ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ទឹកធ្លាក់​អន្លង់​ស្វាយ» ​សម្លឹង​ពី​អនា​គត​​ប្រែ​ក្លាយជា​តំបន់​ក​សិ​-​ទេសចរណ៍

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​អន្លង់​ស្វាយ ស្ថិត​ក្នុង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស បាន​សម្រេច​ចុះ​កិច្ចសន្យា​ចាប់​ដៃគូ​ជាមួយ​វិទ្យាស្ថាន​ប្រាយ​ហូ​ម ដើម្បី​អភិវឌ្ឍន៍​តំបន់របស់​ខ្លួន​ឱ្យ​ក្លាយជា​តំបន់​ក​សិ​-​ទេសចរណ៍ ដាំ​ដំណាំ​កសិកម្ម​បែប​ទំនើប​សម្រាប់​ទទួលភ្ញៀវ​ទេសចរ និង​និស្សិត​ធ្វើ​កម្មសិក្សា ក៏​ដូច​ជា​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍…

ខេត្តកំពង់ឆ្នាំង ៖ សហគមន៍​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​អន្លង់​ស្វាយ ស្ថិត​ក្នុង​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស បាន​សម្រេច​ចុះ​កិច្ចសន្យា​ចាប់​ដៃគូ​ជាមួយ​វិទ្យាស្ថាន​ប្រាយ​ហូ​ម ដើម្បី​អភិវឌ្ឍន៍​តំបន់
របស់​ខ្លួន​ឱ្យ​ក្លាយជា​តំបន់​ក​សិ​-​ទេសចរណ៍ ដាំ​ដំណាំ​កសិកម្ម​បែប​ទំនើប​សម្រាប់​ទទួលភ្ញៀវ​ទេស
ចរ និង​និស្សិត​ធ្វើ​កម្មសិក្សា ក៏​ដូច​ជា​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។

លោក នុ​ត ហេង ប្រធាន​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​អន្លង់​ស្វាយ បាន​ឲ្យ​ដឹង​ថា ខាង​វិទ្យា
ស្ថាន​ប្រាយ​ហូ​ម​នៅ​ខេត្តកំពង់ឆ្នាំង បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ក្បាលទឹក​រួច​ហើយ កាលពី​ខែមីនា​កន្លង​ទៅ ដើម្បី​ធ្វើការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​នៅ​ទី​នេះ​រយៈពេល​២០​ឆ្នាំ ដោយ​ចាប់​ដៃគូ​ជាមួយ​សហគមន៍ ក្នុង​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​រួម​មាន ដើម​ទុរេន ដើម​ប័​រ
និង​​ដើម​កាហ្វេ​ជាដើម ។ បើ​គិត​មក​ដល់​ពេល​នេះ គឺ​ដាំ​បាន​ប្រមាណ​ជាង​៣០០​ដើម​ហើយ​លើ​ដី​ប្រមាណ​៣​ហិ​កតា​ក្នុង​ដី​សហគមន៍ ។ ជាមួយ​គ្នា​នេះ ក៏​បាន​ធ្វើ​គ្រោងឆ្អឹង​ខ្យូ​ស​សម្រាប់​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​បាន​មួយ​ចំនួន​ផង​ដែរ ។

លោក​ប្រធាន​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​អន្ល់ង​ស្វាយ បន្ត​ថា នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍ ភាគី​ដៃគូ​នឹង​រៀបចំ​ឲ្យ​មាន​មជ្ឈមណ្ឌល​កម្មសិក្សា​កសិកម្ម​ទំនើប តំបន់​ក​សិ​-​ទេសចរណ៍​សម្រាប់​និស្សិត​ធ្វើ​កម្មសិក្សា ធ្វើការ​ស្រាវជ្រាវ និង​សម្រាប់សហគមន៍​អនុវត្ត​ដោយ​ផ្ទាល់ ដើម្បី​ដកស្រង់
បទ​ពិសោធន៍​ផង​ដែរ ។ ក្នុង​នោះ​ក៏​ត្រូវ​រៀបចំ​ទីតាំង​ក​សិ​-​ទេសចរណ៍ធម្មជាតិ ទេសចរណ៍​កែ​ច្នៃ ធ្វើ​ខ្ទម ឬ​បន្ទប់​ហូ​ម​ស្តេ​យ៍ សម្រាប់​ស្នាក់​កម្សាន្ត និង​សម្រាប់​បង្រៀន​និស្សិត​ឲ្យ​អនុវត្ត​ផ្ទាល់ ។ ត្រូវ​បង្កើត​ថ្នាក់រៀន​កសិកម្ម​ទំនើប ដើម្បី​អនុវត្ត​ផ្ទាល់​សម្រាប់​យុវជន​យុវនារី ដោយ​រៀបចំ​បង្កើត​កសិដ្ឋាន​បង្ហាញ​តាម​បែប​កសិកម្ម​ទំនើប ដើម្បី​ឲ្យ​កសិករ​អនុវត្ត​តាម មាន​ដូច​ជា​ចិញ្ចឹម​ឃ្មុំ ចិញ្ចឹម​សត្វព្រៃ ដាំ​ដើម​ផ្កា ដាំ​ឫស្សី​ទំពាំង ដាំ​ដើម​ល្ម៉ើជាដើម ។

នៅ​ក្នុង​គម្រោង វិទ្យាស្ថាន​ប្រាយ​ហូ​ម​ក៏​មាន​គម្រោង​ផ្ដល់​អាហារូបករណ៍​៥០% នៃ​ថ្លៃ​សិក្សា​រយៈពេល​៤​ឆ្នាំ​ដល់​សិស្ស​ឃុំ​ក្បាលទឹក​ចំនួន​១០​នាក់​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ។

ចំពោះ​ទិស​ដៅ​របស់​គម្រោង គឺ​កែប្រែ​តំបន់ព្រៃ​ភ្នំ​នៃ​រមណីយដ្ឋាន​ទឹកធ្លាក់​អន្ល់ង​ស្វាយ ឲ្យ​ក្លាយ
ទៅ​ជា​តំបន់​ក​សិ​-​ទេសចរណ៍ មាន​ភ្ញៀវ​ទេសចរ​ជា​ប្រចាំ មាន​ដំណាំ​ឧស្សាហកម្ម និង​ការ​ធ្វើក​សិ
កម្ម​តាម​បែប​ទំនើប​នៅ​ពេញ​តំបន់ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ឡើង ។ បង្កើត​តំបន់​ទេសចរណ៍​តាម​ជ្រលង​អូរ សម្រាប់​ការ​លេង​ទឹក សម្រាក​កម្សាន្ត មើល​សួន​បន្លែ សួនផ្កា មើល​ចម្ការ​កាហ្វេ ប័​រ ទុរេន ល្ម៉ើ និង​ចម្ការ​ដាំ​បន្លែ ដាំ​ផ្កា​បែប​ទំនើប ដែល​មាន​ប្រភព​ទឹក​ហូរ​ពី​ភ្នំ​មិន​ដាច់ ដើម្បី​បាន​ប្រាក់​ចំណូល​ទ្រទ្រង់​និស្សិតកម្មសិក្សា និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។

តាម​ការ​បញ្ជាក់​របស់​លោក​ប្រធាន​សហគមន៍​ឱ្យ​ដឹង​ថា តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​អន្លង់
ស្វាយ មាន​ប្រភព​ទឹក​ហូរ​មិន​ដាច់​ពីលើ​ភ្នំ​ឱ​រ៉ា​ល់ទាំង​វស្សា​និង​ប្រាំង ដែល​បង្ក​លក្ខណៈ​ងាយ​ស្រួល​​ដល់​ការ​ដាំ​ដុះ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ទទួល​បាន​ផល​ល្អ​ប្រសើរ ។ សហគមន៍​សង្ឃឹមថា នៅ​ពេល​គម្រោង​អភិវឌ្ឍន៍​បាន​ដំណើរការ​តាម​ការ​គ្រោង​ទុក នោះ​ភ្ញៀវ​ទេសចរ​នឹង​មាន​មក​លេង​កម្សាន្ត​ជា​ប្រចាំ ដែល​អាច​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​បាន​ប្រសើរ​ជា​ពុំខាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ