ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​​វៀតណាម បង្ហាញ​ក្តី​បារម្ភ​ពី​កង្វះ​កីឡាករ​វ័យក្មេង​​មាន​ទេព​កោសល្យនាពេលបច្ចុប្បន្ន

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វៀតណាម​លោក Park Hang-seo បាន​បង្ហាញ​ក្តី​បារម្ភ​ពី​អនាគត​បាល់ទាត់​វៀតណាម បន្ទាប់​ពី​លោក​បាន​លើក​ឡើង​ពី​កង្វះ​កីឡាករ​វ័យក្មេងល្អ​ៗ នៅ​ក្នុង​ក្រុម​ឈុត​យុវជន U-22 នៅឯ​វគ្គ​បណ្តុះបណ្តាល​មួយ​កាលពីពេលកន្លង​ទៅថ្មីៗនេះ​។…

ប្រទេស​វៀតណាម ៖ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វៀតណាម​លោក Park Hang-seo បាន​បង្ហាញ​ក្តី​បារម្ភ​ពី​អនាគត​បាល់ទាត់​វៀតណាម បន្ទាប់​ពី​លោក​បាន​លើក​ឡើង​ពី​កង្វះ​កីឡាករ​វ័យក្មេងល្អ​ៗ នៅ​ក្នុង​ក្រុម​ឈុត​យុវជន U-22 នៅឯ​វគ្គ​បណ្តុះបណ្តាល​មួយ​កាលពីពេលកន្លង​ទៅថ្មីៗនេះ​។

លោក Park បានលើកឡើង​ថា​«​នៅ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​ប្រទេស​វៀតណាម​កាលពី​៣​ឆ្នាំ​មុន មាន​កីឡាករ​វ័យក្មេង​ដែល​មាន​ទេព​កោសល្យ​ជា​ច្រើន​ដូច​ជា​កីឡាករ Nguyen Cong Phuong, Luong Xuan Truong និង​កីឡាករ Do Duy Manh ។ ប៉ុន្តែ​បច្ចុប្បន្ន​យើង​ឃើញ​ថា ពុំ​សូវ​មាន​កីឡាករ​វ័យក្មេង ដែល​មាន​ទេព​កោសល្យ​ច្រើន​ដូចពី​មុន​ឡើយ​»​។

កីឡាករ Nguyen Cong Phuong

សូម​រំលឹក​ថា​កាលពី​ថ្ងៃ​ទី​១ ខែកក្កដា​កន្លង​ទៅ លោក Park បាន​កោះហៅ​កីឡាករ​ឈុត U-21 ចំនួន ២៨ នាក់​ដែល​កម្រ​នឹង​បាន​លេង​នៅ​ក្នុងលី​គ​វៀតណាម។ ដោយ​លោក​មាន​គោលបំណង​ផ្តល់​ពេលវេលា និង​ឱកាស​សម្រាប់​ពួក​គេ​ឱ្យកាន់តែ​ច្រើន និង​ដើម្បី​វាយតម្លៃ​កីឡាករ​ម្នាក់​ៗ នៅ​មុនពេល​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣១ ដែល​វៀតណាម​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​ក្រោយ​។

កីឡាករ Luong Xuan Truong

គ្រូបង្វឹក​ជនជាតិ​កូរ៉េ​ខាងត្បូង​វ័យ ៦២​ឆ្នាំ​រូប​នេះ បាន​បន្ត​ទៀត​ថា «​យុវជន​មិន​មានឱកាស​ច្រើនទេ ​ដើម្បី​បង្ហាញខ្លួន​នៅ V. League។ ព្រោះ​ក្លិប​ជា​ច្រើន​ចូល​ចិត្ត​កីឡាករ​បរទេស និង​កីឡាករ​ដែល​មានបទពិសោធន៍​។ ខ្ញុំ​សង្ឃឹមថា​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​អាចនឹង​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​បង្កើត​ឱកាស​បន្ថែម​ទៀត​សម្រាប់​យុវជន​ក្នុង​ការ​លេង​។ ឧទាហរណ៍ ​យើង​អាច​កំណត់​ចំនួន​កីឡាករ​បរទេស​លេង​នៅ​ក្នុង​លី​គ ដូច្នេះ​ក្លិប​នឹង​ប្រើប្រាស់​កីឡាករ​វ័យក្មេង​បន្ថែម​ទៀត​»​។

កីឡាករ Do Duy Manh

គោលដៅ​ដ៏​សំខាន់​របស់​ក្រុម​វៀតណាម U-22 ដែល​បាន​ដាក់​ចេញ​សម្រាប់​ឆ្នាំ​ក្រោយ (ចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ) គឺ​ការ​ឈ្នះ​មេដាយមាស​នៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣១​។ ជាមួយនឹង​កីឡាករឈុត U-22 សំខាន់​ៗ​ដែល​បាន​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេ​ម​លើក​៣០ ​កាលពី​ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វី​លី​ពី​នកន្លងមក​។ ខណៈ​បច្ចុប្បន្ន​លោក Park កំពុង​ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​ធ្វើ​កំណែទម្រង់ និង​ស្វែងរក​កីឡាករ​ឆ្នើម​ថ្មី​ សម្រាប់​ក្រុម​របស់​លោក​៕ (ដកស្រង់​ចេញពី៖ vnexpress)