ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផាកពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​កន្លង​មក​បាន​ប្រាក់​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កន្លង​មកនេះ​សមត្ថកិច្ច​បាន​ទទួល​ប្រាក់​ពិន័យ​ចំនួន​ជាង ១២ ៥០១ លាន​រៀល (​ប្រមាណ 3,059,463.49 ដុល្លារ​អា​មេ​រិ​ក​) ក្នុង​នោះ មិន​ទាន់​បង់ប្រាក់​ពិន័យ​ចំនួន​២០%​។…

រាជធានី​ភ្នំពេញ​៖ ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​កន្លង​មកនេះ​សមត្ថកិច្ច​បាន​ទទួល​ប្រាក់​ពិន័យ​ចំនួន​ជាង ១២ ៥០១ លាន​រៀល (​ប្រមាណ 3,059,463.49 ដុល្លារ​អា​មេ​រិ​ក​) ក្នុង​នោះ មិន​ទាន់​បង់ប្រាក់​ពិន័យ​ចំនួន​២០%​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ក្នុង​ឱកាស​ធ្វើការ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ នៅ​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា​នេះ​។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី ប្រធាន​គណៈកម្មាធិការ​ស​វត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក បាន​ណែនាំ​ឱ្យ​មន្ត្រី​ឲ្យ​ធ្វើ​បែងចែក​ថវិកា ដែល​បាន​ពី​ការ​ផាកពិន័យ ប្រកបដោយ​តម្លាភាព​ដើម្បី​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​មន្ត្រី​តាម​ច្បាប់​កំណត់ ។

មន្ត្រី​ក្រសួងមហាផ្ទៃ នាយ​ឧត្តមសេនីយ៍ ហ៉ឹ​ម យ៉ា​ន អគ្គស្នងការ​រង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ទទួល​បន្ទុក​ការងារ​ចា​ចរណ៍ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​ផាកពិន័យ​នេះ​តម្រូវ​បែងចែក​ជា​បី​ចំណែក​គឺ ៧០ % ប្រគល់​ជូន​ដល់​នគរបាល​ផ្ទាល់​ជា​ការ​លើកទឹកចិត្ត ចំពោះ​ការ​អនុវត្ត​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍ ២៥​ភាគរយ​ប្រគល់​ជូន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​៥​ភាគរយ ត្រូវ​បង់​ចូល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង ១៦១៩​លើក ស្លាប់​៨១៦​នាក់ របួស​២៤៤៩​នាក់ ភាគច្រើន​កើតឡើង​នៅ​ភ្នំពេញ កំពង់ធំ និង​ខេត្តកណ្ដាល ។ បើ​ធៀប​នឹង​ឆ្នាំ​២០១៩ គ្រោះថ្នាក់​នេះ​បាន​ថយ​ចុះ​៥៥២​លើក​ស្មើនឹង​២៥​ភាគរយ​។

សម្តេច​ក្រឡាហោម ស ខេ​ង បាន​លើក​ឡើង​ថា​ការ​ធ្លាក់​ចុះ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​នេះ កើត​ចេញពី​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​។ សម្តេច​មាន​ប្រសាសន៍​ថា​កា​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​កន្លង​មក​បាន​ធ្វើ​ឲ្យ​មានការ​រិៈ​គន់​ផង​និង​សារ​ទរ​ផង ប៉ុន្តែ​ដើម្បី​ការពារ​អាយុជីវិត​ពលរដ្ឋ​សមត្ថកិច្ច​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​។ សម្តេច​បាន​បញ្ជាក់​ថា ការ​រិៈ​គន់​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា គ្រោះថ្នាក់​ចរាចរណ៍ ៦​ខែ​ដើមឆ្នាំ​២០២០​នេះ បើ​ធៀប​នឹង​២០១៩ មាន​គម្លាត​ខុស​គ្នា​។ ៦​ខែ​ឆ្នាំ​២០១៩​មាន​អ្នក​ស្លាប់​ជា​មធ្យម​ជាង​៦​នាក់​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​៦​ខែ​ឆ្នាំ​២០២០​មាន​អ្នក​ស្លាប់​តែ​ជាង​៥​នាក់​ទេ​។

សម្ដេច​ឧបនាយករដ្ឋមន្ត្រី បញ្ជាក់​ថា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ នឹង​មិន​អាច​ដកថយ​ឡើយ ពីព្រោះ​នេះ​ជា​វិធី​តែ​មួយ​គត់​ដើម្បី​កែប្រែ​ឥរិយា​បទ​អ្នកបើកបរ​ដែល​មិន​គោរព​ច្បាប់ ឲ្យ​មក​គោរព​ច្បាប់​។

សូម​ជម្រាប​ថា​ តាម​ការ​កត់សម្គាល់​របស់​សមត្ថកិច្ច អ្នក​ស្លាប់​លើ​ដងផ្លូវ​ភាគច្រើន គឺ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ពិសេស​គឺ​នៅ​ពេល​យប់ ហើយ​មូលហេតុ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មាន​ដូច​ជា ការ​បើកបរ​ល្មើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ​អាទិភាព មិន​ប្រកាន់​ស្ដាំ វ៉ា​ជែង បត់ ស្រវឹង កត្តា​យានយន្ត ជាដើម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ