ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ថប់ដង្ហើម​ក្នុងផ្ទះ​រត់​ចេញ​មិន​រួច ទោះ​ចង់​ជួយ​ក៏​ជួយ​មិន​បាន​ក្នុង​គ្រោះ​អគ្គិ​ភ័យ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​ម្នាក់​បាន​បាត់បង់​ជីវិត​គួរ​ឱ្យ​សង្វេគ បន្ទាប់​ពី​នាង​ត្រូវ​ថប់ដង្ហើម​នៅ​ក្នុង​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង ចំណែក​អ្នក​ជិតខាង​ចង់​ជួយ​ដែរ តែ​មិន​អាច​ចូល​បាន​ព្រោះតែ​អំណាច​ភ្លើង​ខ្លាំង​ពេក លុះ​រលត់​ទៅ​វិញ ទើប​ក្រុម​គ្រួសារ​រត់​ចូល​ទៅ ប៉ុន្តែ​អ្វី​ៗ​បាន​ហួសពេល​ហើយ…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​ម្នាក់​បាន​បាត់បង់​ជីវិត​គួរ​ឱ្យ​សង្វេគ បន្ទាប់​ពី​នាង​ត្រូវ​ថប់ដង្ហើម​នៅ​ក្នុង​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង ចំណែក​អ្នក​ជិតខាង​ចង់​ជួយ​ដែរ តែ​មិន​អាច​ចូល​បាន​ព្រោះតែ​អំណាច​ភ្លើង​ខ្លាំង​ពេក លុះ​រលត់​ទៅ​វិញ ទើប​ក្រុម​គ្រួសារ​រត់​ចូល​ទៅ ប៉ុន្តែ​អ្វី​ៗ​បាន​ហួសពេល​ហើយ ចុង​ក្រោយ​សាច់ញាតិ​បាន​ត្រឹមតែ​សោកស្តាយ​មិន​គួរ​ណា​ដែល​នាង​ត្រូវ​មក​ជួប​គ្រោះ​អកុសល​ទាំង​វ័យក្មេង​បែប​នេះ​សោះ​។

សេចក្តីរាយការណ៍​វ​ប​ហតថា ពេល​កើតហេតុ សមត្ថកិច្ច​បាន​អន្តរាគមន៍​បញ្ជា​ទឹក​ពន្លត់​កុំឱ្យ​ឆ្លង​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ចំណែក​សព​នារី​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២​និង​៥៥​នាទី​រសៀល នា​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ភូមិ​ភ្នំ​ដី សង្កាត់​ច្បារមន ក្រុង​ច្បារមន ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា អគ្គិភ័យ​ខាងលើ​នេះ បាន​ឆាបឆេះ​ផ្ទះ​មួយ​ល្វែង មាន​ទំហំ​5mx10 ធ្វើ​អំពី​ថ្ម​ប្លង់​សេ មាន​ឡៅតឿ ដែល​មាន​ម្ចាស់​ឈ្មោះ ញ៉ែ​ម លី​ម ភេទ​ប្រុស អាយុ​51​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែកឯ​នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ យុន សុគន្ធ​កញ្ញា (​ហៅ​ស្រី​នាង​) អាយុ​18​ឆ្នាំ ហើយ​ជន​រង​គ្រោះ​ក្រោយ​ពេល​ពិនិត្យ គឺ​នាង​បាន​បាត់ប​ង់​ជីវិត​ដោយសារ​តែ​ថប់ដង្ហើម រីឯ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​គឺ​រង​ការ​ខូចខាត​ទាំងស្រុង​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ក្នុង​កិច្ច​អន្តរាគមន៍​នេះ​ដែរ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​៥​គ្រឿង កម្លាំង​សមត្ថកិច្ច​ក្រុង​ច្បារមន​ចំនួន​20​នាក់ កម្លាំង​ខេត្ត​18​នាក់ កម្លាំង​ខេមរភូមិន្ទ​20​នាក់ អាវុធហត្ថ​ក្រុង​ចំនួន​6​នាក់ សរុប​ទាំងអស់​បាន​ប្រើប្រាស់​កម្លាំង​ចំនួន​64​នាក់​។

តាម​ការ​បំភ្លឺ​របស់​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឱ្យ​ថា មុន​កើតហេតុ នារី​រង​គ្រោះ​នៅ​ក្នុងផ្ទះ​ខាងលើ​ជាន់​ឡៅតឿ ពេល​នោះ​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ មាន​ទាំង​ផ្សែងហុយ​ទ្រលោម​តែ​ម្តង ចំណែកឯ​អ្នក​ខាងក្រៅ​ចង់​ចូល​ទៅ​ជួយ​នាង​ដែរ ប៉ុន្តែ​ដោយសារ​តែ​អំណាច​ភ្លើង​ខ្លាំង​ពេក គ្មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ជួយ​នាង​នោះ​ទេ​។ ក្រោយ​ពេល​ភ្លើង​រលត់​ទៅ​វិញ ទើប​ក្រុម​គ្រួសារ​រត់​ទៅ​មើល​លើ​ជាន់​ឡៅតឿ ប៉ុន្តែ​ជា​អកុសល​ពេល​ឡើង​ដល់ ក៏​ឃើញ​នាង​បាន​បាត់បង់​ជីវិត​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

បើ​តាម​មន្ត្រី​សាលាក្រុង​ច្បារមន​មួយ​រូប​បាន​សម្ដែង​នូវ​ការ​សោកស្តាយ និង​ចូលរួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព ដែល​មិន​គួរ​ណា​ហេតុការណ៍​នេះ​បាន​ឆក់​យកអាយុ​ជីវិត​ក្មេង​ស្រី​រង​គ្រោះ​សោះឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ