បង្ក្រាប​បាន​ហើយ ​សង្វៀន​បញ្ជល់មាន់​បង្កប់​អាប៉ោង​នៅ​​ស្រុក​អូរ​រាំង​ឪ


ខេត្ត​ត្បូងឃ្មុំ ៖ អនុវត្ត​តាម​បញ្ជា​របស់​ឧត្តមសេនីយ៍​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​កម្លាំង​នគរបាល​ក្រោម​ឱវាទ បាន​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មាន​បង្កប់​វង់​អាប៉ោង​មួយ​កន្លែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​ទំពាំង​បង្កង់ ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា ទីតាំង​លេងល្បែង​បញ្ជល់មាន់់​ខាងលើ​នេះ ត្រូវ​បាន​ប្រជាពល​រដ្ឋ​នៅ​មូលដ្ឋាន​រាយការណ៍​មក​ប្រាប់​សមត្ថកិច្ច ដោយ​ម្ចាស់​សង្វៀន​តែងតែ​លេង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ។ ទោះជា​យ៉ាងណា​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដឹង និង​បាន​ដឹកនាំ​កងកម្លាំង​ចុះ​បង្ក្រាប​ដោយ​វរសេនីយ៍ឯក លឿង រ​ដ្ឋា អធិការ​នគរបាល​ស្រុក​អូ​រាំង​ឪ​។

សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រា​ដែល​កម្លាំង​នគរបាល​ចុះ​ទៅ​ដល់​គោលដៅ មាន​ក្រុម​អ្នក​នៅ​ចាំ​មើលផ្លូវ​ទូរស័ព្ទ​ប្រាប់​អ្នកលេង នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​មុន​ពេល​កម្លាំង​សមត្ថកិច្ច​​ចូល​ទៅ​ដល់ ដោយ​បន្សល់​ទុក​វត្ថុ​តាង​មាន​បាវ​ហ៊ុម​ព័ទ្ធ​សង្វៀន​និង​តង់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ប្រមូល​ដុត​ចោល​នៅ​នឹង​កន្លែង​តែ​ម្តង ។

អ្នកស្រុក​អូរ​រាំង​ឪ​ឲ្យ​ដឹង​ថា កន្លង​មក​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​តែងតែ​លេង​ចល័ត​នៅ​ក្នុង​ចម្ការ​កៅស៊ូ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ហើយ​ម្ចាស់​សង្វៀន​ត្រូវ​បាន​គេ​ស្គាល់​មុខ គឺ​ធ្លាប់​លេង​នៅ​ក្នុង​ចម្ការ​ចំប៉ី ក្នុង​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ ជាប់​ព្រំប្រទល់​នឹង​ស្រុក​អូរ​រាំង​ឪ ។

ដោយសារ​បែក​ការណ៍ ក្រុម​នេះ​ក៏​នាំ​គ្នា​ចល័តចូល​មក​លេង​ក្នុងស្រុក​អូរ​រាំង​ឪ​តែ​ម្ដង តែ​ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​ឡុងចុង​តែ​ម្រ៉​ង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ