ដល់​.​ក​! យុវជន​ម្នាក់​យក​រថយន្ត​​បែន​ដឹក​​ដី​មក​កែ​ច្នៃ​យ៉ាង​ញាក់សាច់​តែ​ម្តង (វី​ដេ​អូ)


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​បែន​ដឹក​ដី​កង់​៦​មួយ​គ្រឿង ត្រូវ​បាន​ម្ចាស់​តុបតែង​លម្អ​ខុស​ទំនង និង​ខុស​លក្ខណៈ​បច្ចេកទេស​ដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មិន​អនុញ្ញាត​ឡើយ ដោយ​ម្ចាស់​បាន​បិទ​បាំង​រូបភាព​ផ្សេង​ៗ​ដូច​ជា រូប​តុក្កតា​ជ័រ​រ​ណេ​ង​រណោង និង​បំពាក់​កញ្ចក់​មើល​ក្រោយ​យ៉ាងច្រើន​ស្អេកស្កះ​តែ​ម្តង​។ ជា​ពិសេស​បំផុត​នោះ គឺ​បំពាក់​បំពង់​ស៊ី​ម៉ាំង​កែ​ច្នៃ​លាន់​សូរ​ប្រែ​ន​ៗ​យ៉ាង​កងរំពង​បង្ក​ការ​រំខាន​ដល់ និង​ធុញទ្រាន់​ដល់​អ្នកស្រុក និង​អ្នកដំណើរ​រាល់ថ្ងៃ បន្ទាប់​មក​ក៏​ត្រូវ​កម្លាំង​អាជ្ញាធរ​ខណ្ឌ​កំ​បូល ចុះ​ស្ទាក់​ឃាត់​រថយន្ត​នោះ​បាន រួច​ហើយ​ឱ្យ​កាត់​ស៊ី​ម៉ាំង និង​កញ្ចក់​មើល​ក្រោយ​ដែល​កែ​ច្នៃ​នោះ​ចោល ព្រមទាំង​អប់រំ​ណែនាំ​ដល់​ម្ចាស់​ឈប់​ឲ្យ​មាន​បែប​នេះ​តទៅ​ទៀត​។

សេចក្តីរាយការណ៍​បន្ត​ថា ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​លេខ​៤២ ស្ថិត​ក្នុង​សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ ហើយ​រថយន្ត​ខាងលើ​នោះ ម៉ាក​នី​ស្សាន់​ឌី​សែ​ល ពណ៌​ស ជា​ប្រភេទ​រថយន្ត​ចង្កូត​ស្ដាំ​កង់​៦ បែន​ដឹក​ដី ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ KPS-0682 បើកបរ​ដោយ​យុវជន​វ័យក្មេង​ម្នាក់​អាយុ​ប្រហែល​២០​ឆ្នាំ សក់​ក្រហម​កន្ទ្រើង មិន​ត្រូវ​បានឱ្យ​ស្គាល់ឈ្មោះ​ឡើយ​។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​រូប​នេះ​ហាក់​ស្រឡាញ់​ចូល​ចិត្ត​នូវ​អ្វី​ដែល​ខុស​ប្លែក​ពី​គេឯង ទើប​បានជា​តុបតែង​រថយន្ត​ខុស​ទំនង រហូត​មិន​បានដឹង​ខ្លួន​ថា​ខុសច្បាប់​ចរាចរណ៍ និង​ខុស​លក្ខណៈ​បច្ចេកទេស​ឡើយ ។ សូ​ម្បី​តែ​នៅ​ក្បាំងភក់​រថយន្ត​ខាងក្រោយ ក៏​មាន​សរសេរ​នូវ​ពាក្យ​ប្លែក​១​ឃ្លា​ផង​ដែរ​ថា «​បោះបង់​ការ​សិក្សា ស្រវា​ឡាន​បែន​» ថែម​ទៀត​ផង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តាម​ការ​ពិនិត្យ​ជាក់ស្ដែង យុវជន​រូប​នេះ​បាន​ដោះ​ស៊ី​ម៉ាំង​ហ្ស៊ី​ន​រថយន្ត​ចេញ ហើយ​បាន​កែ​ច្នៃ​ស៊ី​ម៉ាំង​ភ្លោះ​៣​បំពាក់​ជំនួស ដែល​ពេល​បើកបរ​តាម​ផ្លូវ​ឆ្លងកាត់​ស្រុក​-​ភូមិ​ពី​មួយ​ទៅ​មួយ​លាន់ឮ​សម្លេង​ប្រែ​ន​ៗ​ខ្លាំង​ៗ បង្ក​ការ​ក្ដៅក្រហាយ​ដល់​អ្នក​ភូមិ​។

មិនតែប៉ុណ្ណោះ​នៅ​ក្រោម​ស៊ី​ម៉ាំង​ភ្លោះ​៣​នោះ​ក៏​មាន​បិទ​រូប​មនុស្ស​ប្រុស និង​បិទ​អក្សរ​ពណ៌​ក្រហម​ធំ​ៗ​ថា «​បងធំ​» ចំណែក​នៅ​កាប៊ី​ន​រថយន្ត​ទាំងមូល​វិញ មាន​បិទ​រូប​ច្រើន​ចម្រុះ​គ្មាន​សល់​កន្លែង​ត្រង់​ណា​ទេ ហើយ​ក៏​មាន​បំពាក់​រូប​តុ​កក្ក​តា​ជ័រ​រយីងរយោង និង​កែ​ច្នៃ​បំពាក់​ភ្លើង​ង​ពណ៌ ជា​ពិសេស​បាន​បំពាក់​កញ្ចក់​មើល​ក្រោយ​ច្រើន​យ៉ាង​ស្អេកស្កះ ដែល​ម្ខាង​ៗ​ជិត​២០​កញ្ចក់​ឯណោះ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មិន​ត្រឹមតែ​តុបតែង​ខុស​ទំនង និង​ខុស​លក្ខណៈ​បច្ចេកទេស​ប៉ុណ្ណោះ​ទេ រថយន្ត​នេះ​បើក​លឿន ហើយ​នៅ​ពេល​បើក​ទៅ​ដល់​ក្នុងភូមិ​នានា​វិញ រឹតតែ​ខំ​ជាន់​ហ្គា​ឲ្យ​កាន់តែ​ឮ​សម្លេង​ខ្លាំង​ថែម​ទៀត​រំខាន​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់​។

ដោយសារ​តែ​បែប​នេះ​ហើយ ទើប​លោក ឃឹម ស៊ុន​សូ​ដា ដែល​ជា​អភិបាល​ខណ្ឌ​កំ​បូល មានការ​ចូលរួម​ដោយ​លោក សេង គន្ធ ដែល​ជា​អភិបាលរង​ខណ្ឌ បាន​ចុះ​ស្ទាក់​ឃាត់​រថយន្ត​នេះ​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស ហើយ​បានឃើញ​ជាក់ស្ដែង​ថា ពិតជា​ខុស​ទំនង​មែន ទើប​កាត់​ស៊ី​ម៉ាំង និង​កញ្ចក់​មើល​ក្រោយ ដែល​មានការ​កែ​ច្នៃ​ខុស​បទដ្ឋាន​បច្ចេកទេស​នោះ​ចោល ។

មិនតែប៉ុណ្ណោះ ក៏​បាន​ឲ្យ​យុវជន​ដែល​ជា​ម្ចាស់ និង​អ្នកបើកបរ​រថយន្ត​ឈរ​កាន់​ស៊ី​ម៉ាំង​ភ្លោះ​និង​កញ្ចក់​មើល​ក្រោយ ដែល​កាត់​ចេញ​នោះ​ថតរូប​ទុក ព្រមទាំង​ធ្វើការ​អប់រំ​ឈប់​ឲ្យ​មាន​ត​បែប​នេះ​ទៅ​ទៀត ហើយ​ក៏​ជា​ការ​ព្រមាន​ទៅ​ដល់​រថយន្ត​ដឹក​ដី ដឹក​ថ្ម ក្រួស​ខ្សាច់​ដទៃ​ៗ​ទៀត កុំ​ឲ្យ​យក​តម្រាប់​តាម​យុវជន​ខាងលើ​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ