​ជ័យ ដែល​និទាន​អំពី​ពេល​ដែល​នាង​ត្រចើល​ដោះ​ក្រាល​ជា​កូន បាន​លុតជង្គង់​សំពះ​ប្រណម្យ​​ទៅ​សេនា​៤​នាក់​របស់​ព្រះរាជា ដែល​បាន​តាម​អង្វរ​នាង​ឲ្យ​ព្រម​ទទួលយក​ព្រះរាជ​ជា​ព្រះ​ស្វាមី ។ ត្រង់​ទីកន្លែង​នោះ​ហើយ​ដែល​ត្រូវ​បាន​អ្នកស្រុក​ហៅ​ថា «​ទេពធីតា​ប្រណម្យ​» លុះ​ក្រោយមក​អ្នកស្រុក​ហៅ​ក្លាយទៅជា «​ទេពប្រណម្យ​» វិញ ។

កិត្តិនាម​តា​ដុ​ង្គ យាយ​ជ័យ មាន​រាប់រយ​ឆ្នាំ​កន្លង​មក​ហើយ មិនតែប៉ុណ្ណោះ​ក៏​ជា​តំណាង​ឲ្យ​ឈ្មោះ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ និង​ភ្នំ​ឧដុង្គ​ក្នុងស្រុក​ពញាឮ ខេត្តកណ្ដាល សព្វ​ថ្ងៃនេះ​ផង​ដែរ ហើយ​មាន​ឯកសារ​មួយ​ចំនួន​បាន​និទាន​ពី​ប្រវត្តិ​រឿង​នេះ ក្នុង​នោះ​ក៏​មាន​សៀវភៅ​ប្រជុំ​រឿ​ព្រេង​ខ្មែរ​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​ភាគ​ទី​៥ ។

ដោយឡែក​សភាព​ជាក់ស្ដែង​សព្វថ្ងៃ​នៅ​ក្នុង​វត្ត​ទេពប្រណម្យ​ពុំ​មាន​ឃើញ​បន្សល់​ទុក​ស្លាកស្នាម ឬ​កេរដំណែល​កាលពី​សម័យកាល​បុរាណ​ច្រើន​ទេ គឺ​មាន​តែ​សមិទ្ធផល​ដែល​ទើប​កសាង​នៅ​សម័យកាល​ទំនើប​ដូច​ជា​ព្រះ​វិហារ​កុដិ សាលាឆាន់ និង​រូបសំណាក​ឪ​ដុ​ង្គ ម៉ែ​ជ័យ​ជាដើម ។

ក្រៅពី​នេះ​មាន​មាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកណ្ដាល និង​បណ្ណាល័យ​សាខា​ពុទ្ធ​សាសន​បណ្ឌិត្យ​ក៏​ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​នេះ​ដែរ ចំណែក​នៅ​ប៉ែក​ខាង​កើ​ជាប់​របង​វត្តមាន​វិទ្យាល័យ​មួយ​ឈ្មោះ​ថា​វិទ្យាល័យ​ទេពប្រណម្យ គឺ​បាន​ដាក់​ឈ្មោះ​ទៅ​តាម​ទីកន្លែង​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ ។
តាម​សេចក្ដី​តំណាល​មក​ថា នៅ​ពេល​ដែល​ព្រះរាជា​ស្ដេច​ទ្រង់​ទត​ឃើញ​ទូក​តា​ដុ​ង្គ យាយ​ជ័យ ចេញ​ឆ្ងាយ​ពី​កំពង់ទឹក​តំបន់​ថ្នល់​ដាច់​ដែល​ព្រះ​អង្គ​លើក​ក្នុង​ពេល​១​រាត្រី​មិន​ហើយ​ជាប់​គ្នា​នោះ (​តំបន់​ថ្នល់​ដាច់​ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ត្រាច និង​ភូមិ​ត្រពាំង​សំរោង ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​) ព្រះ​អង្គ​ក៏​គិតស្មាន​ក្នុង​ព្រះ​ទ័យ​ថា ឪ​ដុ​ង្គ​ម៉ែ​ជ័យ​មុខជា​ខឹង​នឹង​ព្រះ​អង្គ លើក​ផ្លូវថ្នល់​មិន​ហើយ បានជា​មិន​ចាំ​ជួបនឹង​ព្រះ​អង្គ ហើយ​ចុះទូក​រត់គេច​បែប​នេះ ។

ព្រះរាជា​ក៏​ចាត់​សេនា​៤​នាក់​ឲ្យ​ទៅ​តាម​អង្វរ​ឪ​ដុ​ង្គ​ម៉ែ​ជ័យ និង​សូម​ឲ្យ​យក​នាង​ត្រចើល​ដោះ​ក្រាល មក​ធ្វើ​ជា​ព្រះ​ទេពី​របស់​ព្រះ​អង្គ​។ ក្រោយ​ទទួល​បាន​ព្រះរាជ​បញ្ជា​ហើយ សេនា​ទាំង​៤​នាក់ ក៏​តាម​ទៅ​ជួបនឹង​តា​ដុ​ង្គ​យាយ​ជ័យ ដែល​កំពុង​បណ្ដើរ​នាង​ត្រចើល​ដោះ​ក្រាល​ឡើង​ស​ម្ដៅ​មក​ផ្ទះ សេនា​​ទាំងនោះ​បាន​និយាយ​អង្វរ​តា​ដុ​ង្គ​យាយ​ជ័យ តាង​ព្រះ​នាម​ព្រះមហាក្សត្រ​ថា «​ព្រះ​អង្គ​សូម​យក​នាង​ទៅ​ធ្វើ​ជា​ព្រះ​ទេពី​របស់​ព្រះ​អង្គ​» ។

គ្រានោះ​នាង​ត្រចើល​ដោះ​ក្រាល ដែល​ជា​ស្រី​ល្អ​ដូច​នាង​ទេពធីតា ក៏​បាន​លុតជង្គង់​សំពះ​ប្រណម្យ​​ទៅ​សេនា​ទាំង​៤​នាក់​វិញ​ថា «​នាង​ខ្ញុំ​សូមក្រាបបង្គំទូល​ព្រះរាជា​ថា នាង​ខ្ញុំ​មិន​សុខចិត្ត​ទៅ​ធ្វើ​ជា​ព្រះ​ទេពី​របស់​ព្រះ​អង្គ​ទេ ព្រោះ​រូប​ខ្ញុំ​ជា​រាស្ត្រ បើ​ព្រះ​អង្គ​នៅ​តែ​បង្ខំ​យក​រូប​ខ្ញុំ នាង​ខ្ញុំ​នឹង​សម្លាប់​ខ្លួន​ជា​មិន​ខាន​» ។ ខណៈនោះ​តា​ដុ​ង្គ​យាយ​ជ័យ​បាន​និយាយ​ទៅ​កាន់​សេនា​ទាំង​៤​នាក់​ថា «​សូម​លោក​ទូល​ព្រះរាជា​ផង កុំ​ឲ្យ​ព្រះ​អង្គ​បង្ខំ​ពេក ចាំ​ខ្ញុំ​លួងលោម​ចិត្ត​កូនស្រី​ខ្ញុំ​ឲ្យ​បាន​ស្រួល​សិន​» ។ សេនា​៤​នាក់ ក៏​លា​ថយ​ត្រឡប់​ទៅ​វិញ ។

ចំណែក​តា​និង​យាយ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុងផ្ទះ ។ ពេល​រាត្រី​នោះ តា​ដុ​ង​យាយ​ជ័យ នាំ​នាង​ត្រចើល​ដោះ​ក្រាល​រត់​បណ្ដោះ​ទៅ​ទុក​នៅផ្ទះ​នាង​ទែន​ឯ​ភូមិ​ស្រែ​រនោង ក្នុង​ខេត្តតាកែវ ហើយ​តា​ដុ​ង​យាយ​ជ័យ និយាយ​ប្រាប់​នាង​ទែន​ជា​ប្អូន​តាម​រឿង​សព្វគ្រប់ នឹង​ប្រាប់​ឲ្យ​ហៅ​ព្រាន​វិ​ង​ឲ្យ​នាំ​កូន​ប្រុស​ឈ្មោះ​ចៅ​ប្រមាញ់​វិងស៊ុង ដែល​បាន​ស្រឡាញ់​គ្នា​ជាមួយ​នាង​ត្រចើល​ដោះ​ក្រាល​ជា​កូន ដើម្បី​រើស​រក​ពេលា​រៀប​ការ​ឲ្យ​ហើយ ។

លុះ​តា​យាយ​ផ្ដាំ​នាង​ទែន សព្វគ្រប់​ហើយ​ក៏​វិល​ថយ​មក​ផ្ទះ​វិញ ហើយ​ចាំ​រក​វិធី​ទូល​ដោះសា​នឹង​ស្ដេច​នៅ​ពេល​ក្រោយ​ទៀត ។ ត្រង់​ទីកន្លែង​ដែល​សេនា​៤​នាក់ មក​តាម​អង្វរ​តា​ដុ​ង​យាយ​ជ័យ សូម​នាង​ត្រចើល​ដោះ​ក្រាល​ទៅ​ធ្វើ​ជា​ព្រះ​ទេពី​របស់​ព្រះរាជា ហើយ​នាង​សំពះ​ប្រណម្យ​ទៅ​សេនា​វិញ​ថា នាង​មិន​សុខចិត្ត​ទៅ​ទេ នោះ​គេ​ហៅ​ថា «​ទេពធីតា​ប្រណម្យ​» ដែល​ក្រោយមក​មានការ​កសាង​វត្ត​មួយ​ស្ថិត​នៅ​ក្នុង​កន្លែង​នោះ​ដាក់​ឈ្មោះ​ថា «​វត្ត​ទេពធីតា​ប្រណម្យ​» លុះ​ចំណេរ​ក្រោយមក​ទៀត​អ្នកស្រុក​បាន​ហៅ​ក្លាយទៅជា វត្ត​ទេពប្រណម្យ​វិញ ស្ថិត​នៅ​ក្នុងភូមិ​ទេព​ប្រណម្យ ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល សព្វ​ថ្ងៃនេះ ។

​ប្រសិនបើ​លោក​អ្នក​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្តកំពង់ឆ្នាំង​ជិត​ដល់​ផ្សារ​ឧដុង្គ​នោះ​លោក​អ្នក​និង​បានឃើញ​វត្ត​នេះ​ស្ថិត​នៅ​ខាងស្ដាំ​ដៃ ហើយ​បើ​តាម​អ្នកស្រុក​ប្រាប់​ថា វត្ត​នេះ​មិន​សូវ​មាន​កេរដំណែល​ចាស់​បន្សល់​ទុក​ឡើយ ។​មិនតែប៉ុណ្ណោះ ថ្វី​ដ្បិតតែ​ជាទី​ឋាន​បុរាណ​មែន ប៉ុន្តែ​ហាក់​មិនសូវ​មាន​អ្នក​ទៅ​លេង​កំសាន្ត​នោះ​ទ​ឡើយ មាន​តែ​អ្នក​ទៅ​វត្ត​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ធម្មតា​ៗ​ប៉ុណ្ណោះ ហើយ​ពួក​គាត់​ក៏​មិនសូវ​ដឹង​ពី​បញ្ហា​នេះ​ដែរ ។ ទោះបីជា​បែប​ណា ពួក​គាត់​ចង់​ឲ្យ​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​រៀបចំ​វត្ត​បុរាណ​មួយ​នេះ ឲ្យ​ក្លាយទៅជា​តំបន់​ទាក់ទាញ​មួយ​សម្រាប់​ឲ្យ​ភ្ញៀវ​ទៅ​លេង​កំសាន្ដ​ឲ្យ​សក្ដិ​សមជា​ទីកន្លែង​ប្រវត្តិសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ