ប្រពន្ធ​បំភ្លឺ​ថា បុរស​ដែល​ចងក​សម្លាប់​ខ្លួន មិន​ជំពាក់​បំណុល​ធានា​គារ​ទេ គាត់​មាន​ជំងឺ​ស​សៃ​ប្រសាទ


ខេត្តតាកែវ ៖ កាលពី​ម្សិលមិញ​នេះ ក្រោយ​ពី​បុរស​ម្នាក់​ឈ្មោះ សេ​ម ថា អាយុ​៣២​ឆ្នាំ បាន​ចងក​សម្លាប់​ខ្លួន នៅផ្ទះ​ចាស់​របស់​ខ្លួន ស្ថិត​នៅ​ក្នុងភូមិ​ត្រាច ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ត្រូវ​បាន​គេ​យក​រូបភាព​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អម​ដោយ​សំ​ណេ​រថា បុរស​រូប​នេះ​ចងក ព្រោះតែ​ជំពាក់​លុយ​ធនាគារ ហើយ​ត្រូវ​ធនាគារ​រឹបអូស​ទ្រព្យសម្បត្តិ​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០​នេះ ស្ត្រី​ជា​ប្រពន្ធ របស់​ជន​រង​គ្រោះ បាន​ចេញ​មក​បដិសេធ និង​ច្រានចោល​ព័ត៌មាន​ទាំងស្រុង ចំពោះ​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​បែប​នេះ ។

អ្នកស្រី សេ​ម ជ្រឿ​ន ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ដែល​បាន​ចងក​សម្លាប់​ខ្លួន បាន​ថ្លែង​ថា «​ក្រុម​គ្រូ​សារ​ខ្ញុំ មិន​បាន​ជំពាក់​លុយ​ធនាគារ ណាមួយ​នោះ​ទេ ហើយ​ប្ដី​ខ្ញុំ ចងក​សម្លាប់​ខ្លួន គឺ​ដោយសារ​តែ​គាត់​មាន​ជំងឺ​ស​សៃ​ប្រាសាទ មិន​ដូច​ជា​ការ​លើក​ឡើង​តាម​បណ្ដាញ​សង្គម​ថា ធនាគារ​រឹបអូស​យក​ទ្រព្យសម្បត្តិ ប្ដី​ខ្ញុំ​គ្មាន​ជម្រើស​ក៍​ចងក​សម្លាប់​ខ្លួន » ។

អ្នកស្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា កន្លង​មក ប្ដី​របស់​អ្នកស្រី ដែល​មាន​ជំងឺ​ស​សៃ​ប្រសាទ ធ្លាប់​បាន​ចងក និង​លេបថ្នាំ​សម្លាប់​ខ្លួន រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​ញាតិ​ជិតខាង និង​ក្រុម​គ្រួសារ​ឃើញ​ទាន់ និង​បាន​ជួយ​ទាន់​ពេលវេលា ក៍ប៉ុន្តែ​កាលពី​ម្សិលមិញ​នេះ ខណៈ​ពេល​ក្រុម​គ្រួសារ​មិន​នៅផ្ទះ ជន​រង​គ្រោះ​ក៍បាន​ចងក សម្លាប់​ខ្លួន បាន​សម្រេច​តែ​ម្ដង ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ២០២០ ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ សេ​ម ថា បាន​ចងក​សម្លាប់​ខ្លួន​នៅផ្ទះ​របស់​ខ្លួន ក្នុង​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយសារ​ជំងឺ​ស​សៃ​ប្រសាទ ដោយ​បន្សល់​ទុក​អោយ​ក្មេង​ម្នាក់ ក្លាយជា​ក្មេង​កំព្រា និង​ម្នាក់​ទៀត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ដោយ​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បង្ហោះ​សារ​ដោយ​គ្មាន​មូលដ្ឋាន​ថា បុរស​ខាងលើ ចងក​សម្លាប់​ខ្លួន ព្រោះតែ​ជំពាក់​ប្រាក់​ធនាគារ ហើយ​ត្រូវ​ធនាគារ​រឹបអូស​ទ្រព្យសម្បត្តិ ទៅ​វិញ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ