រដ្ឋបាល​ខេត្ត​ដោះស្រាយ​​ទំនាស់​​ដីធ្លី​បាន​ជាង​៣០០​ករណី​ក្នុង​ចំណោម​​​បណ្តឹង​ជាង​៦០០​ករណី


ខេត្តស្វាយរៀង ​៖ ​លោក​រស់ ផា​រិ​ទ្ធ អភិបាលរង​ខេត្តស្វាយរៀង បាន​អះអាង​ថា​ គិត​មក​ដល់​ពេល​នេះ​ក្រុមការងារ បាន​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៣៦៨​ករណី ​លើ​ពាក្យបណ្ដឹង​សរុប​ចំនួន​៦៤៥​ករណី​។​

​លោកអភិបាលរងខេត្ត​បាន​​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​វឌ្ឍនភាព​និង​ទិស​ដៅ​ការងារ​បន្ត​របស់​រដ្ឋបាល​ខេត្តស្វាយរៀង​​កាលពី​​ថ្ងៃ​ទី​៧​ ខែកក្កដា​ ឆ្នាំ​២០២០​ ។

លោក​អភិបាល​រង​ខេត្ត​បាន​ថ្លែង​ថា រដ្ឋបាល​ខេត្ត តាម​រយៈ​គណៈកម្មការ​សុរិយោដី​ខេត្ត​ដែល​មាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូ​នី​យ​កម្ម​និង​សំណង់ និង​សុរិយោដី ជា​សេនាធិការ​បាន​ខិតខំ​ធ្វើការ​សម្រុះសម្រួល ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី ជូន​ប្រជាពលរដ្ឋ​និង​ភាគី​ពាក់ព័ន្ធ​ស្រប​តាម​នីតិវិធី​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​។

លោក​បន្ត​ថា «​ជាក់ស្តែង​គិត​តាំងពី​មុន​មក​គណៈកម្មការ​សុរិយោដី​ខេត្ត​បាន​ទទួល​ពាក្យបណ្តឹង​សរុប​ចំនួន​៦៤៥​ករណី​បាន​ដោះស្រាយ​បញ្ចប់​៣៦៨​ករណី ​ច្រានចោល​ពាក្យបណ្ដឹង​១៨៣​ករណី​។​ដក​ពាក្យបណ្តឹង​វិញ​៥៥​ករណី បញ្ជូន​ទៅ​ស្ថាប័ន​ថ្នាក់​ជាតិ​១១​ករណី​និង​នៅ​សល់​កំពុង​ដោះស្រាយ​២៨​ករណី ស្មើនឹង​៧០​គ្រួសារ​។​

ក្នុង​ឱកាស​នោះ​លោក​បញ្ជាក់​ថា ខេត្ត​ក៏​បាន​កសាង​ផ្ទះ​ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី ពិការ​និង​គ្រួសារ​និវត្តជន​ជា​គោលនយោបាយ​សម្បទាន​ដី​សង្គមកិច្ច​របស់​រាជរដ្ឋាភិបាល​បាន​ចំនួន ៤០០​ខ្នង​ស្មើនឹង​ផ្ទៃដី​សរុប​ចំនួន​១៥៣,៧ ហិ​កតា (​ជំហាន​ទី​១,​ចំនួន​២០០​ខ្នង ស្មើនឹង​៥៥,៣៥​ហិ​កតា​និង​ជំហាន​ទី​២,​ចំនួន​២០០​ខ្នង​ស្មើនឹង​៩៨,៣៥​ហិ​កតា​)​។

ទាក់ទង​វិស័យ​កសិកម្ម លោក​ថា​ខេត្ត​មាន​ផ្ទៃដី​កសិកម្ម​សរុប​២១៣.៤០០​ហិ​កតា​ក្នុង​នោះ​ផ្ទៃដី​ផលិតកម្ម ដំណាំ​ស្រូវ មាន​ចំនួន​១៨៨.០០០​ហិ​កតា​( ស្រូវ​វស្សា ១៦៧.៥០០​ហិ​កតា​និង​ស្រូវប្រាំង​២០.៥០០​ហិ​កតា​)​។​

ជាក់ស្ដែង​ក្នុង​រដូវ​ស្សា​ឆ្នាំ​២០១៩​កន្លង​ទៅ ការ​បង្ក បង្កើន​ផល​ស្រូវ​វស្សា អនុវត្ត បាន​លើ​ផ្ទៃដី​សរុប ១៦៩.៨២០​ហិ​កតា ស្មើនឹង​១០១,៣៨​ជា​មធ្យម​២,៩​តោន​/​ហិ​កតា ការ​អនុវត្ត​ស្រូវប្រាំង​សម្រេច​បាន លើ​ផ្ទៃដី​សរុប​២០.១០២​ហិ​កតា​ស្មើនឹង ៩៨% នៃ​ផែនការ​ទិន្នផល​ជា​មធ្យម​៤​តោន​/​ហិ​កតា​។

លើស​ពី​នេះ​ទៀត លោក​អភិបាលរង​ខេត្ត​បន្ថែម​ថា ឆ្នាំ​២០១៩​ខេត្ត ប្រមូល​ចំណូល​ពន្ធ​ចូលជាតិ​បាន​ចំនួន​៣២.៣១០.៣៩១.៨១៣​រៀល​ស្មើនឹង​១៩៧,១៥%​នៃ​ផែនការ​ឆ្នាំ​បើ​ធៀប​នឹង​ឆ្នាំ​មុន​រយ​:​ពេល​ដូច​គ្នា មានការ​កើនឡើង​១៣៧,០៩%​ក្នុង​នោះ​ចំណូល​ថវិកា​ថ្នាក់​ជាតិ​មាន​ចំនួន​១១.៣៩១.៦៧៩.៥៣០​រៀល និង​ថវិកា​ថ្នាក់​ក្រោម​ជាតិ មាន​ចំនួន​២០.៩១៨.៧១២.២៨៣​រៀល​កើនឡើង​១៦៧,៤៦%៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ