លោកស្រី​កែវ មុំ បង្ហើប​៤​គន្លឹះ ដើម្បី​ជោគជ័យ​សម្រាប់​អ្នក​ទើប​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​ៗ


រាជធានី​ភ្នំពេញ ៖ ការ​បើក​អាជីវកម្ម​នីមួយ​ៗ​អ្នកខ្លះ​អាច​ថា វា​ពិតជា​ងាយស្រួល ប្រសិនបើ​យើង​មាន​ដើមទុន​គ្រប់គ្រាន់ ។

អ្នកខ្លះ​ទៀត​គិត​ថា មាន​ថវិការ​គ្រប់​គ្រាប់​សម្រាប់​រកស៊ី ប៉ុន្តែ​មិន​ហ៊ាន​ដោយសារ​ខ្លាច​នូវ​កត្តា​ជា​ច្រើន និង​មិន​មាន​ទំនុកចិត្ត​ក្នុង​ការ​រកស៊ី ។

យោង​តាម​រយៈ​បទ​ពិសោធន៍​ដែល​បាន​ឆ្លងកាត់​កន្លង​មក​លោកស្រី កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី បានឱ្យ​ដឹង​ថា ជំហាន​ដែល​យើង​ត្រូវ​គិត គឺ​ធ្វើ​យ៉ាងណា​ឱ្យ​អាជីវកម្ម​របស់​យើង​មាន​និរន្ត​ភាព និង​បាន​យូរអង្វែង ។ ជាមួយ​គ្នា​នេះ​ដែរ លោកស្រី​បាន​ណែរ​នាំ​គន្លឹះ​ខ្លះ​ៗ​សម្រាប់​អាជីវកម្ម​ដែល​មាន​បំណង​ចង់​បើក និង​អ្នក​ដែល​កំពុង​ចាប់ផ្តើម ។

តើ​ការ​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ត្រូវ​មាន​អ្វីខ្លះ ? គន្លឹះ​ទី​១ ៖ ជំនឿ​ចិត្ត ឬ​ការ​ជឿជាក់​លើ​ខ្លួនឯង ។ ត្រង់​ចំណុច​នេះ​លោកស្រី កែវ មុំ បាន​និយាយ​ថា «​តាម​បទ​ពិសោធន៍​របស់ខ្ញុំ​កន្លង​មក តាំងពី​ខ្ញុំ​បាន​ចាប់ផ្តើម​ដំបូង​អ្វី​ដែល​យើង​ត្រូវ​មាន​មុនគេ​នឹង គឺ​ជំនឿ​ចិត្ត និង​ការ​ជឿជាក់​លើ​ខ្លួនឯង បើ​យើង​មិន​មាន​ជំនឿ​ចិត្ត ក្នុង​ការ​ធ្វើ​អាជីវកម្ម​នេះ​ទេ​យើង​ធ្វើ​ពិតជា​បរាជ័យ​ហើយ ។ នៅ​ពេល​យើង​មាន​ជំនឿ​ចិត្ត​ហើយ បើ​ទោះបីជា​យើង​ជួប​ឧបសគ្គ​យ៉ាងណា​ក្តី យើង​នៅ​តែ​ព្យាយាម​ដោះស្រាយ​វា​ឱ្យ​បាន​ជោគជ័យ​ផង​ដែរ​» ។

គន្លឹះ​ទី​២ ៖ ចំណេះ​ជំនាញ ។ លោកស្រី​បាន​បន្ត​ថា «​យើង​ត្រូវ​មាន​ជំនាញ ឬ​ការ​យល់​ដឹង​អំពី​អាជីវ កម្ម​នោះ​ផង​ដែរ ព្រោះ​ថាបើ​មាន​ជំនឿ​ចិត្ត​ហើយ​មិន​មានចំណេះ​ដឹង​ក្នុង​ការ​ធ្វើ​វា​ទេ នោះ​គឺ​ដូច​ជា​បោះ​ម្ជុល​មួយ​ទៅ​ក្នុង​បាទ​សមុទ្រ​អ៊ីចឹង ។ អ៊ី​ចឹ​វា​ពិតជា​ពិបាករ​កមក​វិញ​បាន​ណាស់​»​។

គន្លឹះ​ទី​៣ ៖ មើល​លើ​ទីផ្សារ ។ លោកស្រី​បាន​បន្ត​ថា «​ត្រូវ​គិត​មើល​ទីផ្សារ ដូច​ជា​ផលិតផល ការ​លក់ និង​ការ​ផលិត សួរ​ថា​តើ​ផលិតផល និង​ការ​ផលិត​របស់​យើង នឹង​តម្រូវ​ទៅ​លើ​មនុស្ស​ប្រភេទ​ណា កូន​ក្មេង មនុស្ស​វ័យ​កណ្តាល ឬ​ក៏​មនុស្ស​ចាស់​។ នេះ​ជា​កត្តា​សម្ខាន់​មួយ​ផង​ដែរ សម្រាប់​ទិស​ដៅ​ទីផ្សារ មួយ​ឱ្យ​បាន​ច្បាស់លាស់ ទើប​យើង​ផលិតផល ឬ​ការ​លក់​ផលិតផល​នេះ ត្រូវ​ទៅ​តាម​តម្រូវការ​ទីផ្សារ និង​អតិថិជន​ផង​ដែរ ព្រោះ​វា​ជា​យុទ្ធសាស្ត្រ​ធ្វើ​ឱ្យ​ទីផ្សារ​ធំ​ទូលាយ​»​។

គន្លឹះ​ទី​៤ ៖ រៀនសូត្រ​បន្ថែម​ជា​និច្ច និង​មាន​ទំនាក់ទំនង​ល្អ ។ លោកស្រី​និយាយ​ថា «​ការ​ខ្វះ​បច្ចេក ទេស ក៏​សំខាន់​ដែរ អាច​និយាយ​បាន​ថា នៅ​ពេល​ចាប់ផ្តើម​អាជីវកម្ម​ដំបូង ធម្មតា​បើ​ទោះជា​ចេះ​ច្រើន​ក៏​ដោយ ក៏​ពេល​ខ្លះ​យើង​មាន​បញ្ហា​ឬ​ឧបសគ្គ​ខ្លះ​ៗ​ដែរ តែ​សម្ខាន់​នោះ​ថា​យើង​នឹង​ពឹង ឬ​រក​អ្នក​ណា​មក​ជួយ​យើង​។

យើង​អាច​សួរ​យោបល់​ពី គ្រួសារ មិត្ត​ភ័ក្ត្រ ឬ​អ្នកមាន​ជំនាញ​ទាក់ទង​ខាង​មុខរបរ​នឹង​។ គឺ​ដូច​ជា​យើង​មាន​ជំងឺ​ចឹ​ង យើង​ត្រូវ​ព្យាបាល​ជំងឺ​មុន​ពេល​មាន​បញ្ហា​កាន់តែ​ធំ អាជីវកម្ម​ក៏​ដូច​គ្នា យើង​ត្រូវ​ដោះស្រាយ​បញ្ហា​តូច​ៗ​មុន​សិន ដើម្បី​កុំឱ្យ​វា​រីក​កាន់តែ​ធំ​»​។
ទំនាក់ទំនង​ពិតជា​សំខាន់​ណាស់​សម្រាប់​អ្នក​រកស៊ី ឬ​អ្នកមាន​អាជីវកម្ម ព្រោះ​ថាបើ​យើង​មាន​ទំនាក់ទំនង​ច្រើន​ហើយ មាន​គេ​ស្គាល់​ច្រើន និង​មានការ​រៀនសូត្រ​ពី​គ្នា​ក៏​បាន​ច្រើន​។ បើ​ទោះបី វា​ជា​ប្រភេទ​តូច​ក្តី ឬ​ធំ​ក្តី វា​តែងតែមាន​ហើយ​នូវ​ឧបសគ្គ ដូចនេះ​យើង​ឃើញ​ថា​មានកម្ម​វិធី​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​នៃ​ជំនួប​អ្នកមាន​អាជីវកម្ម​នានា ដែល​បង្រៀន​ពី​ទ្រឹស្តី និង​យល់​ដឹង​អំពី​អ្នក​ទទួល​បាន​ជោគជ័យ​។ មិនមែន​ថា​យើង​ជោគជ័យ​ហើយ ត្រូវ​ប្រលែង​ដៃ​ទេ ព្រោះ​ពិភពលោក​មានការ​ប្រែរ​ប្រួល និង​ផ្លាស់​ប្តូរ​ជា​រៀងរាល់ថ្ងៃ ដូចនេះ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា គឺ​សំខាន់​សម្រាប់​សហគ្រិន​ទាំងអស់​។

លោកស្រី​បាន​បន្ថែម​ថា អាជីវកម្ម​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មានឱកាស​ច្រើន ទទួល​បាន​ជោគជ័យ ប្រសិនបើ​យើង​ខិតខំ​រៀនសូត្រ​ដោយ​ការ​អាន​សៀវភៅ​ច្រើន ការ​ចូលរួម​តាម​សិក្ខាសាលា​នានា ឬ​ក៏​ចូល​ជា​សមាជិកសមាគម​ន៍ ទាំងនេះ​អ្នក​កំពុង​មាន​អាជីវកម្ម​ក្នុង​ដៃ គឺ​កាន់តែ​ពង្រឹងសមត្ថភាព​បន្ថែម​ទៀត​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ