ហេង ស្រី​ពេជ្រ សោកស្តាយ ក្រោយ​សម្តែង​បទ​រិះគន់​អ្នក​ព្រៃវែង


រាជធានី​ភ្នំពេញ ៖ តួ​សម្តែង​ក្នុង​បទ «​ព្រៃវែង​អាក្រក់​ត្រង់​ណា​» នាង ហេង ស្រី​ពេជ្រ បាន​បង្ហាញ​សោកស្តាយ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​បាន​សម្តែង​តាម​អ្នកដឹកនាំ ដោយ​បាន​ប្រើប្រាស់​ពាក្យ​សម្តី​មើលងាយ​អ្នក​ខេត្តព្រៃវែង ខណៈ​ពេល​ដែល​នាង​មិន​នឹក​ស្មាន​ដល់​ចំពោះ​កំហុស​ខុសឆ្គង​ដ៏​ធំ​នេះ​ឡើយ​។

នៅ​កាយវិកា​បទ​ចម្រៀង​ខាងលើ ហេង ស្រី​ពេជ្រ ដែល​បាន​ដើរ​ជា​តួអង្គ​ម្តាយ ហើយ​បាន​ប្រើ​ប្រាស់​ពាក្យ​តិះដៀល​អ្នក​ព្រៃវែង​សុទ្ធតែ​មនុស្ស​មិនល្អ ក្នុង​ពេល​ដែល​តួអង្គ​ប្រុស​មក​ដណ្តឹង​កូនស្រី​របស់​ខ្លួន និង​បាន​បញ្ជាក់​ថា ខ្លួន​ជា​អ្នក​រស់នៅ​ខេត្តព្រៃវែង​។

បើ​ទោះបីជា​បទ​ចម្រៀង​នោះ​មាន​ខ្លឹម​ចង់​លើ​ត​ម្កើ​ន​អ្នក​ខេត្តព្រៃវែង ទាញ​ចេញពី​ការ​យល់​ច្រឡំ​ពី​មនុស្ស​មួយ​ចំនួន​តូច​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ពាក្យពេចន៍​ដែល​អ្នកដឹកនាំ​តម្រូវ​ឲ្យ ហេង ស្រី​ពេជ្រ និយាយ​នោះ គឺ​ហាក់​មិន​សមរម្យ ជាមួយ​ការ​តិះដៀល​អ្នក​ខេត្តព្រៃវែង​យ៉ាង​ចាស់ដៃ​។

យ៉ាងណា​ក៏​ដោយ ក្នុង​ពេល​ដែល​មានការ​ប្រតិកម្ម​ខ្លាំង​ពី​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស​មហាជន​ដែល​ជា​អ្នក​រស់នៅ​ខេត្តព្រៃវែង​នោះ ហេង ស្រី​ពេជ្រ បាន​សម្តែង​ការ​ពិបាក​ចិត្ត និង​សោកស្តាយ​យ៉ាងណា​ខ្លាំង ត្បិត​នាង​បាន​សាង​កំហុស​ដោយ​អ​ចេតនា ដោយសារ​ធ្វើ​តាម​អ្នកដឹកនាំ​។

ហេង ស្រី​ពេជ្រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រហូត​មក​ទល់​ពេល​នេះ នាង​ពិតជា​មានការ​ពិបាកចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ឈុត​ដែល​នាង​សម្តែង​នោះ​បាន​ទទួល​ប្រតិកម្ម និង​រិះគន់​ខ្លាំង​ពី​មហាជន ហើយ​នាង​មិន​មាន​ពាក្យ​អ្វី​ក្រៅពី​ការ​សុំ​ទោស​នោះ​ដែរ​។

នាង​បញ្ជាក់​ថា «​ពេល​សម្តែង​ខ្ញុំ​គិត​ដែរ ហើយ​សួរ​អ្នកដឹកនាំ​ថា អូន​សម្តែង​ចឹ​ង​តិច​ប៉ះពាល់​អារម្មណ៍​បងប្អូន​ទៅ តែ​អ្នកដឹកនាំ​ថា បង​ឯង​អ្នក​សម្តែង ចឹ​ង​បង​សម្តែង​អោយ​ដល់​សាច់​រឿង​ខ្ញុំ ហើយ​បង​សម្តែង​នេះ​គឺ​តាម​អ្នកដឹកនាំ​ទេ មិនមែន​បង​ចង់​និយាយ​ខ្លួនឯង​នោះ​ឡើយ​។

បើ​តាម ហេង ស្រី​ពេជ្រ ក្នុង​នាម​នាង​ជា​តួ​សម្តែង​ម្នាក់ គឺ​ធ្វើ​យ៉ាងណា​សម្តែង​ទៅ​ឲ្យ​សម​ទៅ​តាម​សាច់​រឿង ប៉ុន្តែ​នៅ​ពេល​ដែល​មានការ​ប៉ះពាល់​នា​ពេល​នេះ នាង​ពិតជា​ពិបាកចិត្ត និង​សុំ​ការ​លើកលែង​អភ័យទោស​ពី​បងប្អូន​អ្នក​ខេត្តព្រៃវែង ត្បិត​នាង​គ្មាន​ចេតនា​ណាមួយ​មើលងាយ និង​រើសអើង​អ្នក​ព្រៃវែង​នោះ​ឡើយ​។

ហេង ស្រី​ពេជ្រ បាន​ឲ្យ​ដឹង​បន្ថែម​ថា បន្ទាប់​ពី​ឆ្លងកាត់​នូវ​រឿងរ៉ាវ​មួយ​នេះ នាង​សន្យា​នឹង​មិន​សម្តែង​​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដូច​ពេល​នេះ​ឡើយ បើ​ទោះបីជា​ក្នុង​នាម​ជា​តារា​សម្តែង​ម្នាក់​ត្រូវ​ចេញ​បទ​បែន និង​អាច​សម្តែង​តួ​បាន​គ្រប់​ទម្រង់​ទាំង​កាច ទាំង​ស្លូត​ក៏​ដោយ​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​មាន​ប្រតិកម្ម​ខ្លាំង​ពី​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង និង​មហាជន​ជា​ច្រើន​នោះ ក្រសួង​វប្បធម៌​បាន​ធ្វើការ​កោះហៅ​អ្នកគ្រប់គ្រង​ផលិតកម្ម មរតក មេ​ឌៀ មក​ធ្វើការ​អប់រំ​ភ្លាម​ៗ ជាមួយនឹង​វិធានការ​ឱ្យ​ផលិតកម្ម​នេះ​លុប​ឆា​ណែ​ល​យូ​ធូប​របស់​ខ្លួន​ចោល​ទៀត​ផង​។

ចំណាត់ការ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋបាល​ខេត្តព្រៃវែង បាន​ធ្វើ​លិខិត​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឲ្យ​ចាត់ការ​ចំពោះ​បទ «​តើ​អ្នក​ព្រៃវែង​អាក្រក់​ត្រង់​ណា?​» ខណៈ​ពេល​រដ្ឋបាល​ខេត្តព្រៃវែង យល់​ឃើញ​ថា បទ​នេះ​មាន​ន័យ​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់​មក​លើ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​សតិអារម្មណ៍​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង ។ ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ និង​អយុត្តិធម៌ មក​លើ​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង ។ បង្កើត​នូវ​ការ​រើសអើង​យ៉ាង​ធ្ងន់ ចំពោះ​ប្រជាពលរដ្ឋ​ខេត្តព្រៃវែង និង​ជា​សកម្មភាព​វិទ្ធង្សនា​វប្បធម៌​ធ្ងន់ ចំពោះ​ប្រជាជាតិ​កម្ពុជា​ផង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ