ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​វប្បធម៌​តម្រូវ​ឲ្យ​អ្នក​ផលិត​បទ​ចម្រៀង «​អ្នក​ខេត្តព្រៃវែង​អាក្រក់​ត្រង់​ណា​» សូមទោស​ជា​សាធារណៈ ​និង​លុប​ការ​ផ្សាយ​កន្លង​មក​ឲ្យ​អស់

3 ឆ្នាំ មុន
  • ព្រៃវែង

ម្ចាស់​ផលិតកម្ម មរតក មេ​ឌៀ ដែល​ផលិត​បទ​ចម្រៀង «​អ្នក​ខេត្តព្រៃវែង​អាក្រក់​ត្រង់​ណា​» នឹង​ចូល​បំភ្លឺ​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែកក្កដា​នេះ​។ ក្រសួង​នឹង​តម្រូវ​ឲ្យ​ម្ចាស់​ផលិតកម្ម​នេះ​សូមទោស​ជា​សាធារណៈ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ផលិត​បទ​ចម្រៀង​មួយ​គ្មាន​ច្បាប់​អនុញ្ញាត និង​បាន​បង្ក​ឲ្យ​មានការ​រើសអើង ប្រមាថ​ដល់​ប្រជាពលរដ្ឋ​។…

ម្ចាស់​ផលិតកម្ម មរតក មេ​ឌៀ ដែល​ផលិត​បទ​ចម្រៀង «​អ្នក​ខេត្តព្រៃវែង​អាក្រក់​ត្រង់​ណា​» នឹង​ចូល​បំភ្លឺ​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែកក្កដា​នេះ​។ ក្រសួង​នឹង​តម្រូវ​ឲ្យ​ម្ចាស់​ផលិតកម្ម​នេះ​សូមទោស​ជា​សាធារណៈ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ផលិត​បទ​ចម្រៀង​មួយ​គ្មាន​ច្បាប់​អនុញ្ញាត និង​បាន​បង្ក​ឲ្យ​មានការ​រើសអើង ប្រមាថ​ដល់​ប្រជាពលរដ្ឋ​។

លោក ឡុ​ង ប៉ុណ្ណា​ស៊ី​រី​វត្ថ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​បញ្ជាក់​ថា​អ្វី​ដែល ក្រសួង​ចាត់វិធានការ​ដំបូង​ដល់​ម្ចាស់​ផលិតកម្ម​នោះ គឺ​ឲ្យ​សូមទោស ជា​សាធារណៈ​ចំពោះ​កំហុស​របស់​ខ្លួន និង​ឲ្យ​ដក​ការ​ផ្សា​ព្វ​ផ្សាយ​ទាំងអស់​លើ​បណ្តាញ​សង្គម​។ «​ជំហាន​ដំបូង​យើង​ហៅ​គាត់​មក​អបរំ​នឹង​ឲ្យ​គាត់​ធ្វើ​លិខិត​និង​ក្លឹ​ប​សុំ​ទោស​ជា​សាធារណៈ ហើយ​ត្រូវ​ដក​ចេញ​ឲ្យ​អស់​រាល់​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​នេះ តាម​បណ្តាញ​សង្គម កន្លង​មក»​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​បន្ថែម​ថា ផលិតកម្ម មរតក​មេ​ឌៀ ជា​ផលិតកម្ម​មួយ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ​។ ដូច្នេះ​ក្រុមហ៊ុន​នេះ​ត្រូវធ្វើ​លិខិត​ស្មា​ម​ដើម្បី​សុំ​ច្បាប់​បើក​ផលិតកម្ម​ផង​ដែរ​។ ចម្រៀង​«​អ្នក​ខេត្តព្រៃវែង​អាក្រក់​ត្រង់​ណា​» បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជា​សាធារណៈ ជា​ពិសេស​ពលរដ្ឋ​អ្នក​ខេត្តព្រៃវែង​ថា​បាន​ម៉ាក់​ងាយ​ពួក​គាត់​។

អភិបាលខេត្ត​ព្រៃវែង លោក ជា សុម​ធី បាន​សរសរ​លិខិត​ទៅ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ថា បទ«អ្នក​ខេត្តព្រៃវែង​អាក្រក់​ត្រង់​ណា» បាន​ប្រមាថ​ដល់​ប្រជាពលរដ្ឋ ខេត្ត​ព្រៃ និង​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​និង​អយុត្តិធម៌​មក​ដល់​ប្រជាពលរដ្ឋ​ខេត្ត​នេះ​និង​បាន​បង្កើត​នូវ​ការ​រើសអើង​យ៉ាងធ្ងន់ធ្ងរ​។

លោក ជា សុ​មេធី បាន​ស្នើ​ឲ្យ​មានការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ផលិតកម្ម​មរតក​មេ​ឌៀ ដែល​បាន​ផលិត​បទ​ចម្រៀង​នេះ ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ញុះញង់ បង្ក​ឲ្យ​មានការ​រើសអើង​និង​ប្រព្រឹត្ត​បទល្មើស​។

លោក ឡុ​ង ប៉ុណ្ណា​ស៊ី​រី​វត្ថ ថា​សមត្ថកិច្ច​នឹង​សិក្សា​ពី​ទំហំ​ប៉ះពាល់ បទ​ចម្រៀង​«​អ្នក​ខេត្តព្រៃវែង​អាក្រក់​ត្រង់​ណា​»​នេះ​ទៀត ក្រោយ​ពី​ឲ្យ​ម្ចាស់​ផលិតកម្ម​សូមទោស​ជា​សាធារណៈ​ហើយ​នោះ​។ លោក​បញ្ជាក់​ថា ទោសទណ្ឌ​អ្វី​ផ្សេង​ទៀត​នោះ​គឺ​អាស្រ័យ​លើ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​តែ​ពេល​នេះ​ក្រសួង​ចាត់វិធានការ​បី​ចំនុច​សិន​គឺ ឲ្យ​សូមទោស​ធារ​ណៈ ដក​ចេញ​ការ​ផ្សាយ​កន្លង​មក និង​សុំ​ច្បាប់​បើក​ផលិតកម្ម​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ