រោងចក្រ​ជាង ១០ ដាក់​ពាក្យសុំ​កែប្រែ​ពី​ការ​ផលិត​សម្លៀក​បំពាក់​និង​ស្បែកជើង​ទៅ​ផលិត​ម៉ាស


រាជធានី​ភ្នំពេញ​៖ ខណៈ​ការ​នាំ​ចេញ​នូវ​សម្លៀក​បំពាក់​និង​ស្បែកជើង​មានការ​ធ្លាក់​ចុះ​ខ្លាំង មាន​រោងចក្រ​មួយ​ចំនួន​បាន​សម្រេច​បង្វែរ​សង្វា​ក់​ផលិតកម្ម​ពី​ការ​ផលិត​សម្លៀក​បំពាក់​និង​ស្បែកជើង​ទៅ​ផលិត​ម៉ាស់​សម្រាប់​នាំ​ចេញ ។

លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា រោងចក្រ​ដែល​កំពុង​កែប្រែ​ពី​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​ទៅ​ជា​រោងចក្រ​ផលិត​ម៉ាស និង​សម្ភារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ គឺ​គោលដៅ​ធំ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

លោក​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ​មាន​រោងចក្រ​ប្រមាណ​ជាង​១០​រោងចក្រ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​កែប្រែ​ពី​ការ​ផលិត​សម្លៀក​បំពាក់​និង​ស្បែកជើង​ទៅ​ជា​រោងចក្រ​ផលិត​ម៉ាស ហើយ​ក្នុង​នោះ​ដែរ​មាន​បួន​ទីតាំង​កំពុង​មាន​សកម្មភាព​គឺ​រោងចក្រ​នៅ​កំពង់ចាម ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ស្ពឺ​និង​រាជធានី​ភ្នំពេញ ។

លោក​ហេង សួរ បាន​បញ្ជាក់​ផង​ដែរ​ថា « រាជរដ្ឋាភិបាល​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ទាំងឡាយ​ដែល​កែប្រែ​ពី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ទៅ​ជា​រោងចក្រ​ផលិត​ម៉ាស​ដើម្បី​នាំ​ចេញ​ទីផ្សារ​អន្តរជាតិ​វិញ ខណៈ​ផលិតផល​ម៉ាស​កំពុង​មាន​ទីផ្សារ​នៅ​លើ​សកលលោក​» ។ លោក​បាន​បន្ត​ថា​ការ​ផលិត​ម៉ាស​ជា​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ខ្លី តែ​ត្រូវ​កំលាំង​ពលកម្ម​មិន​ច្រើន​ប៉ុន្មាន​ទេ ជាក់ស្ដែង​ក្នុង​មួយ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ដែល​ផលិត​ម៉ាស​២​លាន​ម៉ាស​ក្នុង​មួយ​ខែ​ត្រូវការ​កំលាំង​ពលកម្ម​ប្រមាណ​តែ​ជាង​២០​នាក់​ប៉ុណ្ណោះ ។

អ្នកនាំពាក្យ​ក្រសួង​ការងារ​រូប​នេះ​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ ២០២០​នេះ​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់​និង​ស្បែកជើង បាន​ធ្លាក់​ចុះ​ប្រមាណ​ជាង​៥​ភាគរយ​ហើយ​ក្នុង​រយៈពេល​នេះ​ដែរ មាន​រោងចក្រ​ស្នើ​សុំ​ផ្អាក​សកម្មភាព​ការងារ​ចំនួន​ជាង​៤០០​រោងចក្រ និង​រោងចក្រ​បិទ​ដំណើរការ​តែ​ម្ដង​មាន​ចំនួន​៨៣​រោងចក្រ ។

យោង​តាម​ការ​ព្យាករណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​កម្ពុជា​បាន​បង្ហាញ​ថា​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​នឹង​កាន់តែ​ខ្លាំង​ថែម​ទៀត ក្នុង​នោះ​នឹង​អាច​បាត់បង់​អ្នកបញ្ជា​ទិញ​បន្ថែម ដែល​នឹង​ធ្វើ​អោយ​បាត់បង់​ការងារ​សម្រាប់​កម្មករ​ក៏​កាន់តែ​ច្រើន​ថែម​ទៀត ហើយ​ការ​បាត់បង់​នោះ​នឹង​មិន​អាច​ត្រលប់​មក​វិញ​បាន​ទៀត​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ