ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិស​​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ របស់​​ធនាគារជាតិ​នៃ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធ​ផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ នៅ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា សែន​សុខ…

នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធ​ផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ នៅ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា សែន​សុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនា​គារជាតិ​នៃ​កម្ពុជា​។ ដើម្បី​រក្សា​គម្លាត​សង្គម ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ថយ​ចំនួន​មន្ត្រី​ចូលរួម​ត្រឹម ១០៩​រូប ដែល​ជា​ថ្នាក់ដឹកនាំ ថ្នាក់​នាយកដ្ឋាន និង​ប្រធាន​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​រាជធានី​-​ខេត្ត​។

សេដ្ឋកិច្ច​ពិភពលោក​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ហើយ​សេដ្ឋកិច្ច​កម្ពុជា​ក៏​បាន​ទទួល​ឥទ្ធិពល​អវិជ្ជមាន​នេះ​ផង​ដែរ ជា​ពិសេស​វិស័យ​ទេសចរណ៍ កម្មន្ត​សាល និង​សំណង់​។ រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​។ ជាមួយ​គ្នា​នេះ វិធានការ​គាំទ្រ​ចំពោះ​វិស័យ​ដែល​ប៉ះពាល់​និង​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ ត្រូវ​បាន​ដាក់​ជា​បន្តបន្ទាប់ ដែល​បាន​កាត់​បន្ថយ​ផល​ប៉ះពាល់​និង​រក្សា​និរន្តរភាព​នៃ​អាជីវកម្ម​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

ជញ្ជីងទូទាត់​ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​អតិរេក ដោយសារ​លំហូរ​ចូល​គណនី​ហិរញ្ញវត្ថុ​នៅ​តែ​អាច​ផាត់ទាត់​ការ​កើនឡើង​ឱនភាព​គណនី​ចរន្ត​ដែល​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​ចំណូល​ពី​ទេសចរ និង​ប្រាក់​បង្វែរ​របស់​ពលករ​ក្រៅប្រទេស​។ ទុនបម្រុង​អន្តរជាតិ​រក្សា​បាន​កម្រិត​ខ្ពស់ ដែល​អាច​ធានា​ការ​នាំ​ចូល​ទំនិញ​និង​សេវា​សម្រាប់​គ្រា​បន្ទាប់​ប្រមាណ ១០​ខែ ខ្ពស់​ជាង​កម្រិត​អប្បបរមា​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​មាន (៣​ខែ​)​។

អតិផរណា​រួម​មាន​កម្រិត​ទាប​ក្នុង​អត្រា ២,៥% ដោយសារ​ការ​ធ្លាក់​ថ្លៃ​ក្រុម​ទំនិញ​និង​សេវា​ពាក់​ព័ន្ធ​នឹង​ប្រេងឥន្ធនៈ ដែល​បាន​បន្ថយ​សម្ពាធ​នៃ​កំណើន​ថ្លៃ​ក្រុម​ម្ហូបអាហារ​។ ជាមួយ​គ្នា​នេះ អត្រា​ប្តូរ​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​កើនឡើង​បន្តិច​។ រូបិយ​វត្ថុ​ទូទៅ (M2) មាន​កំណើន ១១,៥% ទាប​ជាង​កំណើន​ក្នុង​គ្រា​ដូច​គ្នា​ឆ្នាំ​មុន (២៣,៤%) ជា​ចម្បង​បណ្តាល​មក​ពី​កំណើន​ទាប​នៃ​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ (៧,២%) ដោយសារ​ការ​ថយ​ចុះ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក ទោះបីជា​ប្រាក់​បញ្ញើ​ជា​រៀល​បាន​បន្ត​កើនឡើង​ខ្ពស់ (៤១%) ក៏​ដោយ​។

ចំពោះ​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ទម្លាក់​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​លើ​ប្រាក់​បញ្ញើ​និង​កម្ចី​អ​និវាសជន​មក​ត្រឹម ៧% ដែល​អាច​ផ្តល់​សន្ទនីយ​ភាព​បន្ថែម​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​។ អត្រា​ការ​ប្រាក់​លើ​មូល​ប​ត្រ​អាច​ជួញដូរ​បាន (NCD) និង​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដោយ​មានការ​ធានា (LPCO) ក៏​ត្រូវ​បាន​បន្ទាប​ចាប់ពី​ខែមីនា​មក ដើម្បី​បង្កើន​កម្រិត​សន្ទនីយ​ភាព​ក្នុង​ប្រព័ន្ធ​ធនាគារ និង​កាត់​បន្ថយ​ថ្លៃដើម​លើ​ប្រាក់​កម្ចី​ជា​រៀល​។ ការ​ចេញផ្សាយ NCD ចារឹក​ជា​រៀល​បាន​កើនឡើង ២៧,២% (៥,១ ទ្រី​លាន​រៀល​) និង​ជា​ដុល្លារ​អា​មេ​រិ​ក​កើន ១១,៨% (១៣,៤ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​)​។ ចំណែកឯ​ប្រតិបត្តិការ LPCO ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន ១២​លើក ដោយ​ទំហំ​ទឹកប្រាក់​ដេញថ្លៃ​ឈ្នះ​បាន​កើនឡើង ៥៦,៤% (២,៨ ទ្រី​លាន​រៀល​)​។

វិស័យ​ធនាគារ​បន្ត​មាន​វឌ្ឍនភាព​ប្រកបដោយ​ទំនុកចិត្ត និង​បាន​រួមចំណែក​យ៉ាង​សកម្ម​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ដោយ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​កើនឡើង ១៧,៤% (​ដល់ ២០៤% នៃ​ផ​.​ស​.​ស​.) ឥណទាន​កើន ១៩,៦% (១៣២% នៃ​ផ​.​ស​.​ស​.) ហើយ​ប្រាក់​បញ្ញើ​កើន ១២,៣% (១១៣% នៃ​ផ​.​ស​.​ស​.)​។ ទន្ទឹម​នេះ បណ្តាញ​ប្រតិបត្តិការ​និង​សេវា​ហិរញ្ញវត្ថុ​ត្រូវ​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដោយ​ចំនួន​ទីស្នាក់ការ​និង​សាខា​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​ទូ​ទាំង​ប្រទេស​បាន​កើន​ដល់ ២.៤៦៥ ម៉ាស៊ីន​ដក​និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ (ATM) មាន​ចំនួន ៣.០៨១ គណនី​ប្រាក់​បញ្ញើ​អតិថិជន​កើន​ដល់​ប្រមាណ ៨,២ លាន​គណនី និង​គណនី​​ឥណទាន​កើន​ដល់ ៣,២ លាន​គណនី​។ ស្រប​ពេល​ដែល​ហានិភ័យ​ចំពោះ​សេដ្ឋកិច្ច​បាន​កើនឡើង ការ​តាមដាន​ហានិភ័យ​មក​លើ​វិស័យ​ធនាគារ​ក៏​ត្រូវ​បាន​ពង្រឹង​ជា​ប្រចាំ បន្ថែម​លើ​ការ​ត្រួតពិនិត្យ​ផ្អែក​លើ​ហានិភ័យ​និង​ទស្សនៈ​អនាគត​។ វិធានការ​គាំទ្រ​ក្នុង​វិស័យ​ធនាគារ​ចំពោះ​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​១៩ រួម​មាន​៖

i/- ការ​ទម្លាក់​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​ដែល​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ត្រូវ​រក្សា​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ក្រោយ​ទទួល​បាន​ប្រាក់​បញ្ញើ​អតិថិជន​និង​កម្ចី​ពី​បរទេស

ii/- ការ​ពន្យារ​ការ​អនុវត្ត​ការ​ពង្រឹង​ទ្រនាប់​ដើមទុន​បន្ថែម និង​ការ​ទទួលស្គាល់​ប្រាក់​ចំណេញ​ក្នុង​ត្រីមាស​ក្នុង​ការ​គណនា​ដើមទុន និង

iii/- ការ​ផ្តល់​កម្ចី​ក្នុង​អត្រា​ការ​ប្រាក់​ទាប​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ តាម​រយៈ​ប្រតិបត្តិការ​ផ្តល់​សន្ទនីយ​ភាព​ដោយ​មានការ​ធានា​។ លើស​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន ដោយ​បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ជ្រាប​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សាធារណជន ការ​ផ្សព្វផ្សាយ​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅ​តាម​មូលដ្ឋាន ការ​ដោះស្រាយ​បណ្តឹង​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​គម្រោង​ប្រព័ន្ធ​ការពារ​ប្រាក់​បញ្ញើ ជាដើម​។

ជាមួយនឹង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ​។ ប្រព័ន្ធ​បាគង​និង​ប្រព័ន្ធ​រី​ថែ​ល​ផេ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​បឋម ហើយ​គ្រោង​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។ ទន្ទឹម​នេះ ស្តង់ដា QR កូដ កំពុង​ត្រូវ​បាន​អភិវឌ្ឍ​ក្នុង​គោលដៅ​សម្រួល​ដល់​ការ​ទូទាត់​ឆ្លង​គ្នា​រវាង​គ្រឹះ​ស្ថាន​ផ្តល់​សេវា​ទូទាត់​និង​ការ​អនុវត្ត​គម្រោង​ភ្ជាប់​ការ​ទូទាត់​ជាមួយ​ប្រទេស​ក្នុង​តំបន់​។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ត​គ្រប់គ្រង​ចរាចរណ៍​សាច់ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព​និង​សុវត្ថិ​ភាព ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​ទូ​ទាំង​ប្រទេស​។ ការ​ប្រើប្រាស់​ប្រាក់​រៀល បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នា​ឆ្នាំ​២០១៩ និង​ដើមឆ្នាំ​២០២០​នេះ ដែល​ឆ្លុះ​បញ្ចាំង​ដោយ​កំណើន​រូបិយ​វត្ថុ​ក្នុង​ចរាចរណ៍ (៣៦,៤%) និង​កំណើន​សមាមាត្រ​ឥណទាន​ជា​រៀល​ដល់ ១៣% នៃ​ឥណ​ទាន​សរុប​។ ស្រប​តាម​គោលនយោបាយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល ក្រដាសប្រា​​ចាស់ ទក់ និង​រហែក ត្រូវ​បាន​ប្រមូល និង​ជំនួស​មក​វិញ​ដោយ​ក្រដាសប្រាក់​រៀល​ថ្មី ដែល​មាន​សោភ័ណ​ភាព​និង​គុណភាព​ខ្ពស់​។

ជាមួយ​គ្នា​នេះ ការ​ធ្វើ​សវន​កម្ម​និង​អធិការកិច្ច​ត្រូវ​បាន​អនុវត្ត​ជា​ប្រចាំ ដើម្បី​លើកកម្ពស់​អភិបាល​កិច្ច​ល្អ គុណភាព​សេវា​ធនាគារកណ្តាល និង​ការ​គ្រប់គ្រង​ហានិភ័យ​នានា​។ ធនធានមនុស្ស​ត្រូវ​បាន​បន្ត​អភិវឌ្ឍ​ជា​អាទិភាព ដោយ​បច្ចុប្បន្ន មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​មាន​ចំនួន ១.៧០៨ នាក់ ជាមួយនឹង​ការ​ពង្រឹងសមត្ថភាព​ជំនាញ​និង​ឯកទេស​កម្ម​។ ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​វិសោធនកម្ម​កិច្ចព្រម​ព្រៀង​ពហុ​នី​យ​កម្ម​គំនិត​ផ្តួចផ្តើម​ឈៀង​ម៉ៃ (CMIM) ដើម្បី​ពង្រឹង​យន្តការ​បណ្តាញ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្រោម​ក្របខ័ណ្ឌ​អាស៊ាន​+៣ សំដៅ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ក្នុង​តំបន់ និង​បាន​បំពេញ​តួនាទី​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាន់ខ្ពស់​អាស៊ាន (SLC) ដោយ​ជោគជ័យ​។ ក្រៅពី​នេះ កិច្ច​សហប្រតិបត្តិការ​ពហុភាគី​និង​ទ្វេភាគី​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​ពង្រឹង​ជា​ប្រចាំ​ផង​ដែរ។

ដោយឡែក អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា (​ស​.​ហ​.​ក​) បាន​ពង្រឹង​កាតព្វកិច្ច​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​របស់​បុគ្គល​រាយការណ៍ ព្រមទាំង​ផ្តល់​អនុសាសន៍​ជូន​បុគ្គល​រាយការណ៍ ដើម្បី​ឱ្យ​ការ​រាយការណ៍​មានគុណ​ភាព​កាន់តែ​ប្រសើរ និង​ទាន់​ពេលវេលា​។ ស្រប​តាម​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឆ្នាំ​២០១៩-២០២៣ ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​កម្ម​និង​ដាក់​ឱ្យ​ប្រើប្រាស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញ​ប្បទាន​ភេរវកម្ម​។ លើស​ពី​នេះ ស​.​ហ​.​ក បាន​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អន្តរជាតិ​នានា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី ក្នុង​គោលដៅ​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​រួមចំណែក​រក្សា​សុវត្ថិភាព​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​។

យោង​តាម​ការ​ព្យាករ​របស់​រាជរដ្ឋាភិបាល កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០​អាច​ធ្លាក់​ចុះ​ដល់ -១,៩% ប៉ុន្តែ​អាច​ងើបឡើង​មក​វិញ​នៅ​ឆ្នាំ​២០២១ នៅ​អត្រា ៣,៥% ប្រសិនបើ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ត្រូវ​បាន​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ទោះ​យ៉ាងណា ពិភព​លោក​​នៅ​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​នេះ​។ នៅ​ចំពោះ​មុខ​បញ្ហា​ទាំងនេះ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​អនុវត្ត​វិធានការ​គាំទ្រ​តាម​ការ​ចាំបាច់ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល សំដៅ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ