ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញ​មាន​លទ្ធផល​ច្បាស់លាស់​ពី​កិច្ចប្រជុំ​កែប្រែ​ច្បាប់​សមាគម

3 ឆ្នាំ មុន
  • ភ្នំពេញ

អង្គការ​ក្រសួងមហាផ្ទៃ និង​អង្គការ​សង្គម​ស៊ី​វិល​បាន​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​៦ ក្នុង​ការ​ពិចារណា​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា​នេះ ។ សេចក្តី​ប្រកាស​ព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ឲ្យ​ដឹង​ថា ក្រុមការងារ​សង្គម​ស៊ី​វិល និង​តំណាង​ក្រសួងមហាផ្ទៃ​បាន​ពិភាក្សា…

អង្គការ​ក្រសួងមហាផ្ទៃ និង​អង្គការ​សង្គម​ស៊ី​វិល​បាន​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​៦ ក្នុង​ការ​ពិចារណា​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា​នេះ ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ឲ្យ​ដឹង​ថា ក្រុមការងារ​សង្គម​ស៊ី​វិល និង​តំណាង​ក្រសួងមហាផ្ទៃ​បាន​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើ​មាត្រា​ចំនួន​១៧ នៃ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះ​មាន​មាត្រា ១ ,​មាត្រា​៣ ,​មាត្រា​៤ ,​មាត្រា​៧ ,​មាត្រា​៨, មាត្រា​៩ ,​មាត្រា​១០ ,​មាត្រា​១១ ,​មាត្រា​២០ ,​មាត្រា​២៤ ,​មាត្រា​២៥ ,​មាត្រា​២៦ ,​មាត្រា​២៧ ,​មាត្រា​៣០ ,​មាត្រា​៣១ ,​មាត្រា​៣២ និង​មាត្រា​៣៥ ។

សេចក្តី​ប្រកាស​ព័ត៌មាន​មិន​បាន​បង្ហាញ​ពី​លទ្ធផល​លម្អិត​ថា បាន​ឯកភាព​ចំនុច​អ្វីខ្លះ​នោះ​ទេ ។ តាម​មាត្រា​ដែល​បាន​ពិភាក្សា​គ្នា គេ​គ្រាន់តែ​ដឹង​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​ចំនុច​សំខាន់​ដូច​ជា នីតិវិធី​នៃ​ចុះបញ្ជី​សមាគម​អង្គការ​ថ្មី​ការ​ធ្វើ​របាយការណ៍​ពី​គណនី​ហិរញ្ញវត្ថុ និង​សកម្មភាព​ប្រចាំឆ្នាំ​របស់​សង្គម​ស៊ី​វិល ដែល​ត្រូវ​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ការ​បង់ពន្ធ​ដា ជាដើម ។

ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​៩​ជំពូក និង​៣៩​មាត្រា ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៥ ។ សង្គម​ស៊ី​វិល​ជា​ច្រើន​មិន​សប្បាយ​ជាមួយ​ច្បាប់​នេះ​ទេ ដោយ​ពួក​គេ​យល់​ថា ច្បាប់​នេះ​បាន​ធ្វើ​ឲ្យ​សកម្មភាព​សង្គម​ស៊ី​វិល​រួម​តូច រឹត​ត្បឹ​ត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ។

សមាគម និង​អង្គការ​ប្រមាណ​៥០០​បាន​ស្នើ​រាជរដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ។ តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​មក ក្រសួងមហាផ្ទៃ និង​សង្គម​ស៊ី​វិល​បាន​ជួប​ពិភាក្សា​គ្នា​៦​លើក​ហើយ លើក​ទី​៦​នេះ ជា​លើក​ចុង​ក្រោយ​នៃ​ការ​ជួប​ពិភាក្សារ​គ្នា​រវាង​ក្រសួងមហាផ្ទៃ និង​សង្គម​ស៊ី​វិល ។ តែ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា «​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួងមហាផ្ទៃ​ក៏​បាន​ប្ដេជ្ញា​ថា នឹង​រៀបចំ​នូវ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​បន្ដ​ទៀត ជាមួយ​តំណាង អង្គការ​សង្គម​ស៊ី​វិល ក្នុង​គោលបំណង​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ី​វិល ដើម្បី​ពង្រឹងពង្រីក​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​» ។

កិច្ចប្រជុំ​លើក​ទី​៦​នេះ គេ​ឃើញ​សមាសភាព​ចូលរួម​របស់​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​លោក ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល ចំណែក​ខាង​សង្គម​ស៊ី​វិល​មាន​លោក យ៉ង់ គឹ​ម​អេ​ង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​លោក សុខ សំ​អឿ​ន ជា​មេធាវី ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ