នៅថ្ងៃព្រះសង្ឃចូលកាន់វស្សា ទាយក ទាយិកា ឧបាសក ឧបាសិកាតែងដង្ហែទេយ្យទានទាំងឡាយមានសំពត់សាដកជាដើមទៅប្រគេនព្រះសង្ឃសម្រាប់ស្រង់ទឹក ដើម្បីចៀសវាងព្រះសង្ឃស្រង់ទឹកទាំងអាក្រាតកាយដូចជំនាន់ព្រះពុទ្ធដែលមិនទាន់មានការទំនុកបម្រុងពីមហាឧបាសិកាវិសាខានោះ ។
រឿងសំពត់សាដកនេះមានសម្ដែងនៅក្នុងវិន័យបិដកភាគ៨ ដូចតទៅ បានឮមកថា កាលព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពនទៀបក្រុងសាវត្ថី វេលានោះ នាងវិសាខាក្រាបបង្គំទូលព្រះសម្មាសម្ពុទ្ធថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់មេត្តាទទួលភត្តរបស់ខ្ញុំព្រះអង្គនៅក្នុងថ្ងៃស្អែកជាមួយនិងភិក្ខុសង្ឃផង ។ ព្រះមានព្រះភាគទ្រង់ទទួលនិមន្តដោយតុណ្ហីភាព ហើយនាងវិសាខា ក៏ក្រាបថ្វាយបង្គំលាព្រះសាស្ដាចេញទៅ ។
លុះរាត្រីកន្លងទៅមានភ្លើងធំធ្លាក់ចុះសព្វទ្វីបទាំងបួនរហូតទល់ព្រឹក គ្រានោះពួកភិក្ខុនាំគ្នាស្រាតងូតទឹកភ្លៀងព្រោះមិនមានសំពត់សាដក ។ ជួនពេលនោះ នាងវិសាខាបានប្រើទាសីឲ្យទៅនិមន្តព្រះពុទ្ធ និងភិក្ខុសង្ឃដើម្បីទទួលភត្ត ។
នាងទាសីក៏ធ្វើដំណើរទៅដល់វត្តជេតពន រកមើលមិនឃើញពួកភិក្ខុសោះ ឃើញតែមនុស្សប្រុសទាំងឡាយកំពុងងូតទឹកដោយអាក្រាតកាយ ក៏គិតថា ក្នុងអារាមនេះគ្មានពួកភិក្ខុទេ មានតែពួកអាជីវកកំពុងងូតទឹកជម្រះកាយ រួចក៏ត្រលប់មកកាន់សំណាក់នាងវិសាខាវិញ ហើយជម្រាបថា បពិត្រអ្នកម្ចាស់ ! ក្នុងអារាមគ្មានពួកភិក្ខុទេ មានសុទ្ធតែពួកអាជីវករកំពុងងូតទឹកជម្រះកាយ ។
នាងវិសាខាជាស្ត្រីឈ្លាសវៃក៏យល់ភ្លាមថា ច្បាស់ជាលោកម្ចាស់ទាំងឡាយដោះស្បង់ចីវរចេញ ហើយនាំគ្នាងូតទឹកភ្លៀងជម្រះកាយ តែបែរជាទាសីនេះសម្គាល់ថា ពួកអាជីវកទៅវិញ ។ លុះដល់វេលាភត្តកាលហើយ ព្រះបរមសាស្ដាក៏ទ្រង់ត្រាស់ឲ្យពួកភិក្ខុរៀបចំចេញដំណើរទៅផ្ទះនាង វិសាខាដើម្បីទទួលភត្តតាមការនិមន្ត ។
បន្ទាប់ពីព្រះអង្គ និងភិក្ខុសង្ឃឆាន់រួចភ្លាម នាងវិសាខាក៏ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមពរប្រាំបីប្រការអំពីព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ចូរនាងនិយាយមកចុះ ។ នាងវិសាខាក៏ក្របទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចង់ប្រគេន សំពត់សម្រាប់ងូតទឹកភ្លៀងចំណាំវស្សា, ភត្តសម្រាប់ភិក្ខុមកដល់ថ្មី, ភត្តសម្រាប់ភិក្ខុមានដំណើរចេញទៅឆ្ងាយ, ភត្តសម្រាប់ភិក្ខុមានជំងឺ, ភត្តសម្រាប់ភិក្ខុអ្នកបម្រើជំងឺ, ថ្នាំសម្រាប់ភិក្ខុមានជំងឺ, បបរសម្រាប់ភិក្ខុឆាន់ជានិច្ច និងសំពត់ងូតសម្រាប់ភិក្ខុនី ។
ព្រះ សាស្ដាទ្រង់ត្រាស់ថា ម្នាលនាងវិសាខា ល្អហើយ! ល្អហើយ! នាងបានសូមពរប្រាំបីប្រការអំពីតថាគត ជាការប្រពៃពិត, ម្នាលនាងវិសាខា បើដូច្នេះតថាគតអនុញ្ញាតពរប្រាំបីដល់នាងប្រតិបត្តិតាមការគួរចុះ ។
ព្រោះមានដំណើរដើមដានបែបនេះហើយ ទើបពុទ្ធសាសនិកខ្មែរនិយមធ្វើសាដកប្រគេនភិក្ខុសង្ឃសម្រាប់ស្រង់ទឹក ជាពិសេសសាដកសម្រាប់រដូវចូលវស្សាជារៀងរហូតមក ចៀសវាងព្រះសង្ឃស្រង់ទឹកទាំងអាក្រាតកាយ ។ សាន សារិន
ចែករំលែកព័តមាននេះ