ឯកឧត្តម ណៅ ធួ​ក អង្វរ​ជនរួមជាតិ មេត្តា​កុំ​នេសាទ​«​ត្រី​គល់រាំង​»​​បរិភោគ​និងលក់ដូរ


រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​សមត្ថកិច្ច​គ្រប់គ្រង​សាយ​តេស​(CITES)​កម្ពុជា (​អនុសញ្ញា​ស្តី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ រុក្ខជាតិ​ព្រៃ កំពុង​រងគ្រោះថ្នាក់​) បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​ប្រជា​នេសាទ ក៏​ដូច​ជា​អាជីវករ​លក់ដូរ​មួយ​ចំនួន នៅ​តែ​បន្ត​នេសាទ និង​លក់​ត្រី​ប្រភេទ​កម្រ​ជា​ច្រើន​ប្រភេទ ជា​ពិសេស​គឺ​ត្រី​គល់រាំង ដែល​ជា​ប្រភេទ​ត្រី​កម្រ​បំផុត ហើយ​ដែល​ស្ទើរតែ​ផុត​ពូជ​ពី​កម្ពុជា​ទៅ​ហើយ ។

បើ​តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ទី​៧ ខែកក្កដា​នេះ ឯកឧត្តម ណៅ ធួ​ក បាន​សរសេរ​ថា ៖ «​ខ្ញុំ​សូម​អង្វរ​ជនរួមជាតិ សូម​មេត្តា​កុំ​សម្លាប់ និង​បរិភោគ​ត្រី​គល់រាំង ដែល​ជា​ត្រី​តំណាង​ជាតិ កំណត់​ដោយ​ព្រះរាជក្រឹត្យ លេខ​ន​ស​.​រក​ត​/0305/149 ចុះ​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០០៥ ។ រូប​នេះ ថត​បាន​ពី​ផ្សារ​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ​!» ។

ថ្លែងប្រាប់​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​០៧ កក្កដា នេះ ឯកឧត្តម ណៅ ធួ​ក បាន​មាន​ប្រសាសន៍​ថា ៖ “​ខ្ញុំ​មានការ​សោកស្តាយ​មែនទែន នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ថា នៅ​មានការ​នេសាទ និង​លក់ដូរ​ត្រី​គល់រាំង ដែល​ជា​ប្រភេទ​ត្រី​កម្រ​បំផុត និង​ជា​ប្រភេទ​ត្រី​តំណាង​អត្តសញ្ញាណ​ជាតិ នៅ​លើ​ទីផ្សារ ។ ចំពោះ​ត្រី​ប្រភេទ​នេះ គឺ​ត្រូវ​បាន​ហាមឃាត់​តាម​រយៈ​ក្រម​នេសាទ លេខ​៨០​ន​ស ចុះ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​១៩៥៦ ឯណោះ ប៉ុន្តែ​ប្រជា​នេសាទ ក៏​ដូច​ជា​អាជីវករ មួយ​ចំនួន​នៅ​បន្ត​ចាប់ នេសាទ ឬ​ក៏​លក់ដូរ​ខ្លះ​ៗ ដើម្បី​បម្រើ​ផលប្រយោជន៍​បុគ្គល​ខ្លួន ក្រុម​គ្រួសារ​ខ្លួន ដោយ​ពុំ​គិត​ពី​ផល​បុណ្យ និង​បាប និង​ការ​ចូលរួម​អភិរក្ស​ប្រភេទ​ត្រី​កម្រ​នេះ​ទៅ​វិញ​” ។

ឯកឧត្តម ណៅ ធួ​ក បាន​បន្ថែម​ថា “​មាន​ប្រជា​នេសាទ​មួយ​ចំនួន​ធំ គឺ​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ផង​ដែរ ជា​ពិសេស​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ដែល​បន្ទាប់​ពី​នេសាទ​បាន​ត្រី​គល់រាំង​ហើយ ភាគច្រើន​គឺ​បាន​ចូលរួម​សហការ​ដោយ​ព្រ​លែង​ចូល​ទៅ​ក្នុង​ទឹក​វិញ ប៉ុន្តែ​ក្នុង​ករណី​ដែល​ត្រី​គល់រាំង​ស្លាប់​ហើយ ពួក​គាត់​បាន​រាយការណ៍​មក​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​យក​ត្រី​នេះ​ទៅ​ទុក​សម្រាប់​ជា​ប្រយោជន៍​ផ្សេង​ៗ ដូច​ជា​ការ​ពិសោធន៍​ជាដើម ដោយ​ប្រជា​នេសាទ​ទាំងនោះ​គិត​ថា ការ​ដោះ​លែង​ត្រី​ប្រភេទ​ធំ​ៗ​ទាំងនេះ នឹង​បាន​ផល​បុណ្យ​ត្រលប់​សង​មក​វិញ ប៉ុន្តែ​ក៏​នៅ​តែ​មាន​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​តូច ដែល​លួច​នេសាទ​ត្រី​ប្រភេទ​កម្រ​នេះ ដោយ​ប្រើ​មង​ក្រឡា​ធំ (១​តឹក ឬ​២​តឹក​) ដើម្បី​សម្រាប់​តែ​ចាប់​ត្រី​ប្រភេទ​ធំ​ៗ និង​កម្រ​ទាំង​អស់នេះ​” ។

ឯកឧត្តម ណៅ ធួ​ក ក៏​បាន​សំណូមពរ​ចំនួន​០៣ ចំណុច​៖ ទី​១ សូម​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ចូលរួម​យល់​ដឹង ដោយ​កុំ​ទិញ ឬ​បរិភោគ​ត្រី​កម្រ ជា​ពិសេស​គឺ​ត្រី​គល់រាំង​នេះ (​បើ​គ្មាន​អ្នក​ហូប គឺ​គ្មាន​អ្នកលក់ បើ​គ្មាន​អ្នកលក់ ក៏​គ្មាន​អ្នកនេសាទ​) ។ ទី​២ សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ត្រូវ​បន្ត​អនុវត្ត​វិធានការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជា​នេសាទ​កាន់តែ​យល់​ដឹង និង​ចូលរួម​សហការ​ការងារ​អភិរក្ស និង​ធ្វើការ​ពិន័យ ឬ​ក៏​ដាក់ទោស​ទណ្ឌ​ដល់​គ្រប់​ជន ដែល​ប្រព្រឹត្ត​បទល្មើស​នេសាទ ។ និង​ទី​៣ សូម​ប្រជា​នេសាទ កុំ​ប្រើ​មង​ក្រឡា​ធំ​ដើម្បី​ចាប់​ត្រី ហើយ​ក្នុង​ករណី​ចាប់​បាន​ត្រី​ប្រភេទ​កម្រ សូម​ព្រ​លែង​ចូល​ទៅ​ក្នុង​ទឹក​វិញ ។

សូម​បញ្ជាក់​ថា ត្រី​គល់រាំង គឺជា​ត្រី​តំណាង​ឱ្យ​អត្តសញ្ញាណ​ជាតិខ្មែរ តាម​រយៈ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០០៥ ដោយ​ហាមឃាត់​ដាច់ខាត ការ​នេសាទ ទិញ​លក់ និង​ដឹក​ជញ្ជូន ហើយ​ត្រី​គល់រាំង​នេះ គឺជា​ប្រភេទ​ត្រី​ទឹកសាប​ដែល​មាន​ទំហំ​ធំ​បំផុត​មួយ គឺ​អាច​មាន​ប្រវែង ពី ២​ម៉ែត្រ ទៅ ៣​ម៉ែត្រ និង​ទម្ងន់​រហូត​ដល់ ៣០០​គីឡូក្រាម ឯណោះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ