ជប៉ុន​ខ្លាច​ភ្លៀង​នៅ​បន្ត​ធ្លាក់ ខណៈ​ចំនួន​​អ្នក​រង​គ្រោះ​មានការ​កើនឡើង​(​វី​ដេ​អូ​)


ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា ប្រទេស​ជប៉ុន មានការ​ព្រួយបារម្ភ​ទៅ​លើ​ការ​បន្ត​ធ្លាក់​ភ្លៀង ក្រោយ​ពី​មាន​ទឹកជំនន់​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​បាត់​បង់​ជីវិត​យ៉ាង​ហោច​ណាស់ ៣៧​នាក់​។

បុគ្គលិក​ជួយ​សង្គ្រោះ​ជាង ៤​ម៉ឺន​នាក់ នៅ​ភាគ​និរតី កំពុង​ស្វែងរក​អ្នក​នៅ​រស់​នៅឡើយ កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឱ្យ​បាក់​ដី និង​ទន្លេ​បាក់​ច្រាំង នៅ​ថ្ងៃ​សៅរ៍​។ លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា មនុស្ស​ចំនួន ១៣​នាក់​នៅ​តែ​មិន​ទាន់​រាប់​បញ្ចូល​​នៅឡើយ ដោយ​៨០០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​។ ភ្លៀង​ដែល​មាន​កម្ពស់ ៣០​សង់ទី​ម៉ែត្រ ត្រូវ​បាន​រំពឹង​ថា នឹង​កើតឡើង​ក្នុង​រយៈពេល​២​ថ្ងៃ​ខាង​មុខ​។

អ្នកឆ្លើយឆ្លង​ព័ត៌មាន BBC នៅ​ទីក្រុង​តូ​ក្យូ លោក Rupert Wingfield-Hayes មាន​ប្រសាសន៍​ថា ស្រប​ពេល​ដែល​ប្រទេស​ជប៉ុន​ខាងលិច ទទួល​រង​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​ពី​តំបន់​ត្រូ​ពិ​ក​ក្នុង​រដូវ​មូសុង ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ ឃើញ​ថា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​នៅ​លើ​កោះ Kyushu​។ អាណាខេត្ត Kumamoto និង Kagoshima បាន​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ប្រជាជន​រាប់​សែន​នាក់ ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ជម្លៀស​ចេញ​។

ទោះ​យ៉ាងណា មជ្ឈមណ្ឌល​ជម្លៀស កំពុង​ដំណើរការ​នៅ​កម្រិត​ទាប​ដោយសារ​តែ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​។ មន្ត្រី​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ លោក Toshihiko Nakamura បាន​ប្រាប់​ទី​ភ្នាក់​ងារសារព័ត៌មាន​ថា ពួក​គេ​បាន​បញ្ជូន​ជនភៀសខ្លួន​មួយ​ចំនួន​ទៅ​កាន់​មជ្ឈមណ្ឌល​មួយ​ផ្សេង​ទៀត ដោយសារ​តែ​ច្បាប់​នៃ​ការ​រក្សា​គម្លាត​សង្គម​។

ទីភ្នាក់ងារ​ឧតុនិយម​របស់​ប្រទេស​ជប៉ុន បាន​និយាយ​ថា ការ​ធ្លាក់​ភ្លៀង​បែប​នេះ​មិន​ដែល​ឃើញ​មាន​នៅ​ក្នុង​តំបន់​នោះ​ទេ​។ នៅ​យប់​ថ្ងៃ​សៅរ៍ ទឹកទន្លេ​គូ​ម៉ា បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​នៅ​តាម​កន្លែង​ជា​ច្រើន ដែល​ជន់​លិច​កន្លែង​តាំងទី​លំនៅ​ទាប​ៗ​។ ជន​រង​គ្រោះ​ចំនួន ១៤​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​មណ្ឌល​ថែទាំ​មួយ បន្ទាប់​ពី​ទឹកទន្លេ​បាន​ជន់​លិច​ជាន់​ក្រោម​។ ៥០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bbc (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ