ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​ចោទប្រកាន់លោកឧកញ៉ា​សង ថន និងលោកស៊ូ អារ៉ាហ្វាត់

3 ឆ្នាំ មុន
  • បាត់ដំបង

​រាជធានីភ្នំពេញ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឱ្យកោះសន្តិ​ភាព​ដឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​កក្កដា ​នេះថា លោក…

​រាជធានីភ្នំពេញ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឱ្យកោះសន្តិ​ភាព​ដឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ​កក្កដា ​នេះថា លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​២​នាក់ ​ពាក់​ព័ន្ធ​សំណុំរឿង​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ដែក​មាន​ឧកញ៉ា សង ថន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ-​ផ្តើមគំនិត​ក្នុង​ការ​បំផ្លាញ​ដោយ​ចេតនា កេង​បំបាត់​ដោយ​ទុច្ចរិត និង​បទសូកប៉ាន់ ។ ចំណែក​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ-បំផ្លាញ​ដោយ​ចេតនា កេង​បំបាត់​ដោយ​ទុច្ចរិត និង​ស៊ីសំណូក ។

ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ​សំណុំរឿង​នេះ បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

គួរបញ្ជាក់ថា ៖ នៅ​ទីបំផុត​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ​កក្កដា​ ម្សិលមិញ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​បាន​បញ្ជូន​ឧកញ៉ា សង ថង និង​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ដែល​ជា​អតីត​អភិ​បាលរង​ខេត្តបាត់ដំបង​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​រយៈ​រថយន្ត​២​គ្រឿង​ផ្សេងគ្នា ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​លើ​សំណុំ​វិវាទ​ដីធ្លី ប្រមាណ​ជាង​៥​ពាន់​ហិ​កតា នៅ​ស្រុក​គាស់​ក្រឡ ។

សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ដៃ​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​កំពុង​បើក​ការ​ស៊ើបសួរ ។ ក្រោយ​បញ្ចប់​ការ​សាកសួរ​តំណាង​អយ្យការ​បាន​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង​២​នាក់​ជា​ផ្លូវការ រួច​បាន​ចាត់​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ឬ​បែប​ណា​ដែល​នេះ​ជា​នីតិវិធី​តាម​ផ្លូវច្បាប់ ។
ក្រោម​ការ​សាកសួរ​ស្ទើរតែ​ពេញ​១​ថ្ងៃ លោក គុ​ជ គឹ​ម​ឡេ​ង ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី និង​ជា​អ្នកនាំពាក្យ​តំណាង​អយ្យការ បានឱ្យ​ដឹង​ថា ត្រឹម​វេលា​ម៉ោង​៥​និង​៣០​នាទី ល្ងាចម្សិលមិញ​ខាង​អយ្យការ​បាន​សាកសួរ​អ្នក​ទាំង​២​រួចរាល់​ហើយ តែ​មិន​ទាន់​បាន​ចោទប្រកាន់​នៅឡើយ​ទេ ដោយ​ប្រគល់​ឱ្យទៅ​មន្ត្រី ACU វិញ​សិន ដើម្បី​ព្រឹកស្អែក​ថ្ងៃ​ទី​៧ កក្កដា និង​នាំ​មក​បន្ត​នីតិវិធី ។

គួរ​រំលឹក​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) នាំ​ខ្លួន​មក​កាន់​ស្នាក់​ការ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។

លោក​(​ស៊ូ​អា​រ៉ា​ហ្វា​ត់​) ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​នេះ​តែ​ម្តង ដែល​នេះ​ជា​រឿង​តែ​មួយ​ពាក់ព័ន្ធ​ក្នុង​ករណី​ឧកញ៉ា សង ថន ដែល​ត្រូវ​អង្គភាព ACU ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ​ដែរ ។

ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ឧកញ៉ា​រូប​នោះ មាន​ដី​ប្រមាណ​៥​ពាន់​ហិ​កតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់​ក្រឡ​ទាំងមូល ។

បើ​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ក៏​បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ម៉ៅ សុ​ចាន់ អភិបាលស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​ផង​ដែរ ។ ដូច្នោះ​រឿង​ដំបៅ​ដីធ្លី​នៅ​ស្រុក​គាល់​ក្រឡ​នេះ នឹង​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់ខ្លួន​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ប៉ុន្មាន​នាក់​ទៀត ដើម្បី​កុំ​ឲ្យ​រាស្ត្រ​ទឹកភ្នែក ដោយសារ​អ្នកមាន​អំណាច​នេះ​បំពាន​យក​មិន​ឈប់​ឈរ ។

មានការ​កត់​សម្គាល់ថា ភ្លាម​ៗ​ក្រោយ​ការ​ចាប់ខ្លួន​ឧកញ៉ា សង ថន ទាក់ទិន​នឹង​រឿង​ដីធ្លី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ម៉ៅ សុ​ចាន់ ពីមុខ​ងារ​ជា​អភិបាលស្រុក​គាស់​ក្រឡ ដោយ​បាន​ផ្ទេរ​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​បាត់ដំបង​វិញ ។

លោក សឿ​ម ប៊ុ​ន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​មួយ​ដកស្រង់​សម្តី​ថា ការ​ដក​តំណែង​នេះ​កើត​មាន​ឡើង ក្រោយ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មក​ស្រាវជ្រាវ​វិវាទ​ដីធ្លី​មួយ​រវាង​ក្រុម​ពលរដ្ឋ​ចំនួន​៤​គ្រួសារ និង​លោក សង ថន នៅ​ស្រុក​គាស់​ក្រឡ ។ លោក​បន្ត​ថា «​ពាក់ព័ន្ធ​បញ្ហា​ហ្នឹង ជា​បញ្ហា​របស់​ថ្នាក់​ជាតិ ដោយសារ​គាត់​ចុះ​មក​ធ្វើការ​ស្រាវជ្រាវ​ករណី​បងប្អូន​ប្រជាពលរដ្ឋ​បួន​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​ការ​ប្តឹងផ្តល់​ពី​លោក​ឧកញ៉ា សង ថន តាំងពី​ឆ្នាំ​២០១៣ ឆ្នាំ​២០១៤​មក ។

ក្រោយ​ពី​មានការ​ស្រាវជ្រាវ​ករណី​ហ្នឹង គឺ​ថា្ន​ក់​ជាតិ គាត់​ចុះ​មក​ស្រាវជ្រាវ​ហើយ​យើងខ្ញុំ​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ ប្រតិបត្តិ​ករ​ក្នុង​ការងារ ធ្វើការ​ដោះស្រាយ​បញ្ហា​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ។ កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុនគេ​បានឃើញ​លោក​មេធាវី គី តិច និង​ក្រុម​មេធាវី​សម្តេច​តេ​ជោ ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ដល់​ស្រុក​គាស់​ក្រឡ​ផង​ដែរ ក្នុង​ការ​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​ដីធ្លី​នេះ ។

តំណាង​ប្រជាពលរដ្ឋ​ចំនួន​២២២​គ្រួសារ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក​សង ថន លើ​ដី​ទំហំ​ប្រមាណ​៨០០ ទៅ​១០០០​ហិ​កតា ក្នុង​ឃុំ​ព្រះ​ផុស និយាយ​ថា ប្រជាពលរដ្ឋ​បាន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ចោទ​លោក ម៉ៅ សុ​ចាន់ ដែល​កាន់​តំណែង​បាន​ពីរ​ឆ្នាំ​ថា មិន​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​ដីធ្លី​របស់​ប្រជាពលរដ្ឋ ហើយ​តែងតែ​រុញ​ឯកសារ​ទាំងនោះ​ទៅ​តុលាការ ។

ចំណែក​លោក​ឧកញ៉ា សង ថន កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​លើ​ផ្ទៃដី​ជាង​៥​ពាន់​ហិ​កតា ក្នុង​ឃុំ​ព្រះ​ផុស និង​ឃុំ​ឆ្នាល់មាន់ ។ តាម​ព័ត៌មាន​បាន​បន្ថែម​ថា លោក​ឧកញ៉ា សង ថន បាន​ទិញ​ដី​តែ​៨០​ហិ​កតា​ប៉ុណ្ណោះ​ពី​ក្រុម​យោធា​ក្នុង​ចំណុច​ផ្សេង​ដែល​គ្មាន​ទំនាស់ ហើយ​ថា​ដី​ទំហំ​ជាង​៥​ពាន់​ហិ​កតា​នោះ​ជា​ដី​រដ្ឋ ៕ ​

អត្ថបទសរសេរ ដោយ