រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈដែលស្ត្រីរងគ្រោះជិះម៉ូតូ១គ្រឿងចេញពីផ្ទះទៅធ្វើការដោយពាក់មួកសុវត្ថិភាពត្រឹមត្រូវ លុះពេលទៅដល់ចំណុចស្តុបមួយកន្លែងចំពេលភ្លើងស្តុបលោតពណ៌ក្រហម ជនរងគ្រោះក៏បានឈប់ស្ងៀមដើម្បីរង់ចាំភ្លើងស្តុបលោតពណ៌ខៀវ នឹងបន្តដំណើរទៅមុខទៀត ប៉ុន្តែជាអកុសល ស្រាប់តែមានរថយន្តដឹកទំនិញ១គ្រឿងមកដល់បានបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្ត្រីរងគ្រោះបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលា៥និង៣០នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវលេខ២១៧ ត្រង់ចំណុចភ្លើងស្ដុបផ្សារថ្នល់បត់ ស្ថិតនៅក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះ ម៉ែន ចន្ធូ អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅក្នុងភូមិបូរីកម្មករ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុន C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-3064 ។ ចំណែករថយន្តបង្កម៉ាកហុីយ៉ាដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4273 បេីកបរដោយបុរសម្នាក់ឈ្មោះ ស៊ុន សុង អាយុ៣៧ឆ្នាំ មុខរបរបេីកបររថយន្ត មានទីលំនៅក្នុងភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង ត្រូវនគរបាលឃាត់ខ្លួន។
តាមប្រភពពីនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តនិងម៉ូតូបេីកបរធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជេីង លុះពេលទៅដល់ត្រង់ចំណុចកេីតហេតុខាងលើ ដោយសារតែចំពេលភ្លើងស្តុបលោតពណ៌ក្រហម ស្ត្រីរងគ្រោះបានឈប់ម៉ូតូរង់ចាំភ្លេីងស្ដុបលោតពណ៌ខៀវដើម្បីបន្តដំណើរទៅមុខទៀត។ ចំណែករថយន្តវិញ ទោះបីជាឃើញភ្លើងស្តុបលោតពណ៌ក្រហមក្ដី ក៏មិនបានបន្ថយល្បឿនឬឈប់ឡើយ ហើយក៏ជ្រុលទៅបុកពីក្រោយម៉ូតូស្ត្រីរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដង។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កត្រូវបានកម្លាំងនគរបាលខណ្ឌង្កោឃាត់ខ្លួនបាននាំយកទៅសាកសួរ ហើយអ្នកបើកបររថយន្តខាងលើប្រាប់ថា រថយន្តជាន់ហ្វ្រាំងអត់សុី ទើបបានជាជ្រុលទៅបុកម៉ូតូជនរងគ្រោះរហូតដល់បាត់បង់ជីវិតបែបនេះ ។
បន្ទាប់មកនគរបាលខណ្ឌដង្កោបានរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូ ព្រមទាំងអ្នកបើកបររថយន្តទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់ ចំណែកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ