ក្រសួង​ចំនួន​២ កំពុង​ព​ន្លឿ​ន​ការងារ​ត្រៀម​​បើក​រោងកុន និង​រោង​សម្តែង​សិល្បៈ​​ឡើង​វិញ


រាជធានី​ភ្នំពេញ ៖​ក្រសួង​វប្បធម៌ និង​ក្រសួងសុខាភិបាល បាន​ជួប​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​ជុំវិញ​វិធានការ​នានា ដើម្បី​ជា​ការ​ព​ន្លឿ​ន​ការ​បើក​ឡើង​វិញ​នូវ​រោងកុន និង​រោង​សម្តែង​សិល្បៈ​នានា​តាម​ការ​ស្នើ​សុំ​ពី​ម្ចាស់​រោងកុន ក្នុង​ករណី​ទទួល​បាន​ភ្លើង​ខៀវ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​។

លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណ​:​កម្ម​ការ​អន្តរក្រសួង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​គោលបំណង​ពិនិត្យ​ពិភាក្សា​លើ​ស្តង់ដា​ប្រតិបត្តិ ដើម្បី​ជា​វិធានការ​ការពារ​ក្នុង​ករណី​រាជរដ្ឋាភិបាល​អនុញ្ញាត​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​រោង​ភាពយន្ត ដោយ​​ឈរ​លើ​គោលការណ៍​នៃ​ស្តង់ដា​ប្រតិបត្តិ​បង្ការ​ជំងឺឆ្លង​កូ​វី​ដ​១៩ របស់​ក្រសួងសុខាភិបាល​។

ប្រធាន​នាយកដ្ឋាន​ភាពយន្ត​លោក ប៉ុក បូ​រក្ស បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ជុំវិញ​លទ្ធផល​ជំនួប​ខាងលើ​នេះ​ថា ក្រសួង​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​លើក​សំណើ​រលើ​ការ​ស្នើ​សុំ​ឲ្យ​បើក​រោង​ភាពយន្ត​ឡើង​វិញ ដោយនៅ​ក្នុង​នោះ​ក៏​មាន​រោង​សម្តែង​សិល្បៈ​នានា​ផង​ដែរ​។

លោក​បញ្ជាក់​ថា ភ្ជាប់​ជាមួយនឹង​ការ​ស្នើ​សុំ​បើក​ឡើង​វិញ​នេះ​ដែរ ក្រសួង​ទាំង​ពីរ​ក៏​បាន​សិក្សា​ផង​ដែរ ទៅ​លើ​វិធានការ​តាម​ស្តង់ដា​នានា ដើម្បី​ទប់ស្កាត់​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ ក្នុង​ករណី​ដែល​យើង​ទទួល​បានការ​អនុញ្ញាត​ពី​ប្រមុខ​រាជរ​ដ្ឋា​ភិ​បាក​កម្ពុជា ឲ្យ​រោងកុន​ដំណើរការ​ឡើង​វិញ​នោះ​។

លោក​បន្ថែម​ថា ជាមួយ​គ្នា​នេះ ក្រសួង​ក៏​បាន​ធ្វើ​កិច្ចព្រមព្រៀង​គ្នា​ជាមួយ​វិស័យ​ឯកជន​ដែល​បើក​មុខរបរ​រកស៊ី​ទទួលទាន​លើ​រោង​ភាពយន្ត និង​រោង​សិល្បៈ​ទាំងអស់ អោយ​គោរព​ទៅ​តាម​ស្តង់ដា​ដែល​យើង​បាន​រៀបចំ​ពី​វិធានការ​ការពារ​នេះ​។ ក្នុង​ករណី​ដែល​ពួក​គាត់​មិន​គោរព​តាម គឺ​យើង​មាន​សិទ្ធិ​បិទ​រោង​ភាពយន្ត​នោះ​តែ​ម្តង​។

បើ​តាម​លោក ប៉ុក បូ​រក្ស ជុំវិញ​វិធានការ​នេះ គឺ​យើង​បាន​សិក្សា​ពី​ប្រទេស​នានា​មួយ​ចំនួន​មាន​ដូច​ជា វៀតណាម ថៃ ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន ហើយ​ចុង​ក្រោយ​នេះ​យើង​ក៏​បាន​សិក្សា​ពី​ប្រទេស​បារាំង​ផង​ដែរ ដូច្នេះ​យើង​នឹង​ធ្វើការ​ទៅ​លើ​រឿង​នេះ​ជា​ម្ចាស់​រោងកុន​បន្ថែម​ទៀត​។

លោក​បញ្ជាក់​ថា អ្វី​ដែល​យើង​បាន​ធ្វើ​នេះ គឺ​សុទ្ធតែ​បាន​ឯកភាព​ពី​ម្ចាស់​រោងកុន ខណៈ​ពេល​ដែល​​គ្រប់​រោងកុន​ទាំងអស់​បាន​រៀបចំ​ទុកជា​ស្រេច​ទៅ​តាម​ចំណុច​ដែល​យើង​បាន​ដាក់​ចេញ​ស្ទើរ​ទាំងអស់ ក្នុង​ករណី​ដែល​រោងកុន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ឡើង​វិញ​នោះ​។

លោក​ថា ក្នុង​ករណី​មានការ​អនុញ្ញាត​ពី​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​បើក​រោងកុន​ឡើង​វិញ​នា​ពេល​ណា​មួយ​នោះ ក្រសួង​ក៏​នៅ​បន្ត​ពិនិត្យ និង​តាមដាន​ដោយ​ដាក់​មន្ត្រី​នៅ​តាម​រោងកុន​តាម​ឃ្លាំង​មើល​ថា តើ​រោងកុន​ទាំង​អស់នោះ​បាន​អនុវត្ត​តាម​គោលការណ៍​ដែល​បាន​ដាក់​ចេញ​ឬ​យ៉ាង​ណា? ហើយ​បើ​មិន​អនុវត្ត​ទេ យើង​មិន​មាន​វិធានការ​បិទ​តែ​ម្តង​។

គួ​បញ្ជាក់​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បិទ និង​ផ្អាក​ជា​បណ្តោះអាសន្ន​សកម្មភាព​ការ​បញ្ចាំងភាពយន្ត​រាជធានី​-​ខេត្ត ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០ ដោយ​យោង​លិខិត​លេខ​: ៤១​ស​ខ​ល របស់​ក្រសួងសុខាភិបាល បន្ទាប់​ពី​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​ប្រទេស​កម្ពុជា និង​បណ្តាល​ប្រទេស​ជា​ច្រើន​នៅ​លើ​សកលលោក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ