ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​សួនច្បារ​ធ្វើ​ជាទី​ផ្សារ​លក់ដូរ ឯ​​មាត់​ស្ទឹង​សង្កែ​យក​ជាទី​តាំង​ចាក់​កាក​សំណល់​ស្អុយរលួយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ គេ​សង្កេត​ឃើញ​នៅ​តាម​បណ្ដា​សួនច្បារ​សាធារណៈ​ស្ទើរ​គ្រប់​ទីកន្លែង នៅ​ក្នុង​ក្រុង​បាត់ដំបង បាន​និង​កំពុង​ក្លាយជា​កន្លែង​សម្រាប់​លក់ដូរ​ចំណីអាហារ និង លក់​គ្រឿង​ស្រវឹង​នៅ​ពេល​រាត្រី រហូត​ដល់​ពេល​នេះ អ្នក​លក់ដូរ​មួយ​ចំនួន​ឈាន​ដល់​ការ​ច្រើ​សយ​ក​មាត់​ស្ទឹង​សង្កែ ជាទី​តាំង​ចោល​កាក​សំណល់​ស្អុយរលួយ​។ តើ​ជា​កំហុស​របស់​​​អាជ្ញាធរ​ក្រុង…

ខេត្តបាត់ដំបង​៖ គេ​សង្កេត​ឃើញ​នៅ​តាម​បណ្ដា​សួនច្បារ​សាធារណៈ​ស្ទើរ​គ្រប់​ទីកន្លែង នៅ​ក្នុង​ក្រុង​បាត់ដំបង បាន​និង​កំពុង​ក្លាយជា​កន្លែង​សម្រាប់​លក់ដូរ​ចំណីអាហារ និង លក់​គ្រឿង​ស្រវឹង​នៅ​ពេល​រាត្រី រហូត​ដល់​ពេល​នេះ អ្នក​លក់ដូរ​មួយ​ចំនួន​ឈាន​ដល់​ការ​ច្រើ​សយ​ក​មាត់​ស្ទឹង​សង្កែ ជាទី​តាំង​ចោល​កាក​សំណល់​ស្អុយរលួយ​។ តើ​ជា​កំហុស​របស់​​​អាជ្ញាធរ​ក្រុង ឬ​កំហុស​អ្នក​លក់ដូរ បើ​អ្នក​លក់ដូរ​ទាំងនោះ សុទ្ធតែ​អះអាង​ថា សា​លាក្រុង ​ជា​អ្នក​អនុញ្ញាត​​ឲ្យ​មានការ​លក់ដូរ​បែប​នេះ ?

នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កក្កដា គេ​ឃើញ​បុរស​អនា​ថា​ម្នាក់ កំពុង​ឆ្កឹះ​កកាយ​គំនរ​កាក​សំណល់​ដ៏​ស្អុយរលួយ នៅ​ឯ​មាត់ច្រាំង​ស្ទឹង​សង្កែ ត្រើយ​ខាងកើត នៃ​ដងស្ទឹង​សង្កែ ក្បែរ​ក្បាល​ស្ពានថ្ម​ចាស់ (​ស្ពានមុខ​សាលាខេត្ត​) ដែល​កំពុង​សាងសង់​ថ្មី​ថែម​មួយ​ខ្សែ​ទៀត​។ គំនរ​សំរាម​​ស្អុយ​ជាង​គម្រង់​នោះ ត្រូវ​បាន​គេ​អះអាង​ថា មាន​មនុស្ស​ដែល​គ្មាន​មនសិកា​ដឹក​យក​ទៅ​បោះចោល ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ ដែល​ធ្វើ​ឡើង​នៅ​ពេល​យប់ តែ​មិន​ទាក់​ភ្នែក​មន្ត្រី​សាលាក្រុង ឬ មន្ត្រី​សាលាខេត្ត​ទេ​។

បុរស​មាឌធំ​សម្បុរ​ខ្មៅ​នោះ ស្នាក់​នៅ​ក្នុង​វត្ត​សង្កែ ហើយ​បាន​ប្រើ​វត្ថុ​រឹង​ទាញ​វែក​គំនរ​សំរាម​នោះ ក្រោម​ដំណក់ញើស​ហូរ​ជោក​ខ្លួន ដើម្បី​ស្វែងរក​លាភសក្ការៈ ( អេ​ត​ចាយ​)​។ នៅ​ទីនោះ បុរស​នេះ​បាន​ពន្យល់​ថា «​ខ្ញុំ​កំពុង​ទាញ​វែក គំនរ​សំរាម​នេះ​ឲ្យ​ចេញពី​គ្នា ដើម្បី​រក​អេ​ត​ចាយ​ផង និង វែក​វា​ហាលថ្ងៃ​ឲ្យ​ស្ងួត​ផង ដើម្បី​ដុត​ចោល​កុំ​ឲ្យ​ស្អុយ​»​។ បុរស​ដែល​មាន​វ័យ​៣០​ប្លាយ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា «​គ្មាន​នរណា​ប្រើ​ខ្ញុំ​ទេ តែ​ខ្ញុំ​ចង់​ដុត​វា​ចោល​កុំ​ឲ្យ​ស្អុយ​។ ខ្ញុំ​ស្នាក់​នៅ​ក្នុង​វត្ត​សង្កែ ធ្លាប់​ដុត​ខ្មោច​ក្នុង​វត្ត ចឹ​ង​ខ្ញុំ​ឃើញ​គំនរ​សំរាម​​នេះ​ស្អុយ ខ្ញុំ​ក៏​វែក​វា​ហាល​ឲ្យ​ស្ងួត ដើម្បី​ដុត​ចោល​នៅ​ថ្ងៃរសៀល​នេះ​»​។

នៅ​តាម​បណ្ដា​សួនច្បារ​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង​នា​បច្ចុប្បន្ន​នេះ ជា​ពិសេស «​សួន​សម្ដេច​ក្រឡាហោម ស ខេ​ង​» ដែល​នៅ​ជួរ​ត្រើយ​ខាងកើត នៃ​ដងស្ទឹង​សង្កែ ត្រូវ​បាន​មន្ត្រី​សាលាក្រុង រៀបចំ​ឲ្យ​មានការ​លក់ដូរ យ៉ាង​អាណា​ធិ​ប​តេ​យ្យ នៅ​ពេល​រាត្រី ជា​ថ្នូរ​នឹង​ការ​ប្រមូល​យក​ផល​ប្រ​យោ​ជ​ន៏​។ បើ​ពិនិត្យ​ជាក់ស្ដែង ការ​អនុញាត​ឲ្យ​មានការ​លក់ដូរ​លើ​សួន​សាធារណៈ​យ៉ាង​ស្អេកស្កះ​ជាងគេ​ស្ទើរ​រក​ផ្លូវ​ដើរ​គ្មាន គឺ​មាន​ចាប់ពី​ក្បាលស្ពាន​សម្ដេច​ក្រឡាហោម ត្រើយ​ខាងកើត​រហូត​ដល់​ក្បាលស្ពាន​ព្រះ​មុនី​វង្ស (​ស្ពានថ្ម​ថ្មី​ផ្លូវជាតិ​លេខ​៥)​។

នៅ​ពេល​រាត្រី គេ​ឃើញ​នៅ​លើ​សួន នៃ​ដងស្ទឹង​សង្កែ មាន​ភ្លើង​ចម្រុះ​ព​ណ៌​ដូច​ភ្លើង​នៅ​តាម​បណ្ដា​ក្លិប​កំសាន្ត​នានា​ដែរ ដែល​ទិដ្ឋភាព​នេះ​បាន​ប្រែក្លាយ​ពី​សួនច្បារ​ទៅ​ជា​ក្លិប​កំសាន្ត​។ គ្មាន​ទេ​ផ្លូវ​សម្រាប់​ភ្ញៀវ​ដើរ​កំសាន្ត បាត់បង់​អស់ នៃ​សម្រស់​ដងស្ទឹង​សង្កែ ដែល​ធ្លាប់តែ​មាន​ព​ណ៏​បៃតង​។ បើ​តាម​មន្ត្រី​ខ្លះ​និយាយ​ថា មន្ត្រី​សាលាក្រុង ជា​អ្នក​វះកាត់​ដី​សួន​ចែកចាយ​ដល់​អ្នក​លក់ដូរ​ចំណីអាហារ និង គ្រឿង​ស្រវឹង​នៅ​ពេល​យប់​ជា​ថ្នូរ​នឹង​ការ​បង់លុយ​។ ការ​បែងចែក​នេះ​ទៀត ធ្វើ​ឡើង​តាម​បែប​បក្សពួក​និយម​។

ដោយសារ​តែ​ការ​និយម​បក្សពួក​នេះ​ហើយ ទើប​បង្ក​ឲ្យ​មាន​ច​ម្លោះ​ជា​បន្តបន្ទាប់ រវាង​អ្នកលក់​និង​អ្នកលក់​។ ប្រភព​ដដែល​នេះ​និយាយ​ថា ចំពោះ​កាក​សំណល់​វិញ ដំបូង​ឡើយ ​ពួក​គេ​បាន​ទុកដាក់​កាក​សំណល់​បាន​ល្អ​ណាស់​។ ប៉ុន្តែ​ក្រោយមក​ពួក​គេ​ចាប់​ផ្ដើម​ខ្ជីខ្ជារ​ចោល​កាក​សំណល់​ពាសវាល​ពាស​កាល​តាម​ដងស្ទឹង និង​តាម​ចិញ្ចើមថ្នល់​។ ដូច​ជា​យក​ទៅ​បោះចោល​នៅ​មាត់​ស្ទឹង​សង្កែ ខាងលើ​នេះ​ជាដើម ភាគច្រើន​គឺ​អ្នកលក់​ដូរ​លើ​សួនច្បារ​នៅ​ពេល​យប់​តែ​ម្ដង​។

សាលាក្រុង​បាត់ដំបង ត្រូវ​បាន​មហាជន​ចង្អុលមុខ​ចំ​ៗ ទៅ​លើ​បេក្ខភាព​លោក​ចៅហ្វាយ​ក្រុង ស្ទើរ​គ្រប់​អណ​ត្តិ អំពី​«​ភាព​អសកម្ម​» នៃ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ និង បញ្ហា​កាក​សំណល់​នេះ​។ គេ​ពិនិត្យ​ឃើញ កាល​កំឡុង​មុន​ពេល​មាន​រៀបចំ​ពិធី​«​បុណ្យ​ទន្លេ​» ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ប៉ុន្មាន​ខែ​មុន អាជ្ញាធរ​ខេត្ត និង អាជ្ញាធរ​ក្រុង ហាក់​បាន​សហការ​គ្នា​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់ និង ធ្វើការ​ឈូស​ឆាយ​សំអាត​ដងស្ទឹង​សង្កែ ដើម្បី​ស្វា​គម​ន៍​ភ្ញៀវ​ទេសចរ​ និង ផ្គាប់​ភ្នែក​ថ្នាក់ដឹកនាំ​កំពូល​ៗ នៃ​ប្រទេស​កម្ពុជា ដែល​ចូលរួម​បុណ្យ​ទន្លេ​នេះ​។

កាលនោះ​គេ​ឃើញ​នៅ​តាម​ដងស្ទឹង នៅ​តាម​ផ្លូវ​សាធារណៈ នៅ​តាម​ទីផ្សារ និង នៅ​តាម​លំនៅ​ឋាន​នានា ក្នុង​ក្រុង​បាត់ដំបង ហាក់​បង្ហាញ​នូវ​ទិដ្ឋភាព​យ៉ាង​មាន​របៀប និង មាន​សណ្ដាប់ធ្នាប់​ល្អ​បំផុត​។ ប៉ុន្តែ​អ​កុស​លទិដ្ឋភាព​បែប​នេះ គេ​បានឃើញ​ត្រឹម​តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ ក៏​រលាយ​បាត់​អស់​ទៅ​វិញ​។ ពោល​គឺ​ក្រោយ​បញ្ចប់​ពិធីបុណ្យ​ទន្លេ អ្វី​ៗ​ត្រូវ​បាន​វិ​វត្ត​ន៏ទៅ​រក​សភាព​រញ៉េរញ៉ៃ​វិញ​ដដែល​។

ជុំវិញ​កាក​សំណល់​ស្អុយរលួយ​នៅ​មាត់ច្រាំង នៃ​ដងស្ទឹង​សង្កែ​ខាងលើ​នេះ បើ​តាម​ប្រភព​ព័​ត៏​មានបាន​ឲ្យ​ដឹង​ថា កាក​សំណល់​នោះ ត្រូវ​បាន​មនុស្ស​គ្មាន​សណ្ដាប់ធ្នាប់ គ្មាន​មនសិកាដឹក​យក​ទៅ​បោះចោល​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​ពេល​យប់​ស្ងាត់ គឺជា​អ្នក​លក់ដូរ​នៅ​លើ​សួនច្បារ​មួយ​ចំនួន​។ គំនរ​សំរាម​នោះ ត្រូវ​បាន​គេ​មើលឃើញ​យ៉ាង​ច្បាស់ ពី​ត្រើយ​​ខាងលិច នៃ​អាហារ​ដ្ឋា​ន « River » និង​ពីលើ​ស្ពានថ្ម​ចាស់​ខាង​មុខ​សាលាខេត្ត តែ​អ​កុស​លគ្មាន​មន្ត្រី​ណា​ម្នាក់​ បាន​ទាក់ភ្នែក​នឹង​គំនរ​កាក​សំណល់​ស្អុយ​ដូច​គំរង់​នោះ​ទេ បើ​ទោះជា​ទីតាំង​នោះ​ស្ថិត​នៅ​មាត់​ស្ទឹង និង មិន​ឆ្ងាយ​ពី​អគារ​រដ្ឋបាល​ខេត្ត​ក្ដី​។

បើ​ទោះជា​មន្ត្រី​ស្អេកស្កះ​មើល​មិនឃើញ ឬ មើល​មិន​ស្គាល់​គំនរ​សំរាម​មាត់​ស្ទឹង នៅ​កណ្ដាលវាល​នោះ យ៉ាងនេះ​ក៏​ដោយ​ចុះ តែ​មិន​អាច​រំលង​ពី​ភ្នែក​បុរស​ម្នាក់​ដែល​មានមុខ​របរ​រើស​អេ​ត​ចាយ និង ដុត​ខ្មោច​នេះ​ដែរ​។ ក្រោម​កំ​ដៅ​ថ្ងៃ​បែកញើស​ជោគ​ខ្លួន ជាមួយ​នឹង​ដៃ​វែក​រក​អេ​ត​ចាយ​ផង ទាញ​គំនរ​សម្រាម​ពង្រាយ​ហាលថ្ងៃ​ផង បុរស​មាឌធំ​ដំបង​រូប​នេះ បាន​អះអាង​ថា « ខ្ញុំ​នឹង​ដុត​គំនរ​សម្រាម​ដ៏​ស្អុយ​នេះ​ចោល​នៅ​រសៀល​ថ្ងៃនេះ តែ​រង​ចាំ​ហាល​វា​ឲ្យ​ស្ងួត​សិន​ទើប​ដុត​ឆេះ​ល្អ​»​។

ពាក្យ​ពេ​ច​បុរស​អណាថា​រូប​នេះ ហាក់​បាន​ចាក់​ដោត​សម្បើម​ណាស់ ដល់​បេះ​មហាជន​ទូទៅ​។ ជា​ពិសេស​លោក​មន្ត្រី​ៗ​ទាំងឡាយ​ដែល​មាន​ភារកិច្ច​រៀបចំ​សណ្ដាប់​និង​កាក​សំណល់​។ នេះ​ជា​ការ​បង្ហាញ​នូវ​ឆ​ន្ទះ​ពិតប្រាកដ​សម្រាប់​ជួយ​ដល់​សង្គម នៃ​អ្នក​ដុត​ខ្មោច​និង​រើស​អេ​ត​ចាយ​។ ដូច្នេះ​ មន្ត្រី​សាលាក្រុង ដែល​វាស់ដី​សួនច្បារ​ចែក​ឲ្យ​អ្នក​លក់ដូរ​ចំណីអាហារ ឬ លក់​គ្រឿង​ស្រវឹង ជា​ថ្នូរ​នឹង​ផល​ប្រ​យោជនា​នា គួរតែ​ចេះ​ខ្មាស់​អៀន​បុរស​អណាថា​រូប​នេះ​។

ព្រោះ​បុរស​នោះ​គ្មាន​ផ្ទះសម្បែង​ស្នាក់​នៅ ជីវិតរ​ស់ពឹង​ផ្នែក​លើ​ចង្ហាន់​ព្រះសង្ឃ និង គំនរ​សម្រាម​ស្អុយរលួយ តែ​បុរស​នេះ​មានគំនិត និង មាន​មនសិការ​ខ្ពស់​ណាស់ ក្នុង​ឆ​ន្ទះ​ចូលរួម​ជួយ​ដល់​សង្គម​..! ចុះ​លោក​មន្ត្រី​ទាំងឡាយ ដែល​ទ​ទូល​ទាន​ប្រាក់ខែ​រដ្ឋ​គ្រប់​គ្រាន់ មាន​ភារកិច្ច​ទ​ទូល​ខុស​ត្រូវ​ចំពោះ​ការងារ​នេះ តើ​គួរ​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​សង្គម​.​?​

អត្ថបទសរសេរ ដោយ