រាជធានីភ្នំពេញ ៖ យុវជនម្នាក់មានមុខរបរជាកម្មករដឹកទឹកកក ហើយបានឆ្លៀតជួញដូរគ្រឿងញៀនថែមមួយមុខទៀត ប៉ុន្តែមុខរបរនេះត្រូវបានបែកការណ៍ ដោយសារកម្លាំងនគរបាលខណ្ឌដង្កោស្រាវជ្រាវរហូតចាប់ខ្លួនបាន។
ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចទីលានចាក់សំរាមដែលមានទីតាំងស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ង៉ូវ សុខឆេង អាយុ២១ឆ្នាំ មុខរបរកម្មករដឹកទឹកកក ស្នាក់នៅទីលានចាក់សំរាម ស្ថិតនៅភូមិឃុំកើតហេតុខាងលើ ហើយនគរបាលដកហូតថ្នាំញៀនចំនួន១០កញ្ចប់តូចផងដែរ។
តាមប្រភពពីនគរបាលប្រាប់ឲ្យដឹងថា មុននិងឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវហើយបានទទួលព័ត៌មានថា ជនសង្ស័យខាងលើធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅលើទីលានចាក់សម្រាម។បន្ទាប់មកកម្លាំងបានចុះទៅបង្ក្រាបនិងចាប់ខ្លួនបានភ្លាមៗ ។
ក្រោយពីការត្រួតពិនិត្យនិងឆែកឆេរបានរកឃើញថ្នាំញៀនចំនួន១០កញ្ចប់ដែលជនសង្ស័យលាក់ទុកក្នុងដបថ្នាំពេទ្យ និងដាក់នៅក្នុងហោប៉ៅខោមុខខាងឆេ្វង ។ បន្ទាប់មកទៀតកម្លាំងនគរបាលក៏បាននាំខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង ថ្នាំញៀនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ