ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ទទួល​បាន​ជោគជ័យ និង​មាន​មហិច្ឆតា​ពង្រីក​ស្រែ​បង្កង​យក​សាច់​លើ​ផ្ទៃដី​១០​ហិ​កតា​ទៀត

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​អូស្ត្រាលី ឬ​ហៅ​ថា បង្កង​ដង្កៀប​ក្រហម​ឈ្មោះ «​ភារ​ម្យ​សត្យា​» មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ទ្រា ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​អះអាង​ថា…

ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​អូស្ត្រាលី ឬ​ហៅ​ថា បង្កង​ដង្កៀប​ក្រហម​ឈ្មោះ «​ភារ​ម្យ​សត្យា​» មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ទ្រា ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​អះអាង​ថា រយៈពេល​បទ​ពិសោធន៍​នៃ​ការ​ចិញ្ចឹម​បង្កង​៣​ឆ្នាំ គាត់​ទទួល​បាន​ជោគជ័យ គួរ​ជាទី​គាប់ចិត្ត ។

យ៉ាងនេះ​ក្តី ទម្រាំ​ឈាន​ដល់​បាន​ផ្លែផ្កា​បាន​ប៉ុណ្ណេះ គាត់​ក៏​ធ្លាប់​ទទួល​ការ​បរាជ័យ​ខ្លះ​ដែរ គឺ​កាលពី​ចាប់ផ្ដើម​១​ឆ្នាំ​ដំបូង ។ បច្ចុប្បន្ន​អ្វី​ដែល​ជា​មហិច្ឆតា​ជាង​នេះ​ទៅ​ទៀត​នោះ​គាត់​កំពុង​បង្កើត​ស្រែ​បង្កង​ឲ្យ​បាន​លើ​ផ្ទៃដី​ចំនួន​១០ ហិ​កតា នៅ​ភូមិ​ស្ដុក​កប្បាស ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ គឺជា​ទីតាំង​ចិញ្ចឹម​បង្កង​យក​សាច់ ។

លោក ហង្ស ភារ​ម្យ អាយុ ៣៥​ឆ្នាំ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ខាងលើ​បានឱ្យ​ដឹង​ថា គាត់​ចាប់ផ្ដើម​បើក​កសិដ្ឋាន​ចិញ្ចឹម​បង្កង​នៅ​ទី​នេះ​ពី​ដំបូង​ឡើង គាត់​ចិញ្ចឹម​កូន​បង្កង​ត្រឹម​១​ពាន់​ក្បាល ប៉ុណ្ណោះ ។ ដោយ​ដាក់​ចិ​ញ្ជឹ​ម​ក្នុង​អាង​ចិញ្ចឹម​សិប្បនិមិត្ត​ចំនួន​២ ។ ក្រោយមក​ដោយ​ការ​ចិញ្ចឹម​បាន​ជោគជ័យ​ខ្លះ​បរាជ័យ​ខ្លះ ។ ប៉ុន្តែ​លោក​អាច​ពង្រីក​កសិដ្ឋាន​របស់​លោក​ជា​បន្តបន្ទាប់ ។

ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​ក្រោយមក​ក៏​បាន​ទទួល​ជោគជ័យ​ស្ទើរ​ទាំងស្រុង ដោយសារ​តែ​លោក​ចេះ​ថែទាំ និង​ស្គាល់​ច្បាស់​ពី​ជីវិត​បង្កង​អូស្ត្រាលី ឬ​បង្កង​ដង្កៀប​ក្រហម និង​ចេះ​ធ្វើការ​បង្កាត់​ពូជ បន្ត​កូន​របស់​វា ។ ចំពោះ​ទីតាំង​ដែល​គាត់​ចាប់ផ្ដើម​ចិញ្ចឹម​នៅ​ទី​នេះ​ពី​ដំបូង​ឡើង គឺ​គិត​ថា ចិ​ញ្ជឹ​ម​ដើម្បី​បង្កាត់​ពូជ និង​យក​សាច់ ។ ប៉ុន្តែ​បច្ចុប្បន្ន ដោយសារ​លោក​បាន​ពង្រីក​ធ្វើ​ជា​កន្លែង​បង្កាត់​ពូជ​ភ្ញាស់​កូន​អស់​ទៅ​ធ្វើ​ឱ្យ​ទីតាំង​នេះ​ចង្អៀត ម្លោះ​ហើយ​លោក​សម្រេច​មិន​ដាក់​ចិញ្ចឹម​បង្កង​យក​សាច់​នោះ​ទេ គឺ​ទុក​ធ្វើ​តែ​កន្លែង​បង្កាត់​ពូជ​ទាំងអស់ ដោយ​បាន​ជីក​ស្រះ​ចំនួន​០៧​កន្លែង និង​ធ្វើ​កន្លែង​សម្រាប់​មេ​ភ្ញាស់​កូន​១​កន្លែង លើ​ផ្ទៃដី​ជាង​១​ហិ​កតា ។

ចំណែក​ទីតាំង​ចិញ្ចឹម​បង្កង​យក​សាច់ គឺ​លោក​បាន​រៀបចំ​ស្រែ​បង្កង ១​កន្លែង​ផ្សេង​ទៀត ដែល​មាន​ផ្ទៃដី​១០​ហិ​កតា នៅ​ភូមិ​ស្ដុក​កប្បាស ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ ដែល​មក​ដល់​ពេល​នេះ​លោក​ទើបតែ​ធ្វើ​បាន ២​ហិ​កតា ដោយ​បាន​ដាក់​កូន​ប្រមាណ​ជាង​២​ម៉ឺន​ក្បាល​រួច​ទៅ​ហើយ ។ ជា​ទិស​ដៅ​បន្ត​លោក​នឹង​ដាក់​កូន​បង្កង​ឱ្យ​បាន​ពី​១៥​ទៅ​៣០​ម៉ឺន​កូន ។

ដោយនៅ​ស្រែ​បង្កង​នោះ គឺ​ធ្វើការ​ដាំ​ស្រូវ​ផង និង​ចិញ្ចឹម​បង្កង​ផង​ក្នុង​រយៈពេល​៦ ខែ គឺ​ប្រមូល​ទាំង​ផល​ស្រូវ និង​ប្រមូល​ទាំង​ផល​បង្កង​ព្រម​គ្នា​តែ​ម្តង ។

សព្វ​ថ្ងៃនេះ លោក​លក់​បង្កង​សាច់ ក្នុង​១​គីឡូ​ថ្លៃ​៣០​ដុល្លារ ប៉ុន្តែ​លក់​បាន​ខ្លះ​ៗ​ប៉ុណ្ណោះ ។ បើ​សម្រាប់​កូន​បង្កង​វិញ​គាត់​លក់​បាន​ពី​១​ទៅ​២​ម៉ឺន​ក្បាល​ក្នុង​ខែ​ដែល​មាន​តម្លៃ​ពី​១៥០០​ទៅ​២០០០​រៀល ក្នុង​១​ក្បាល ។ ដោយឡែក​សម្រាប់​មេបា​បង្កង​ក្នុង​១​គូ គាត់​លក់​ពី​៣​ទៅ​៤​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ