ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​អាជីវកម្ម​សណ្ឋាគារ និង​បូ​ទិ​កមួយ​ចំនួន​ប្រកាស​លក់ ខណៈ​ផល​ប៉ះពាល់​នៅ​តែ​បន្ត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​សណ្ឋាគារ​ផ្ទះសំណាក់ និង​បូ​ទិ​ក​ពី​មេរោគ​រាតត្បាត កូ​វី​ដ​១៩ នៅ​តែ​បន្ត ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​បាន​សម្រេច​ប្រកាស​លក់​អាជីវកម្ម​របស់​ខ្លួន​ជា​បន្តបន្ទាប់ ជា​ពិសេស​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង គឺ​ទឹកដី​ខេត្តសៀមរាប​តែ​ម្តង​ដែល​ការ​ដាក់​លក់​មាន​ចំនួន​ច្រើន ជាង​ខេត្ត​-​ក្រុង​ផ្សេង​ៗ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ផល​ប៉ះពាល់​ទៅ​លើ​វិស័យ​សណ្ឋាគារ​ផ្ទះសំណាក់ និង​បូ​ទិ​ក​ពី​មេរោគ​រាតត្បាត កូ​វី​ដ​១៩ នៅ​តែ​បន្ត ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​បាន​សម្រេច​ប្រកាស​លក់​អាជីវកម្ម​របស់​ខ្លួន​ជា​បន្តបន្ទាប់ ជា​ពិសេស​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង គឺ​ទឹកដី​ខេត្តសៀមរាប​តែ​ម្តង​ដែល​ការ​ដាក់​លក់​មាន​ចំនួន​ច្រើន ជាង​ខេត្ត​-​ក្រុង​ផ្សេង​ៗ ។

បើ​យោង​តាម​លោកស្រី​ក្លេ​ខៃ ចិន ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បានអោយ​ដឹង​ថា ជា​ការ​ពិត​ណាស់ ម្ចាស់​សណ្ឋាគារ​និង​បូ​ទិ​ក​ជា​ច្រើន​បាន​ប្រកាស​លក់​អាជីវកម្ម​ទាំងស្រុង ព្រោះតែ​ខ្វះ​ទុន​ក្នុង​ការ​បន្ត​ដំណើរការ​អាជីវកម្ម​នេះ ។ លោកស្រី​បាន​និយាយ​ថា «​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ និង​បូ​ទិ​ក​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លះ​ដូច​ជា​នៅ​សៀមរាប បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក ដាក់​លក់​សណ្ឋាគារ បូ​ទិ​ក​របស់​ខ្លួន​ព្រោះ​មិន​អាច ឬ​មិន​ចង់​រង់ចាំ​កូ​វី​ដ​១៩​ស្ងប់ស្ងាត់ ដោយសារ​តែ​មិនដឹង​ពេល​ណា​ទើប​វា​ត្រលប់​មក​សភាព​ធម្មតា​វិញ បើ​ទោះបីជា​ពេល​នេះ​សកម្មភាព​ទេសចរ​ក្នុងស្រុក​បាន​ងើបឡើង​វិញ​បន្តិច​ក្ដី » ។

លោកស្រី​បាន​បន្ត​ថា ក្រៅពី​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ និង​បូ​ទិ​ក​ដែល​បាន​ប្រកាស​លក់​នោះ គេ​ឃើញ​ថា​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​សៀម​ក៏​បាន​បិទទ្វារ និង​ត្រៀម​លក់​ទីតាំង​ទាំងនោះ​ដែរ ដោយសារ​តែ​ពួក​គេ​មិន​មាន​ចំណូល​ទាល់តែ​សោះ ក្នុងអំឡុងពេល​មេរោគ​រាតត្បាត​ឆ្លង​មក​ដល់​កម្ពុជា ។

ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ដែល​មាន​ទុន​ក៏​បាន​ផ្លាស់​ប្តូរ​ពី​ផ្ទះសំណាក់ សណ្ឋាគារ​បូ​ទិ​ក​ទៅ​ជា​អាជីវកម្ម​ផ្សេង​បម្រើ​ក្នុង​មូលដ្ឋាន​និង​ភ្ញៀវ​ក្នុងស្រុក​វិញ តែ​សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​មិន​មាន​ទុន​ក៏​លក់​បន្ត​ទៅ​អ្នក​ផ្សេង ។

ជាក់ស្តែង​ការ​ប្រកាស​លក់​សណ្ឋាគារ និង​បូ​ទិ​ក គឺ​មាន​តម្លៃ​ជិត​មួយ​លាន​ដុល្លារ ដល់​រាប់រយ​លាន​ដុល្លារ​ទៅ​តាម​ទំហំ​និង​កម្រិត​ផ្គា​យ​របស់​សណ្ឋាគារ និង​បូ​ទិ​ក នីមួយ​ៗ ។

លោក​តុ​ប សុ​ភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែង​ថា ទីតាំង​សណ្ឋាគារ​និង​ផ្ទះសំណាក់​នៅ​តំបន់​ខ្លះ​ហាក់​ទទួល​បាន​កំណើន​ឡើង​វិញ ខណៈ​ទីតាំង​ខ្លះ​នៅ​តែ​រង​ឥទ្ធិពល​ពី​កូ​វី​១៩ ។ ទីតាំង​អាជីវកម្ម​ដែល​បាន​ប្រសើរ​ឡើង​វិញ​ខ្លះ​ៗ​នោះ ដូច​ជា​នៅ​ភ្នំពេញ ព្រះ​សីហ​នុ មណ្ឌល​គី​រី​ជាដើម ក៏​ប៉ុន្តែ​ទីតាំង​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដដែល​នោះ គឺ​ខេត្តសៀមរាប​ដោយ​ផ្ទះសំណាក់​និង​សណ្ឋាគារ​ជា​ច្រើន​ទៀត​នៅ​បន្ត​បិទទ្វារ និង​ផ្អាក​អាជីវកម្ម ។

លោក​បាន​បន្ត​ថា​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ ដែល​ជួល​ទីតាំង​របស់​គេ​ដើម្បី​ធ្វើ​អាជីវកម្ម​ក៏​បាន​ប្រកាស​លក់​ក្នុង​តម្លៃ​ណាមួយ​ទៅ​អ្នក​ផ្សេង​តែ​សម្រាប់​ផ្ទះសំណាក់​និង​សណ្ឋាគារ​ជា​ម្ចាស់​ទីតាំង​ផង​នោះ​ក៏​បន្ត​អាជីវកម្ម ឬ​ក៏​កែប្រែ​អាជីវកម្ម​ខ្លះ​ដើម្បី​រក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ទៅ​បុគ្គលិក​របស់​ខ្លួន ។ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​កាលពី​ពេល​ថ្មី​នេះ​ថា​អាជីវកម្ម​ទេសចរណ៍​ជិត​៣ ពាន់​ទីតាំង​បាន​បិទ បណ្ដោះអាសន្ន​ដោយសារ​កូ​វី​ដ​១៩​និង​ធ្វើ​អោយ​បាត់បង់​ឱកាស​ការងារ​ជាង​៤៥​ពាន់​នាក់ ។

យ៉ាងណា​ក៏​ដោយ ក្នុង​រយៈពេល​៣​ស​ប្ដា​ហ៍​នៃ​ខែមិថុនា ក៏​មាន​ភ្ញៀវ​ក្នុងស្រុក​ប្រមាណ​៤៥​ម៉ឺន​នាក់​បាន​ចេញ​ដើរ​កម្សាន្ត ដែល​សកម្មភាព​នេះ​ក៏​អាច​ស្រោចស្រង់​វិស័យ​ទេសចរណ៍​បាន​ខ្លះ​ដូច​ជា​ផ្ទះសំណាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ក៏​ដូច​ជា​សេវាកម្ម​ទេសចរណ៍​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ