មេបញ្ជាការកងទ័ពជើងគោកដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ


ខេត្តបាត់ដំបង​៖ នៅ​រសៀល​ថ្ងៃ​ទី​៥ កក្កដា​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេ​បញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​កងទ័ពជើងគោក អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ និង​ដាក់​កម្រងផ្កា​ជូន​សព​ឧត្តមសេនីយ៍ទោ វ៉ែន សាយ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១​ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០​ក្នុង​ជន្មាយុ ៦០​ឆ្នាំ ដោយ​រោគាពាធ​។

ជំនួស​មុខ​ឲ្យ​កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​សំដែង​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​លោក​ជំទាវ លោក​ជំទាវ វ៉ែន សាយ និង​ក្រុម​គ្រួសារ​សព ចំពោះ​ការ​បាត់បង់​ឧត្តម​ស្វាមី ឪពុក ជាទី​ស្រឡាញ់​នា​ពេល​នេះ​។ មេបញ្ជាការ​កងទ័ពជើងគោក បាន​គូសបញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ការ​បាត់បង់​នាយទាហានជាន់ខ្ពស់​មួយ​រូប​ក្នុង​ជួរ​កងទ័ពជើងគោក ដែល​កន្លង​មក​បាន​លះបង់ បូជាជីវិត ដើម្បី​បុព្វហេតុ ជាតិ​មាតុភូមិ និង​ប្រជាជន​។ ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម សូម​ឧទ្ទិស​បួងសួង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​សព​លោក វ៉ែន សាយ បាន​ទៅ​កាន់​សុគតិភព និង​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា សព​លោក វ៉ែន សាយ ត្រូវ​បាន​ក្រុម​គ្រួសារ​សព​សហការ​ជាមួយ​ក្រុមការងារ​រៀបចំ​បុណ្យសព បាន​រៀបចំ​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​ទៅ​តាម​បែប​ពិធីការ​សាសនា​ខ្មែរ​យើង និង​បែប​ពិធី​កងទ័ព​នៅ​គេហដ្ឋាន​នៃ​សព ស្ថិត​នៅ​ភូមិ​ផ្កា​ស្នា សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ