ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​កសិដ្ឋាន​បៃតង​» កំពុង​អភិ​ឌ្ឍ​ន៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​​កំសាន្ត

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិដ្ឋាន​បៃតង ( គ្រី​ន​ហ្វា​ម ) ជា​តំបន់​ទេសចរណ៍​គួរ​អោយ​ទាក់ទាញ​ថ្មី​មួយ​នៅ​ក្នុងភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ កសិដ្ឋាន​បៃតង ( គ្រី​ន​ហ្វា​ម ) ជា​តំបន់​ទេសចរណ៍​គួរ​អោយ​ទាក់ទាញ​ថ្មី​មួយ​នៅ​ក្នុងភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ​ពី​ទី​រួម​កំពង់ឆ្នាំង ។ កសិដ្ឋាន​មួយ​នេះ កំពុងធ្វើការ​អភិវឌ្ឍន៍​កន្លែង​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ដូច​ជា​ធ្វើការ​ដាំ​ផ្កា ដាំ​ដំណាំ​ច្រើន​ប្រភេទ ធ្វើ​ទំនប់​បង្ហៀរ អាង​ហែល​ទឹក ធ្វើ​ខ្យុះ​ឬ​ស្សី និង​ធ្វើ​កន្លែង​បោះ​តង់ សម្រាប់​ភ្ញៀវ​ទៅ​លេង និង​សម្រាក​លំហែកាយ​ផង​ដែរ ។

មេការ​កសិដ្ឋាន​បៃតង​ខាងលើ លោក មួ​ង សា​លៀប បាន​និយាយ​ឲ្យ​ក្រុម​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា កសិដ្ឋាន​បៃតង​របស់​លោក​កំពុង​អភិវឌ្ឍន៍​កន្លែង​របស់​ខ្លួន ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ដោយ​ក្នុង​នោះ​បាន​រៀបចំ​សួន​ឬ​ស្សី ដែល​កំពុងធ្វើការ​ដាំ​ដុះ​ផ្កា​ចំរុះ​ពណ៌​លើ​ផ្ទៃដី​ប្រមាណ​៣​ហិ​កតា ។ នៅ​ជាប់​សួន​ឬ​ស្សី ក៏​កំពុង​កសាង​ទំនប់​បង្ហៀរ​មួយ​កន្លែង​សំរាប់​ភ្ញៀវ​ចុះ​លេង​ទឹក​កំសាន្ត ដែល​ទីនោះ​មាន​ប្រភព​ទឹកអូរ​ហូរ​​ចុះ​មក​ពីលើ​ភ្នំ​ឱ​រ៉ា​ល់ ។ ក្នុង​ទឹកអូរ​ធម្មជាតិ​នេះ​ផង​ដែរ នឹង​រៀបចំ​ដាក់​ទូក​សំរាប់​ភ្ញៀវ​ជិះ​ស្ទូចត្រី​លេង​កំសាន្ត ។

ដោយឡែក នៅ​ពីមុខ​សួន​ឬ​ស្សី​ចម្ងាយ​ជាង​២០០​ម៉ែត្រ យើង​ក៏​បាន​រៀបចំ​ធ្វើ​កន្លែង​បោះ​តង់​លំហែកាយ​រាប់​សិប​កន្លែង មាន​អាង​ហែល​ទឹក និង​ធ្វើ​ខ្យុះ​ឬ​ស្សី​រាប់រយ​កន្លែង សំរាប់​ភ្ញៀវ​មក​លេង​លំហែកាយ​ជាមួយ​ក្រុម​គ្រួសារ ឬ​មិត្តភក្តិ​រៀង​រាល់​ចុង​ស​ប្តា​ហ៍​។

មេការ​កសិដ្ឋាន​ខាងលើ បានឱ្យ​ដឹង​ទៀត​ថា​៖ ជាមួយ​គ្នា​នេះ​ដែរ កសិដ្ឋាន​កំពុង​ជីក​ស្រះ​ទំហំ​៣​ហិ​កតា ដើម្បី​ចិញ្ចឹម​បង្កង​រាប់​ម៉ឺន​ក្បាល ដាំ​ដំណាំ​កសិកម្ម​ចំនួន​២០​ប្រភេទ​លើ​ផ្ទៃ​ជាង​ដី​៥០០​ហិ​កតា ដែល​នឹង​មាន​ផ្លែ​គ្រប់​រដូវ​កាល មាន​ដាំ​បន្លែ​ធម្មជាតិ​គ្រប់​ប្រភេទ ចិញ្ចឹម​មាន់ និង​ចិញ្ចឹម​ត្រី សម្រាប់​តម្រូវការ​ភ្ញៀវ​ដែល​លេង​កំសាន្ត​នៅ​ក្នុង​តំបន់​ទេសចរណ៍​បៃតង​ថី្ម​ផង​ដែរ ។

សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​តំបន់​ទេសចរណ៍​ខាងលើ បច្ចុប្បន្ន​មាន​ភ្ញៀវ​ទៅ​លេស​កំសាន្ត​ជា​បណ្តើរ​ៗ​ហើយ គ្រា​ដែល​ការ​រៀបចំ​នៅ​មិន​ទាន់​បាន​៤០% ផង ដោយ​ភ្ញៀវ​បាន​ទៅ​លេង​កំសាន្ត​ថតរូប​នៅ​សួនផ្កា​ឈូករ័ត្ន និង​ផ្កា​ចម្រុះ​ពណ៌ ព្រមទាំង​អង្គុយ​លេង​កំសាន្ត​នៅ​ក្រោម​ម្លប់​សួន​ឬ​ស្សី ដែល​មាន​ខ្យុះ​ច្រើន​កន្លែង​សម្រាប់​ភ្ញៀ​ង​អង្គុយ​លេង​ដោយ​ពុំ​គិតថ្លៃ ។

នៅ​ទីនោះ​មាន​បំរើសេវា​កម្ម​លក់​ភេសជ្ជៈ លក់​បាយ ម្ហូបអាហារ​ដែល​មាន​តម្លៃ​សមរម្យ ។ ក្រៅពី​ថតរូប​ភាព​ជាមួយ​ផ្កា ភ្ញៀវ​អាច​ថតរូប​ជាមួយ​ភ្នំ និង​ទេសភាព​ស្រស់បំព្រង​ជាមួយ​ធម្មជាតិ ដែល​មាន​ជំ​នោ​រ​បរិសុទ្ធ​។ ​កន្លង​មក ក៏​ធ្លាប់​មាន​ភ្ញៀវ​ទៅ​បោះ​តង់​សម្រាក​លំហែកាយ នៅ​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ផង​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេការ​របស់​កសិដ្ឋាន​បៃតង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ