ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មេធាវី​លោក កឹ​ម សុខា ឆ្លើយ​តប​អ្នកប្រឆាំង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​មេធាវី​លោក កឹ​ម សុខា ២​រូប បាន​ពន្យល់​ប្រាប់​ពី​ដំណើរ​ចុះ​ទស្សនា​ចម្ការ​ស្រកានាគ​ ជា​លើក​ដំបូង​របស់​លោក កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ មាន​មេធាវី​លោក កឹ​ម សុខា ២​រូប បាន​ពន្យល់​ប្រាប់​ពី​ដំណើរ​ចុះ​ទស្សនា​ចម្ការ​ស្រកានាគ​ ជា​លើក​ដំបូង​របស់​លោក កឹ​ម សុខា ស្រប​តាម​ការ​កំណត់​របស់​ចៅក្រម​ស៊ើបសួរ ។ ការ​ពន្យល់​នេះ ​បន្ទាប់​ពី​ក្រុមប្រឆាំង​មួយ​ចំនួន​រិះគន់​ថា ការ​ចុះទៅ​តាម​ខេត្ត​របស់​លោក កឹ​ម សុខា គឺ​ខុស​នីតិវិធី​តុលាការ​ទាំង​លោក កឹ​ម សុខា កំពុង​ជាប់ក្តី​ក្កាំមិន​ទាន់​ដាច់ស្រេច​នោះ​ទេ ។

យ៉ាងណា​ក្តី មេធាវី​លោក កឹ​ម សុខា ទាំង​លោកស្រី ម៉េ​ង សុភា​រី និង​លោក ផែង ហេង ផ្ញើ​ជូន​អ្នកធ្វើ​ពុត​ជា​ដេក​លក់ និង​អ្នក​បំភ័ន្ត នោះ​គឺជា​ការ​មិនត្រឹមត្រូវ​ព្រោះ​ចៅក្រម​ស៊ើប​សួរ​បាន​សម្រេច​ឲ្យ​លោក កឹ​ម សុខា រួច​ហើយ​កាលពី​ឆ្នាំ​២០១៩ ។

យោង​តាម​បណ្តាញ​សង្គម​របស់​លោក មុត ច​ន្ថា នាយក​ខុទ្ទកាល័យ​លោក កឹ​ម សុខា បាន​សរសេរ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​លោកស្រី ម៉េ​ង សុភា​រី សហ​មេធាវី បាន​ពន្យល់​ថា ដើម្បី​ចៀសវាង​​ការ​យល់​ខុស ឬ​យល់​ច្រ​លំ ឬ​មានការ​ចោទប្រកាន់​ខុស​ដោយសារ​មិន​យល់ ឬ​មិនដឹង ចំពោះ​ការ​ធ្វើ​ដំណើរ​ចេញពី​លំនៅ​ឋាន​របស់​លោក កឹ​ម សុខា ក្នុង​នាម​ខ្ញុំ​ជា​មេធាវី​របស់​លោក កឹ​ម សុខា ខ្ញុំ​សូម​ជំរាប​ជូន​សាធារណៈជន​ជ្រាប ៖
១-​លោក កឹ​ម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​កែប្រែ​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​មួយ​ចំនួន​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​សម្រេច​ឲ្យ​លោក កឹ​ម សុខា ជាប់កាតព្វកិច្ច ៣​ចំណុច ដូច​ខាងក្រោម​វិញ​៖

ក​-​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែន​រាជាណាចក្រ​កម្ពុជា ។ មាន​ន័យ​ថា លោក កឹ​ម សុខា អាចធ្វើ​ដំណើរ​បាន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា លើកលែងតែ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ។ ខ​-​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ ។ មានន័យ​ថា ទោះជា​លោក កឹ​ម សុខា មាន​សិទ្ធិ​ធ្វើ​ដំណើរនៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ក៏​ដោយ តែ​លោក កឹ​ម សុខា មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​បាន​ឡើយ ។ គ​-​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។
លោកស្រី​បន្ត​ថា ចំណុច​ដែល​ហាម​មិន​ឲ្យ​ជួបជនបរទេស​ត្រូវ​បាន​លុប​ចោល ហេតុនេះ​ហើយ​ទើប​កន្លង​មក បណ្តា​ទូត​បាន​អញ្ជើញ​មក​ជួប លោក​កឹ​ម សុខា ដល់​គេហដ្ឋាន ចាប់តាំងពី​មានសេចក្តីសម្រេច​កែប្រែ​កាតព្វកិច្ច​ចុះ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។

លោកស្រី​មេធាវី​ថា​លោក កឹ​ម សុខា មិន​ទាន់មាន​សាលក្រម ឬ​សាលក្រម​ស្ថាពរ​សម្រេច ផ្តន្ទាទោស​ពី​បទ​ក្បត់ជាតិ​ទេ ។ តាម​ច្បាប់​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ជន​ណា​ដែល​មិន​ទាន់​មាន​សាលក្រម​ផ្តន្ទាទោស​ជា​ស្ថាពរ ជន​នោះ​នៅ​តែ​ចាត់​ទុកជា​ជន​គ្មាន​ទោស ។ ហេតុនេះ រហូត​មក​ដល់​បច្ចុប្បន្ន លោក​មិនមែន​ជា​ជន​ក្បត់ជាតិ​ឡើយ ។
លោកស្រី​បញ្ជាក់​ថា​៖ «​សរុប​មក​ការ​ធ្វើ​ដំណើរ​របស់​ឯកឧត្តម កឹ​ម សុខា ដោយ​គោរព​កាតព្វកិច្ច​ចំណុច​«​ខ​» នៃ​សេចក្តីសម្រេច​របស់​តុលាការ មិនមែន​ជា​ការ​ដើរ​ចេញពី​បន្ទាត់​ក្រហមអ្វី​ឡើយ ។

ចំណែក​លោក ផែង ហេង សហ​មេធាវី បានបញ្ជាក់​ថា «​បើ​គ្រាន់តែ​យល់​ច្រឡំ គឺ​ងាយ​ពន្យល់ទេ ឆាប់​យល់​។ តែបើ​ធ្វើ​ជា​មិន​យល់ នោះ​ពិបាក​ហើយ ។ ខ្មែរ​ប្រើ​ឃ្លា​១​ថា «​ដាស់​​មនុស្ស​ដេក​លក់ងាយ​ភ្ញាក់ តែបើ​ដាស់​អ្នក​ធ្វើ​ពុត​ដេក​លក់ គឺ​ដាស់​មិន​ភ្ញាក់​ទេ​» ។
សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ លោក កឹ​ម សុខា បាន​ចុះ​ទៅ​ទស្សនា​ចម្ការ​ស្រកានាគ​របស់​លោក​នៅ​ខេត្ត​ត្បូងឃ្មុំ​ជា​លើក​ដំបូង បន្ទាប់​ពី​ខកខាន​ជា​ច្រើន​ឆ្នាំ​មក ហើយ​បន្ទាប់​ពី​ជាប់​ក្នុង​សំណុំរឿង​ក្បត់ជាតិ ។

លោក ចាន់ ចេ​ន មេ​ជា​វី​លោក កឹ​ម សុខា​បានបញ្ជាក់​ថា គោលបំណង​ដែល​លោក កឹ​ម សុខា ចុះ​ខេត្ត​នេះ គឺ​ដើម្បី​ពិនិត្យ​ស្វែង​យល់​ពី​ផលដំណាំ និង​ជីវភាព​កសិករក្នុងអំឡុង​ពេល​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​រីក​រាលដាល​នៅ​កម្ពុជា ក៏​ដូច​ជា​ពិភពលោក ។បើ​តាម​មេធាវី​ការពារ​ក្តី​រូប​នេះ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០២០​ថា ដំណើរ​ចុះ​តាម​មូលដ្ឋាន​លើក​ដំបូង របស់​លោក កឹ​ម សុខា​នេះ មិន​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​ច្បាប់​នោះ​ទេ ។

មេធាវី​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ធ្វើការ​ពន្យល់​អំពី​ច្បាប់​ដល់​អស់លោក​អ្នក​ដែល​មិនដឹង ឬ​ដឹង​ហើយ​ធ្វើ​ជា​មិនដឹង ។ លោក កឹ​ម សុខា មិនមែន​ជា​ទណ្ឌិត ឬ​ត្រូវ​បានតុលាការ​ផ្តន្ទាទោស​ពី​បទ​ក្បត់ជាតិ​នោះ​ទេ ហើយ​ពេល​នេះ​មិន​មានច្បាប់​ណា​ដែល​ហាម លោក កឹ​មសុខា មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​នោះ​ទេ គឺ​គេ​ហាម​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ ។ ដូច្នេះ​ការ​ដើរហើរ ឬ​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស វា​ជា​សេរីភាព​របស់​ឯកឧត្តម កឹ​ម សុខា​» ៕

អត្ថបទសរសេរ ដោយ