វីរ​វរហើយ ! រថយន្ត និង​ទំនិញគេចពន្ធ​រឹបអូស​បាន​នឹង​ត្រូវ​ដាក់​លក់ បើ​ម្ចាស់​មិន​ចូលខ្លួន​ដោះស្រាយ


រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៅ​ថ្ងៃ​ទី​៨ ខែកក្កដា បាន​ព្រមាន​ថា រាល់​គ្រប់​រថយន្ត​និង​ទំនិញគេចពន្ធ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​បាន​កន្លង​មក​នឹង​ត្រូវ​ដាក់​លក់ ក្នុង​ករណី​បើ​ម្ចាស់​ទំនិញ និង​រថយន្ត​គេចពន្ធ​មិន​ចូលខ្លួន​ដោះស្រាយ​ជាមួយ​ស្ថាប័ន​គយ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ។

សេចក្តីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា យោង​ច្បាប់​ស្តី​ពី​គយ និង​អនុលោម​តាម​គោលការណ៍​សម្រេច​របស់​រាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សូម​ប្រកាស​ជូនដំណឹង និង​អញ្ជើញ​ជា​លើក​ចុង​ក្រោយ ដល់​ម្ចាស់​យានយន្ត និង​ម្ចាស់​ទំនិញគេចពន្ធ​ដែល​ត្រូវ​បាន​បង្ក្រាប និង​រក្សា​ទុក​បណ្តោះអាសន្ន​ដោយ​រដ្ឋបាល​គយ សូម​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ​អាករ និង​ពិន័យ​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ក្នុង​រយៈពេល​មិន​លើស​ពី​៦០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បញ្ជាក់​ថា ចំពោះ​រថយន្ត និង​ទំនិញគេចពន្ធ​ដែល​បាន​រឹបអូស​នឹង​ត្រូវ​ដាក់​លក់ ប្រសិនបើ​ម្ចាស់​មិន​ចូលខ្លួន​ដោះស្រាយ​នោះ​ទេ ដើម្បី​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ ។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ម្ចាស់​រថយន្ត​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូច​ជា កក់​ប្រាក់​ចំនួន ៧០% នៃ​ប្រាក់​ពន្ធ​អាករ និង​ពិន័យ​ដែល​ត្រូវ​បង់ និង​យក​រថយន្ត​ទៅ​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​នៅ​យានដ្ឋាន​ដែល​ទទួលស្គាល់​ដោយ​ស្ថាប័ន​មាន​សមត្ថកិច្ច ។ ក្នុង​រយៈពេល​មិន​លើស​ពី​៣០​ថ្ងៃ ម្ចាស់​រថយន្ត​ត្រូវ​យក​រថយន្ត​ដែល​បាន​កែ​ចង្កូត​រួច​មក​បង្ហាញ មន្ត្រី​គយ និង​រដ្ឋាករ​មាន​សមត្ថកិច្ច និង​បង់ប្រាក់​ពន្ធ​អាករ និង​ពិន័យ​បន្ថែម​៣០%​ទៀត ដើម្បី​ទទួល​បាន​បង្កាន់ដៃ​ពន្ធ​យានយន្ត​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ចុះបញ្ជី​យានយន្ត​ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ។

សូម​បញ្ជាក់​ថា ក្នុង​ករណី​ម្ចាស់​ខក​ខានមិនបាន​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​តាម​លក្ខខណ្ឌ និង​ពេលវេលា​ដូច​បាន​រៀបរាប់ និង​អនុលោម​តាម​បញ្ញត្តិ​មាត្រា ៥៤ និង​មាត្រា​៥៥ នៃ​ច្បាប់​ស្តី​ពី​គយ​ទេស​យានយន្ត និង​ទំនិញ​ទាំងនោះ​នឹង​ត្រូវ​ចាត់ទុកជា​ទំនិញ​គ្មាន​ការ​ទាមទារ ហើយ​(​អគរ​) នឹង​ប្រកាស​ដាក់​លក់​ដោយ​ដេញថ្លៃ​ជា​សាធារណៈ​តាម​នីតិវិធី​ជា​ធរមាន ដើម្បី​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ