យោងតាមគម្ពីរធម្មបទដ្ឋកថាបានបង្ហាញថា ភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាទោះជាគង់នៅទីណាក្តី គឺត្រូវតែប្រារព្ធកិច្ចវត្តចូលព្រះវស្សារយៈពេលបីខែនៅរៀងរាល់វស្សានដូវ ឬរដូវភ្លៀងជាកំហិត បើពុំនោះទេនឹងមានទោសគឺត្រូវអាបត្តិទុក្កដតាមផ្លូវវិន័យជាធរមាន ។
មានការខុសប្លែកគ្នាក្នុងការបំពេញកិច្ចវត្តចាំវស្សារបស់ភិក្ខុសាមណេរនៅសម័យពុទ្ធកាល និងបច្ចុប្បន្ននៅកម្ពុជាយ៉ាងនេះគឺ នៅសម័យព្រះពុទ្ធគង់ធរមាននៅឡើយ ភិក្ខុសាមណេរកំណត់ទីតាំងគង់ចាំព្រះវស្សាដោយហេតុពីរយ៉ាងគឺ ទី១ដោយការអារាធនានិមន្តអំពីអ្នកស្រុកឱ្យគង់ចាំវស្សានៅនឹងស្រុកភូមិរបស់ខ្លួនដើម្បីងាយស្រួលក្នុងការផ្គត់ផ្គង់ចង្ហាន់ និងទី២ដោយលោកយល់ឃើញថា កន្លែងនោះមានពុទ្ធបរិស័ទល្មមសមគួរនឹងចិញ្ចឹមនូវភិក្ខុសង្ឃដែលចាំវស្សាហ្នឹងបាន ក៏សម្រេចចូលចាំវស្សានៅទីនោះតែម្តងទៅ គឺមិនបាច់ចាំតែមានវត្តអារាមនោះទេ មានពីរចំណុចហ្នឹង ។ ដូចព្រះពុទ្ធជាម្ចាស់នៃយើងក្នុងរដូវចូលវស្សាខ្លះព្រះអង្គទៅគង់ចាំវស្សាក្នុងព្រៃជ្រៅតែមួយអង្គឯងយ៉ាងស្ងប់ស្ងៀមជាមួយសត្វម្រឹគីម្រឹគា មានដំរី ស្វា និងសត្វស្លាបតូចធំក្នុងព្រៃប្រកបដោយសេចក្ដីសុខពេញមួយវស្សា ។
តាមឯកសារបានបង្ហាញថា នៅសម័យពុទ្ធកាល មានពុទ្ធបរិស័ទអ្នកមានស្ដុកស្ដម្ភដូចជា មហាឧបាសិកាវិសាខា អនាថបិណ្ឌិកសេដ្ឋី លោកអ្នកបណ្ឌិត និងមហាសេដ្ឋី គហបតីពាណិជ្ជជាច្រើន ព្រមទាំងព្រះមហាក្សត្រ និងព្រះរាជវង្សានុវង្សនៃនគរផ្សេងៗផងតែងឧបត្ថម្ភបច្ច័យទាំងឡាយបួនរួមមាន ចង្ហាន់បិណ្ឌបាតប្រចាំថ្ងៃជាដើម ដែលហៅថានិច្ចភត្ត ជាប់មិនដាច់ ថ្វាយដល់ព្រះពុទ្ធ និងប្រគេនដល់ភិក្ខុសង្ឃអស់វារៈបីខែនៃរដូវចូលព្រះវស្សាពេញបរិបូណ៌មិនឱ្យលោកខ្វះកន្លះឡើយ ។
ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះជាទូទៅ ភិក្ខុសង្ឃសាមណេរចាំបាច់ត្រូវនិមន្តចេញបិណ្ឌបាតជារៀងរាល់ថ្ងៃក្នុងរយៈពេលកាន់វស្សាបីខែ ដោយហេតុថា ពុំសូវមានពុទ្ធបរិស័ទអារាធនានិមន្តគង់ចាំវស្សាដោយផ្គត់ផ្គង់ភត្តាហារ ព្រមទាំងគ្រឿងបរិក្ខារផ្សេងៗ ដូចក្នុងសម័យព្រះពុទ្ធកាលនោះឡើយ ។
ទាក់ទងនឹងការផ្គត់ផ្គង់បច្ច័យបួនដល់ព្រះសង្ឃក្នុងកំឡុងពេលគង់ចាំវស្សាវិញ ព្រះមហាសែម មុនីបានបកស្រាយថា មានការខុសប្លែកគ្នាពីសម័យពុទ្ធកាល ពោលគឺសព្វថ្ងៃនេះ បរិស័ទភាគច្រើននិយមប្រគេនជាបច្ច័យប្រាក់សុទ្ធ(លុយ)ដល់ភិក្ខុសង្ឃ ឬវេយ្យាវច្ចៈ ដែលជាអ្នកខ្នះខ្នែងបម្រើកិច្ចការក្នុងវត្ត មានអាចារ្យជាដើម បើសិនជាយើងធ្វើឱ្យត្រូវតាមធម៌វិន័យ គប្បីបវារណាលោកដោយបច្ច័យបួន មានសំពត់ចីវរ អាហារបិណ្ឌបាត ទីសេនាសនៈ និងថ្នាំកែរោគ តាមកិច្ចវិន័យ ។ ប៉ុន្តែសព្វថ្ងៃនេះ មិនមានបរិស័ទយើងធ្វើអ៊ីចឹងទេ បើមានក៏មានតិចតួចណាស់ ដែលភាគច្រើនគឺយកប្រាក់សុទ្ធទៅប្រគេនតែម្ដងឬក៏ទុកដាក់នៅនឹងវេយ្យាវច្ច ។
ទោះជាយ៉ាងណាក៏ដោយចុះ គោលដៅសំខាន់នៃការចូលវស្សារបស់ភិក្ខុសាមណេរទាំងនៅសម័យពុទ្ធកាល និងបច្ចុប្បន្នគឺដើម្បីប្រតិបត្តិធម៌វិន័យឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់ ពិសេសផ្នែកគន្ថធុរៈ បានដល់ការសិក្សាគម្ពីរបាលីជាដើម និងវិបស្សនាធុរៈ បានដល់ការចម្រើនសមណធម៌ដែលជាការអនុវត្តជាក់ស្ដែងជម្រះនូវគ្រឿងមន្ទិលសៅហ្មងក្នុងចិត្តឱ្យស្អាតផូរផង់ ។ សាន សារិន
ចែករំលែកព័តមាននេះ