មន្ត្រី​ទទួលស្គាល់​ថា​មានប្រជា​​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ពុំ​មាន​ប័ណ្ណ​សមធម៌


រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងផែនការ​បាន​លើក​ឡើង​ថា​ ការ​ចេញ​ទៅ​បើ​ក​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ នៅ​ជុំ​ទី​១​នោះ​ជិត​អស់ហើយ រហូត​មក​ដល់​ពេល​នេះ​។

លោក​ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ បាន​ទទួលស្គាល់​ការ​បើកប្រាក់​ឧបត្ថម្ភ​នៅ​ជុំ​ទី​មួយ​នេះ មាន​បញ្ហា​ខ្លះ​បាន​បង្ក​ឲ្យ​មានការ​សប្បាយចិត្ត​ពី​ពលរដ្ឋ​នៅ​ក្នុង​នោះ​មាន​ដូច​ជា ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​មិន​ទទួល​បា​នប​ណ្ណ័​សមធម៌​និង​ការ​ឧបត្ថម្ភ​ប្រាក់​។

នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​របស់​លោក​នៅ​ទូ​ទាំង​ប្រទេស តាម​ប្រព័ន្ធ​វី​ដេ​អូ​កាលពី​ថ្ងៃ​ទី​៦​កក្កដា លោក ឆាយ ថន​ បាន​លើក​ពី​បញ្ហា​ដែល​បាន​កើត​មាន​ក្នុង​ពេល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ ដូច​ជា មាន​ករណី​អ្នកមាន​ជីវភាព​ល្អ​ប្រសើរ​នៅ​មាន​ប័ណ្ណ និង ទទួល​បានការ​ឧបត្ថម្ភ​។ ប័ណ្ណ​សមធម៌​ខ្លះ បាន​ផុត​សុពលភាព (​លើស​ពី​៣​ឆ្នាំ​) និង​មាន​អ្នក​បំផុស​ឱ្យ​ពលរដ្ឋ​ទៅ​ទទួល​ប្រាក់​ឧបត្ថម្ភ​។ គ្រួសារ​ក្រីក្រ​ក្រីក្រ​ពិតប្រាកដ​មិន​ទទួល​បាន​ប័ណ្ណ និង​ការ​ឧបត្ថម្ភ​។ គ្រួសារ​ខ្លះ​នៅ​បន្ត​ប្រើ ប័ណ្ណ​អាទិភាព Post ID របស់​ក្រសួងសុខាភិបាល​មក​ទាមទារ ប្រាក់​ឧបត្ថម្ភ​។ គ្រួសារ​ខ្លះ​ជា​គ្រួសារ​ចំណាកស្រុក ឬ មិន​មាន​សៀវភៅ​គ្រួសារ និង សៀវភៅ​ស្នាក់​នៅ និង​ប័ណ្ណ​រហែក​ឬ បាត់​ជាដើម​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ពលរដ្ឋ​បាន​បង្ហាញ​ការ​សប្បាយចិត្ត និង បាន​នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា ដោយ​ផ្ទាល់ ប្រយោល ជា​ពិសេស​តាម​បណ្តាញ​សង្គម ទោះបី​មានការ​ពន្យល់ ណែនាំ ជា​ពិសេស​ក្រសួងផែនការ​តាម​បណ្តាញ​សង្គម សារព័ត៌មាន វិទ្យុ ទូរទស្សន៍ និង ចុះ​ដោះស្រាយ​ដល់ទី​តាំង​ផ្ទាល់ ក៏​នៅ​មិន​ទាន់​មាន​ភាព​ជ្រះស្រឡះ និង​នៅ​តែ​បន្ត​។ ជាមួយ​នេះ​ដែរ មាន​ក្រុមការងារ​ជាតិ​ចុះ​តាម​ឃុំ​និង​សង្កាត់ ក៏​នៅ​តែ​ខិតខំ​ជួយ​តាមដាន​ការងារ​នេះ​ផង​ដែរ​។

នៅ​ពេល​ផ្តល់​ការ​ឧបត្ថម្ភ​សាច់ប្រាក់​ដំណាក់កាល​ទី​១ បញ្ចប់ ការ​ផ្តល់​សាច់ប្រាក់​ក្នុង​ដំណាក់កាល​ទី​២ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ត្រូវ​ប្រើប្រាស់​ទិន្នន័យ​បច្ចុប្បន្នភាព​។ លោក​រដ្ឋមន្ត្រី​ក្រសួងផែនការ​បាន​បញ្ជាក់​ថា ទិន្នន័យ​ថ្មី​គិត​ត្រឹម​ថ្ងៃ​ទី​១ ខែ កក្កដា ឆ្នាំ​២០២០ ជា​បណ្តោះអាសន្ន មានគ្រួសារ​ក្រីក្រ​បាន​កើន​ចំនួន ២៤ ៩១៥​គ្រួសារ ពី​៥៦​ម៉ឺន​នាក់​គ្រួសារ​ដែល​ប្រកាស​ដំណាក់កាល​ទី​១​នោះ​។
មន្ត្រី​នៅ​តែ​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​គិត​ថា​ខ្លួន​ក្រីក្រ​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​សម្ភាស​ដើម្បី​បាន​ប័ណ្ណ​សមធម៌ បើកប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​។ កាលពី​ថ្ងៃ​ទី​៦​កក្កដា គេ​បានឃើញ​រដ្ឋបាល​ខេត្តសៀមរាប​បង្កើត​ក្រុមការងារ​ដើម្បី​ចាំ​ទទួល​ពាក្យ​ពលរដ្ឋ​មក​ស្នើ​សុំ​សម្ភាស​ថា​ពលរដ្ឋ​ក្រីក្រ​។

សម្រាប់​អ្នក​ខេត្តសៀមរាប បើ​ចង់​សម្ភាស​ថា​ខ្លួន​ក្រីក្រ អាច​ទាក់ទង​ទៅ​មន្ត្រី ដែល​រដ្ឋបាល​ខេត្ត​បាន​ប្រកាស​គឺ លោក ហាក់ សុធា​រ៉ា ០១២ ៧៧៩ ៧០៧ លោក ទិ​ព្ធ ពិសិដ្ឋ ០១៧ ៦៦៥ ៩៥៤​លោកស្រី ស្រី សុ​គុណ ០១២ ៦៣០ ២២៥ និង​លោក សេង វិសាល ០១២ ៨៣៦ ៣២៥៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ